កម្ពុជា ចិនឯកភាពរៀបចំអភិវឌ្ឍន៍កសិកម្មទំនើបនៅកម្ពុជាដើម្បីពង្រីកសក្តានុពលនាំចេញផលិតផលកសកម្មកម្ពុជា

0

ដោយៈ គង់ សូរិយា

ភ្នំពេញៈ ក្នុងជំនួបជាមួយលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមា​ញ់ និងនេសាទ លោកបណ្ឌិត Zhang Lubiao ប្រធានមជ្ឈមណ្ឌលសហប្រតិបត្តិការសេដ្ឋកិច្ច​ ក្រៅប្រទេសនៃក្រសួងកសិកម្ម និងកិច្ចការជនបទចិន ភាគីទាំងពីរបានឯកភាពសម្រេចលើកិច្ចការមួយចំនួន។

លទ្ធផលដែលទទួលបានពីកិច្ចប្រជុំកាលពីចុងសប្តាហ៍មុននេះ សម្រេចបានវឌ្ឈនភាពលើកិច្ចសហការមួយចំនួន រួមមាន ទី១ ឯកភាពបង្កើតក្រុមការងារជំនាញ ដើម្បីរួមគ្នារៀបចំផែនការមេអភិវឌ្ឍន៍កសិកម្មទំនើបនៅកម្ពុជា ដោយផ្តោតសំខាន់លើអង្ករ ពោត កៅស៊ូ ដំឡូងមី ចេក ផលិតកម្មសត្វ និងវារីវប្បកម្ម។ ទី២ ស្នើដល់ក្រុមការងារជំនាញបន្ថែមមុខដំណាំ មានសក្តានុពលផ្សេងទៀតដូចជា ស្វាយ ស្វាយចន្ទីក្នុងផែនការមេអភិវឌ្ឍន៍កសិកម្មទំនើបនៅកម្ពុជា។

ទី៣ ស្នើភាគីចិនពន្លឿនការបើកកិច្ចចរចា លក្ខខណ្ឌតម្រូវអនាម័យនិងភូតគាមអនាម័យ លើផលិតផលកសិកម្មកម្ពុជាដទៃទៀត ដូចជាម្រេច ទឹកមាត់ត្រចៀកកម្ម និងទុរេន។

លោកZhang Lubiao បានមានប្រសាសន៍ឲ្យដឹងថា បេសកកម្មផ្លូវការរបស់លោក និងសហការីមកនាពេលនេះ គឺដើម្បីពង្រឹង និងពង្រីកកិច្ចសហបករតិបត្តិការ លើវិស័យកសិកម្មរវាងប្រទេសទាំងពីរ ជាពិសេសជួយ គាំទ្រលើការរៀបចំ ផែនការមេអភិវឌ្ឍន៍កសិកម្មទំនើបនៅកម្ពុជា។

លោករដ្ឋមន្ត្រីវេង សាខុនបានសម្តែងក្តីសង្ឃឹម និងជឿជាក់ថា កិច្ចសហប្រតិបត្តិការនេះ នឹងអាចពង្រឹងនិងពង្រីកកាន់តែរឹងមាំ ថែមមួយកម្រិតទៀត តាមរយៈការបើកការចរចាលក្ខខ័ណ្ឌតម្រូវអនាម័យ និងភូតគាមអនាម័យ លើផលិតផលកសិកម្មកម្ពុជាដទៃទៀត ដូចជា ម្រេច ទឹកមាត់ត្រចៀកកម្ម និងទុរេននាពេលខាងមុខនេះ។

លោករដ្ឋមន្ត្រីឯកភាព ចំពោះការលើកឡើងរបស់ឯកឧត្តមបណ្ឌិតជាពិសេសលើការរៀបចំផែនការមេ និងសារៈសំខាន់នៃការអនុវត្ត តាមដាន ត្រួតពិនិត្យ និងវាយតម្លៃ។

លោកបានបន្តថា ដើម្បីឱ្យការរៀបចំផែនការមេ អភិវឌ្ឍន៍កសិកម្មទំនើបនៅកម្ពុជា ទទួលបានជោគជ័យដូចការ រំពឹងទុក លោករដ្ឋមន្ត្រីស្នើដល់ក្រុមការងារជំនាញពីក្រសួងទាំងពីរ ពិនិត្យពិចារណាលើការជំរុញការធ្វើទំនើបកម្មកសិកម្ម ការបំពេញខ្សែច្រវាក់ផលិតកម្ម កសិកម្មគ្រប់ជ្រុងជ្រោយ ដោយផ្តោតជាសំខាន់លើការផ្សាភ្ជាប់អ្នកផលិត វិស័យឯកជន និងទីផ្សារតាមរយៈការពង្រឹងការងារដាំដុះ ការកែច្នៃ និងការវេចខ្ចប់ប្រកបដោ​យគុណភាព សុវត្ថិភាព និងស្តង់ដារតាមតម្រូវការ និងតម្រូវចិត្តរបស់អ្នកបរិភោគទាំងក្នុងនិងក្រៅប្រទេស៕

LEAVE A REPLY

Please enter your comment!
Please enter your name here