ដោយ វុត្ថា
ភ្នំពេញ៖ ទំហំពាណិជ្ជកម្មរវាងប្រទេសកូរ៉េខាងត្បូង និងអាស៊ាននឹងកើនឡើងដល់ទំហំ១៦០ពាន់លានដុល្លារអាម៉េរិកនៅក្នុងឆ្នាំ២០១៨នេះ ខណៈដែលរដ្ឋាភិបាលនៃប្រទេសកូរ៉េ កំពុងស្វះស្វែងបង្កើនទំនាក់ទំនងពាណិជ្ជកម្ម ជាមួយបណ្តាទេសដែលជាសមាជិកទាំង១០នៅក្នុងតំបន់នេះបន្ថែមទៀត។
លោក Kim Yong-beom អនុប្រធានគណៈកម្មការសេវាកម្មហិរញ្ញវត្ថុ (FSC) របស់កូរ៉េខាងត្បូង បានបង្ហាញតួលេខនេះ នៅនៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំមួយជាមួយឯកអគ្គរដ្ឋទូតមកពីបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ និងប្រទេសឥណ្ឌាកាលពីពេលថ្មីនេះ។
-->
លោកបន្តថា “នៅក្នុងរយៈពេល១០ខែដំបូងនៃឆ្នាំ២០១៨នេះ ទំហំពាណិជ្ជកម្មទ្វេរភាគីរវាងប្រទេសកូរ៉េខាងត្បូង និងអាស៊ាន បានកើនឡើងដល់១៣២,១ ពាន់លានដុល្លារអាម៉េរិក ពោលគឺកើនឡើងបាន៧,៦ភាគរយក្នុងសន្ទស្សន៍ប្រចាំឆ្នាំ”។
លោក Kim Yong Beom បានបន្តថា បណ្តាក្រុមហ៊ុនហិរញ្ញវត្ថុរបស់កូរ៉េខាងត្បូងនឹងបន្តពង្រីកប្រតិបត្តិការរបស់ខ្លួន នៅក្នុងបណ្តាប្រទេសសមាជិកអាស៊ានបន្តទៀតដោយបច្ចុប្បន្ន សាខារបស់ក្រុមហ៊ុនហិរញ្ញវត្ថុរបស់កូរ៉េខាងត្បូងបានបើកការិយាល័យនៅក្នុងបណ្តាប្រទេសក្នុងតំបន់អាស៊ាន និងឥណ្ឌា មានចំនួន១៦២សាខា។
លោកបន្ថែមថា “លំហូរភ្ញៀវទេសចររវាងភាគីទាំងពីរ ត្រូវបានគេព្យាករណ៍ថា នឹងកើនឡើងច្រើនជាង១០លាននាក់នៅក្នុងឆ្នាំនេះ”។
ប្រទេសកូរ៉េខាងត្បូងបាន និងកំពុងស្វែងរកការបង្កើនទំនាក់ទំនងសេដ្ឋកិច្ចឱ្យកាន់តែរឹងមាំ ជាមួយអាស៊ានក្រោមគោលនយោបាយថ្មី របស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in ដើម្បីកាត់បន្ថយការពឹងផ្អែកខ្លាំងទៅលើប្រទេសចិន។ គោលដៅនៃការបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី នឹងកើនដល់២០០ពាន់លានដុល្លារអាម៉េរិក នៅក្នុងឆ្នាំ ២០២០។
បណ្តាប្រទេសជាសមាជិកអាស៊ាន រួមមាន ប្រទេសប្រ៊ុយណេ កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម បច្ចុប្បន្នជាអ្នកនាំចូលផលិតផលនាំមុខគេទីពីររបស់ពិភពលោក គឺស្ថិតនៅពីក្រោយប្រទេសចិន៕