ដោយៈ សុខុម
បាងកក: តម្លៃដែកទូទាំងពិភពលោក ដែលបានហក់ឡើងស្រឺតៗដោយសារសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បានចុះថោក ក្រោយពីតម្រូវការដែកក្នុងប្រទេសចិនធ្លាក់ចុះ។
តម្លៃធ្លាក់ចុះនេះ មួយផ្នែកក៏ដោយសារការនាំចូលដែកពីរុស្ស៊ី ចូលមកតំបន់អាស៊ីកើនឡើង។ នេះបើយោងតាមកាសែត Bangkok Post ចុះផ្សាយកាលពីថ្ងៃសៅរ៍ ទី២០ ខែសីហា។
លោក Nava Chantanasurakon ប្រធានក្លឹបឧស្សាហកម្មដែក និងដែកថែបថៃ នៃសហព័ន្ធឧស្សាហកម្មថៃ (FTI) បានលើកឡើងថា ការហក់ឡើងថ្លៃបានបង្អង់ល្បឿន ចាប់តាំងពីខែមិថុនា ដោយតម្លៃដែកថែបនៅក្នុងទីផ្សារអាស៊ី បានធ្លាក់ចុះពី៣,២%ទៅ៤,៩%ក្នុងខែមិថុនា និងធ្លាក់ចុះពី៥,២%ទៅ១៦,៣%បន្ថែមទៀតក្នុងខែកក្កដា។
ការធ្លាក់ថ្លៃនេះ បណ្ដាលមកពីគោលនយោបាយសូន្យ-កូវីដ របស់ប្រទេសចិន ដែលបានឈានទៅដល់ការអនុវត្តវិធានការបិទខ្ទប់ ក្នុងទីក្រុងនានា ដែលមានសេចក្ដីរាយការណ៍ពីការឆ្លងវីរុសកូវីដ-១៩។
លោក Nava Chantanasurakonបានថ្លែងថា គោលនយោបាយសូន្យ-កូវីដ នេះបានធ្វើឱ្យតម្រូវការដែកក្នុងប្រទេសចិន ធ្លាក់ចុះ៦,៩%មកនៅត្រឹម៥០១លានតោនក្នុងឆមាសទី១ ដើមឆ្នាំ២០២២។
ការនាំចេញផលិតផលដែករបស់ប្រទេសចិន មានចំនួន៣៤,២លានតោនក្នុងរយៈពេលដូចគ្នានេះ។ ដែកដែលនាំចេញភាគច្រើន ត្រូវបានលក់ក្នុងតម្លៃទាបជាងធម្មតា។
លោក Nava Chantanasurakon គូសបញ្ជាក់ថា កត្តាដ៏សំខាន់ផ្សេងទៀត គឺការកើនឡើងនូវការនាំចេញផលិតផលដែកពីរុស្ស៊ី ដែលនាំចូលមកកាន់អាស៊ី ខណៈរុស្ស៊ីមិនអាចលក់ទៅឱ្យអឺរ៉ុប ក្រោយទទួលរងទណ្ឌកម្មជុំទិសពីលោកខាងលិច។
នៅក្នុងប្រទេសថៃ តម្រូវការដែកក៏បានធ្លាក់ចុះ១៣%ផងដែរ មកនៅត្រឹម៨,៧៨លានតោនក្នុងឆមាសទី១ ឆ្នាំ២០២២ ដែលភាគច្រើនដោយសារការធ្លាក់ចុះ នូវការវិនិយោគក្នុងវិស័យសំណង់ និងបញ្ហាប្រឈមសេដ្ឋកិច្ច៕ Bangkok Post៕