ដោយៈ សុខុម
បាងកក: ម្ចាស់ដីធ្លីនៅទូទាំងប្រទេសថៃ កំពុងត្រូវបានជំរុញឱ្យប្រើប្រាស់ដី ដែលមិនទាន់បានអភិវឌ្ឍ ពោលគឺកុំទុកចោល បើមិនដូច្នោះទេត្រូវប្រឈមការរឹបអូស ទុកជាសម្បត្តិរដ្ឋតាមច្បាប់ស្ដពីដីធ្លី។ នេះបើយោងតាមកាសែត Bangkok Post ចុះផ្សាយនៅថ្ងៃច័ន្ទ ទី២២ ខែសីហា។
លោកស្រី Rachana Dhanadirek អ្នកនាំពាក្យរដ្ឋាភិបាលថៃ បានឱ្យដឹងថា រដ្ឋាភិបាលអាចនឹងអនុវត្តន៍ជំពូកទី៦ នៃច្បាប់នេះដែលអនុញ្ញាតឱ្យរឹបអូសដីកម្មសិទ្ធិឯកជន ដែលទុកចោលមិនធ្វើអ្វីសោះ ក្នុងរយៈពេល១០ឆ្នាំជាប់គ្នា។
លោកស្រីបានបន្ថែមទៀតថា អគ្គនាយកនៃអគ្គនាយកដ្ឋានដីធ្លីអាចស្នើសុំសាលក្រមពីតុលាការ ដើម្បីនិរាករណ៍ ឬលុបចោលឯកសារកម្មសិទ្ធិលើដីធ្លី ដែលទុកចោលមិនប្រើប្រាស់ ហើយប្រកាសទុកជាសម្បត្តិរដ្ឋ។
ដកស្រង់ប្រភពពីអគ្គនាយកដ្ឋានដីធ្លី អ្នកនាំពាក្យរូបនេះលើកឡើងថា ចាប់តាំងពីច្បាប់ស្ដីពី ដីធ្លីចូលជាធរមានក្នុងឆ្នាំ១៩៧៩ មកមិនដែលមានសាលក្រមតុលាការបែបនេះទេ។ ទោះជាយ៉ាងណា ម្ចាស់ដីត្រូវបានជំរុញលើកទឹកចិត្តឱ្យប្រើប្រាស់ដីដែលពួកគេមាន។
អ្នកនាំពាក្យរូបនេះបន្ថែមទៀតថា ក្រសួងមហាផ្ទៃមានគោលការណ៍ណែនាំស្ដីពីវិធីកំណត់ថា ដីណាត្រូវបានចាត់ទុកថាបោះបង់ចោល។
អ្នកនាំពាក្យដដែលគូសបញ្ជាក់ថា ក្រោមគោលការណ៍ណែនាំនេះ ត្រឹមតែធ្វើបងព័ទ្ធជុំវិញដី ឬបង់ពន្ធដី និងអគារគឺមិនចាត់ថាជាការប្រើប្រាស់ដីពិតប្រាកដឡើយ។ ទោះជាយ៉ាងណា ដីលំនៅក្នុងតំបន់លំនៅដ្ឋានមិនត្រូវបានចាត់ទុកថា បោះបង់ចោលនោះឡើយ ទោះបីជាគ្មានផ្ទះត្រូវបានសាងសង់លើដីនោះក៏ដោយ។
អាជ្ញាធរថ្នាក់ខេត្តនឹងធ្វើការស្ទាបស្ទង់ដីធ្លី និងសំណង់អគារនៅក្នុងតំបន់មូលដ្ឋានរបស់ខ្លួននៅរៀងរាល់ខែមករា ជារៀងរាល់ឆ្នាំដើម្បីធ្វើបច្ចុ ប្បន្នភាពដីធ្លី ដែលទុកចោលមិនប្រើប្រាស់ ហើយជូនដំណឹងទៅម្ចាស់ដីឱ្យពន្លឿនការប្រើប្រាស់ដីក្នុងរយៈពេល៣ខែ។ ក្នុងករណីផុតពេលកំណត់ ហើយដីនោះ នៅតែទុកចោលមិនប្រើប្រាស់ទៀត នឹងត្រូវរឹបអូសទុកជាសម្បត្តិរដ្ឋ៕ Bangkok Post៕