ប្រធានាធិបតីឥណ្ឌូនេស៊ីកំពុងតាមចែចូវក្រុមហ៊ុន Tesla ឱ្យមកផលិតរថយន្តអគ្គិសនីនៅប្រទេសខ្លួន

0

ដោយ៖ សុខុម

ហ្សាការតា: ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo បានជំរុញឱ្យក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ល្បីល្បាញ Tesla មកផលិតរថយន្ត និងអាគុយរបស់ខ្លួននៅក្នុងប្រទេសឥណ្ឌូនេស៊ី។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយនៅថ្ងៃសុក្រ ទី១៩ ខែសីហា នេះ។

ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានដ៏ល្បីល្បាញ Bloomberg News កាលពីថ្ងៃព្រហស្បតិ៍ ទី១៨ ខែសីហា លោក Joko Widodo បានបង្ហើបឱ្យដឹងថា ប្រទេសឥណ្ឌូនេស៊ីចង់ បាន “ប្រព័ន្ធអេកូឡូស៊ីយ៉ាងធំនៃរថយន្តអគ្គិសនី” ជាជាងគ្រាន់តែទាញយកធនធានធម្មជាតិរបស់ខ្លួនដើម្បីផលិតអាគុយ។

លោកក៏បានលើកឡើងដែរថា ប្រទេសឥណ្ឌូនេស៊ី កំពុងពិចារណាកំណត់ពន្ធលើការនាំចេញរ៉ែនីកែល (Nickel) នៅឆ្នាំនេះដើម្បីបង្កើនប្រាក់ចំណូលរបស់រដ្ឋ។ ក្រុមមន្ត្រីឥណ្ឌូនេស៊ី បាននិយាយថា ការកំណត់ពន្ធនេះអាចនឹងធ្វើឡើងនៅក្នុងត្រីមាសទី៣ ឆ្នាំនេះ។

ប្រធានាធិបតីដ៏មានប្រជាប្រិយភាពរូបនេះ និងក្រុមមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ កាលពីដើមឆ្នាំនេះ បានជួបជាមួយលោក Elon Musk ដែលជាស្ថាបនិកក្រុមហ៊ុន Tesla ហើយពេលនោះពួកលោកបានស្នើសុំឱ្យកំពូលមហាសេដ្ឋីមានទ្រព្យច្រើនជាងគេបំផុតរបស់ពិភពលោករូបនេះ ពិចារណាចាត់ទុកប្រទេសឥណ្ឌូនេស៊ី ជាមជ្ឈមណ្ឌលផលិតរថយន្តបន្ថែមពីលើការផលិតអាគុយ។

ទោះជាយ៉ាងណា ពេលភ្នាក់ងារព័ត៌មានទាក់ទងទៅ តំណាងក្រុមហ៊ុន Tesla មិនបានឆ្លើយបំភ្លឺទេជុំវិញបញ្ហានេះ។ ចំណែកឯក្រសួងវិនិយោគរបស់ឥណ្ឌូនេស៊ី ក៏មិនបានឆ្លើយតប នឹងសំណួរទាក់ទងនឹងវឌ្ឍនភាពលើកិច្ចព្រមព្រៀង ដែលអាចកើតមានឡើងជាមួយក្រុមហ៊ុន Tesla នោះដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here