ដោយ៖ សុផារី
សៀមរាប៖ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) និងទីភ្នាក់ងារសហប្រតិបត្តិកាអន្តរជាតិនៃប្រទេសជប៉ុន (JICA) នៅថ្ងៃទី១៩ ខែសីហានេះ បានចុះហត្ថលេខាក្នុងគម្រោងស្តីពីការស្រាវជ្រាវត្រៀមរៀបចំសាងសង់ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងសារមន្ទីរសន្តិភាពសកម្មភាពមីនរបស់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ស្ថិតនៅខេត្តសៀមរាប។
ពិធីចុះហត្ថលេខានេះធ្វើឡើងនៅទីស្នាក់ការ CMAC ក្រោមអធីបតីភាពឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ និងលោកស្រី KOMUKAI ERI ប្រធានក្រុមរៀបចំការស្រាវជ្រាវបឋមពីភ្នាក់ងារសហប្រតិបត្តិកាអន្តរជាតិនៃប្រទេសជប៉ុន (JICA)។
លោក ហេង រតនា មានប្រសាសន៍ថា គោលបំណងនៃគម្រោង គឺដើម្បីកែលម្អបរិយាកាសអប់រំ បណ្តុះបណ្តាលសម្រាប់មន្រ្តីបុគ្គលិក ដែលពាក់ព័ន្ធនឹងសកម្មភាពមីន មិនត្រឹមតែនៅក្នុងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏មានស្ថាប័នពាក់ព័ន្ធផ្សេងទៀតទាំងនៅក្នុងប្រទេសកម្ពុជា និងប្រទេស ដែលរងផលប៉ះពាល់ដោយសារមីនផ្សេងទៀតផងដែរ។
បានបន្តថា បន្ថែមពីនេះគម្រោងក៏នឹងលើកកម្ពស់ការយល់ដឹងអំពីបញ្ហាទាក់ទងនឹងគ្រាប់មីន និងការកសាងសន្តិភាព និងដើម្បីរក្សាជំនាញ និងបទពិសោធន៍ដែល CMAC បានរក្សាទុករហូតមកដល់បច្ចុប្បន្ន ដោយការសាងសង់ និងកែលម្អតួនាទីមុខងារដែលមានស្រាប់របស់វិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីន ស្ថិតនៅខេត្តកំពង់ឆ្នាំង និងសារមន្ទីរសន្តិភាពសកម្មភាពមីន ស្ថិតនៅខេត្តសៀមរាប ដើម្បីរួមចំណែកដល់ការសម្រេចឱ្យបាននូវពិភពលោកដែលគ្មានគ្រាប់មីន និងសង្គមដែលមាននិរន្តរភាព ក៏ដូចជាការកាត់បន្ថយភាពក្រីក្រ។
ចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី១៩ ខែសីហា JICA បានចាត់បញ្ជូនក្រុមស្រាវជ្រាវត្រៀមសម្រាប់ការបកស្រាយ សេចក្តីព្រាងរបាយការណ៍ត្រៀមរៀបចំសម្រាប់គម្រោងសាងសង់ ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តអគារបណ្តុះបណ្តាល នៃវិទ្យាស្ថានបច្ចេកទេសសកម្មភាពមីន និងសារមន្ទីរសន្តិភាពសកម្មភាពមីនរបស់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា។
បន្ទាប់ពីចំណាយពេលធ្វើការជាមួយភាគីពាក់ព័ន្ធ ភាគីទាំងពីរបានឈានដល់កិច្ចព្រមព្រៀងមួយចំពោះសេចក្តីព្រាងរបាយការណ៍ដោយក្រុមការងារ ហើយ JICA នឹងបញ្ចប់របាយការណ៍រៀបចំការស្រាវជ្រាវដោយផ្អែកលើធាតុដែលបានព្រមព្រៀង។ យ៉ាងណាក៏ដោយគម្រោងនេះ នឹងត្រូវចាប់ផ្តើមអនុវត្តនៅពេលខាងមុខ បន្ទាប់ពីយល់ព្រមអនុញ្ញាតពីរាជរដ្ឋាភិបាលជប៉ុន៕