ដោយៈ សុផារី
ភ្នំពេញៈ អភិបាលរងរាជធានីភ្នំពេញ លោកនួន ផារ័ត្ន បានឲ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញ នឹងចាប់ផ្តើមសាងសង់ស្ពានអាកាសថ្មីចំនួនពីរ ក្នុងពេលដ៏ខ្លីខាងមុខនេះ ដើម្បីសម្រួលការកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញ។

បើយោងតាមហ្វេសប៊ុកផ្លូវការរបស់លោក នួន ផារ័ត្ន បានឱ្យដឹងថា ស្ពានអាកាសថ្មីទី១ មានទីតាំងស្ថិតនៅចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ផ្លូវព្រះមុនីវង្ស និងវិថីកងយោធពលខេមរភូមិន្ទ (ផ្លូវលេខ២៧១) ស្ថិតក្នុងភូមិសាស្ត្រខណ្ឌមានជ័យ និងខណ្ឌចំការមន។
-->
ចំណែកស្ពានអាកាសទី២ មានទីតាំងស្ថិតនៅលើបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ប្រសព្វនឹងមហាវិថីសម្តេចចៅហ្វាវាំង (ផ្លូវ២០០៤)។
យ៉ាងណាក្តី លោកអភិបាលរងរាជធានី នៅមិនទាន់បានបញ្ជាក់ពីកាលបរិច្ឆេទ នៃការចាប់ផ្តើមការសាងសង់នៅឡើយទេ ដោយគ្រាន់តែបញ្ជាក់ថា ពិធីបើកការដ្ឋាននឹងត្រូវរៀបចំ ក្នុងពេលឆាប់ៗខាងមុខនេះ។

ដើម្បីសម្រួលការកកស្ទះចរាចរណ៍ ក្នុងរាជធានីភ្នំពេញ រហូតមកដល់ពេលនេះ រាជធានីភ្នំពេញបានសាងសង់ ស្ពានអាកាសជាច្រើនកន្លែង ដូចជា ស្ពានអាកាស៧មករា ស្ពានអាកាស៥មករា ស្ពានអាកាសក្បាលថ្នល់ ស្ពានអាកាសផ្សារដីហុយ ស្ពានអាកាសស្ទឹងមានជ័យ ជាដើម៕