ដោយ ស៊ីវ ម៉េង
ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជាបានបង្ហើបពីគំរោងព្រលានយន្តហោះថ្មីនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប ជាមួយកំនើនទសចរណ៍កើនឡើងមិននឹងស្មានដល់។
សម្តេចបានមានប្រសាសន៍ក្នុងជំនួបជាមួយកម្មករ និយោជិតប្រមាណ២ម៉ឺននាក់នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នាព្រឹកថ្ងៃទី២៨ វិច្ឆិកានេះថា ក្នុងជំនួបជាមួយក្រុមហ៊ុនបារាំង ដែលកំពុងគ្រប់គ្រងព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្រុមហ៊ុននេះបានបង្ហាញពីការមិននឹកស្មានចំពោះកំនើនទេសចរណ៍នៅកម្ពុជា ហើយគាំទ្រដល់ការបង្កើតព្រលានយន្តហោះភ្នំពេញ និងព្រលានយន្តហោះក្នុងខេត្តសៀមរាប។
សម្តេចបន្តថា “ជាមួយគ្នានេះព្រលានយន្តហោះខេត្តព្រះសីហនុ នឹងត្រូវពង្រីកបន្ថែម ដែលអាចទទួលបានភ្ញៀវទេសចរណ៍ប្រមាណ៣លាននាក់នៅថ្ងៃខាងមុខ។
លោកពេជ្រ សុប៉ុនតារាប្រធានផ្នែកបង្កើនជើងហោះហើរនៃក្រុមហ៊ុនអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ព្រលានយន្តហោះកងកេង ក្រុងព្រះសីហនុនឹងត្រូវពង្រីកផ្លូវរត់ប្រវែង១០០០ម៉ែត្រទៀត ដែលធ្វើឲ្យព្រលាននេះមានប្រវែងផ្លូវរត់ ស្មើនឹងព្រលានយន្តហោះភ្នំពេញសព្វថ្ងៃ។ លោកបន្តថា ក្រោយការពង្រីកព្រលានកងកេង ក្រុងព្រះសីហនុនឹងអាចចុះចតយន្តហោះ ដែលអាចផ្ទុកអ្នកដំណើរបានប្រមាណ៤០០នាក់។
លោកបន្តថា “ជាមួយគ្នានេះក្រុមហ៊ុនបានសិក្សា និងធ្លាប់បានផ្តល់អនុសាសន៍ឲ្យរដ្ឋាភិបាលសាងសង់ព្រលានយន្តហោះក្នុងស្រុកចំនួនបីទៀតផងដែរ គឺនៅខេត្តស្ទឹងត្រែង បាត់ដំបង និងខេត្តព្រះវិហារ ប៉ុន្តែការសម្រេចចិត្តយ៉ាងណា ជាការសម្រេចរបស់រដ្ឋាភិបាលកម្ពុជា៕