គំនិតផ្ដួចផ្ដើម “ខ្សែក្រវាត់ និងផ្លូវ” របស់មហាយក្សចិនបានចំណាយលើហេដ្ឋារចនាសម្ព័ន្ធលើស១ទ្រីលានដុល្លារ

0

ដោយៈ សុខុម

ប៉េកាំង: ក្រសួងការបរទេសចិនបានអះអាងថា រដ្ឋាភិបាលចិនបានធ្វើការជាមួយប្រទេសជិត១៥០ ហើយបានចំណាយប្រាក់រហូតដល់ទៅ១ទ្រីលានដុល្លារអាមេរិក ជាផ្នែកមួយនៃគំនិតផ្តួចផ្តើម “ខ្សែក្រវាត់ និងផ្លូវ” (Belt and Road Initiative) របស់រដ្ឋាភិបាលក្រុងប៉េកាំង ដើម្បីបើកផ្លូវពាណិជ្ជកម្មឆ្លងដែន។

ការចេញមុខអះអាងនេះ ធ្វើឡើងដើម្បីឆ្លើយតបទៅនឹងសហរដ្ឋអាមេរិក ដែលធ្វើការចោទប្រកាន់ថា គំនិតផ្ដួចផ្ដើមរបស់មហាយក្សចិន គឺជា “អន្ទាក់បំណុល” ដែលទាក់បណ្ដាប្រទេសក្រីក្រឱ្យចូលស៊ង និងជាប់ផុងជំពាក់បំណុលប្រទេសចិនរើខ្លួនមិនរួច។ នេះបើយោងតាមសារព័ត៌មាន South China Morning Post ចុះផ្សាយកាលពីថ្ងៃសុក្រ ទី១៩ ខែសីហា។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោកWang Wenbin បានអះអាងពីថ្ងៃព្រហស្បតិ៍ ទី១៨ ខែសីហាកន្លងមកថា រដ្ឋាភិបាលក្រុងប៉េកាំង បានចុះ “កិច្ចព្រមព្រៀងសហប្រតិបត្តិការ” ក្នុងគំនិតផ្ដួចផ្ដើម “ខ្សែក្រវាត់ និងផ្លូវ” ជាមួយប្រទេសចំនួន១៤៩ និងអង្គការអន្តរជាតិចំនួន៣២ គិតត្រឹមថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២ និងកំពុងទទួលយកគម្រោងចំនួន៣.០០០គម្រោង។

គំនិតផ្តួចផ្តើមដែលបានឈានដល់ខួបឆ្នាំទី៩ នេះផ្ដល់ជំនួយគាំទ្រពីប្រទេសចិន ដែលជាញឹកញាប់ធ្វើឡើង តាមរយៈក្រុមហ៊ុនសហគ្រាសរដ្ឋធំៗសម្រាប់ផ្លូវថ្នល់ អាកាសយានដ្ឋាន កំពង់ផែសមុទ្រ និងហេដ្ឋារចនាស ម្ព័ន្ធផ្សេងៗទៀតដែលធ្វើឱ្យពាណិជ្ជកម្មទំនិញកាន់តែរលូន។

គម្រោងនានាបានចាប់ផ្តើមនៅអាស៊ី និងបានពង្រីកចូលដល់ទ្វីបអឺរ៉ុប មុនពេលគ្របដណ្តប់ផ្នែកខ្លះនៃទ្វីបអាហ្រ្វិក និងទ្វីបអាមេរិក ប៉ុន្តែរដ្ឋមន្ត្រីការបរទេសអាមេរិក លោកAntony Blinken បានចោទប្រកាន់ប្រទេសចិន ថាបានបង្កើត “អន្ទាក់បំណុល” តាមរយៈគំនិតផ្ដួចផ្ដើមនេះ។

ជាការឆ្លើយតប អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin លើកឡើងថា “អ្វីដែលគេហៅថាជាអន្ទាក់បំណុលចិន គឺជាការភូតកុហក ដែលបង្កើតឡើងដោយសហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចមួយចំនួនទៀត ដើម្បីបង្វែរការទទួលខុសត្រូវ និងការស្តីបន្ទោស”។

លោកបានបន្ថែមទៀតថា “ការចោទប្រកាន់របស់ពួកគេ មកលើប្រទេ​សចិន គឺមិនអាចការពារខ្លួនពួកគេទៀតបានឡើយ”៕ South China Morning Post៕

LEAVE A REPLY

Please enter your comment!
Please enter your name here