សម្តេចតេជោបានណែនាំឲ្យរដ្ឋមន្រ្តីក្រសួងព៌តមានបិទប្រព័ន្ឋផ្សព្វផ្សាយណាដែលជេរប្រមាថ

0

ដោយៈគង់ សូរិយា

       ភ្នំពេញៈ សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែ​នាំទៅកាន់លោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន ត្រូវបិទអាជ្ញាប័ណ្ណចោលនូវប្រព័ន្ធផ្សព្វផ្សាយព័ត៌មានទាំងឡាយណា ដែលប្រើប្រាស់នូវពាក្យជេរប្រមាថអ្នកដទៃ។

ការណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិត របស់សាកលវិទ្យាល័យអាស៉ីអឺរ៉ុប នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២នេះ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ថា “ថ្ងៃក្រោយត្រូវពិនិត្យ រដ្ឋមន្ដ្រី ខៀវ កាញារីទ្ធ ក្រុមណាដែលចេញមកជេរបិទវាចោលទៅ។ សម្តេចបន្តថា ឲ្យសិទ្ធិអ្នកឯងក្នុងការនិយាយ បញ្ចេញមតិ ប៉ុន្ដែសិទ្ធិជេរមិនត្រូវបានប្រើប្រាស់ក្នុងសារព័ត៌មានឡើយ ហើយបើឡាយក្នុងហ្វេសបុកជេរនោះជារឿងផ្សេង

ក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានរំលឹកនូវរឿងរ៉ាវមួយកាលពីឆ្នាំ២០២០ ដែលរដ្ឋមន្ដ្រី ខៀវ កាញារីទ្ធ ស្នើទៅសម្ដេចដោយសុំឲ្យមេធាវីស្ម័គ្រចិត្តរបស់សម្ដេចតេជោ ជួយការពារអ្នកសារព័ត៌មាន ប៉ុន្ដែត្រូវបានសម្ដេចសម្រេចថា យកត្រឹមពាក់កណ្ដាល

ដោយជួយការពារអ្នកសារព័ត៌មានដោយអង្គហេតុ និងអង្គច្បាប់សមស្រប បើអ្នកសារព័ត៌មាននោះ ជេរគេមេធាវីសម្ដេចមិនជួយការពារនោះទេ។

ពាក់ព័ន្ធជាមួយលោក សាន្ដ ប៊ុនធឿននេះ សម្ដេចតេជោ ហ៊ុន សែន បានទម្លាយថា សម្ដេចធ្លាប់ជួយជាលុយសុទ្ធប្រមាណ១៨ម៉ឺនដុល្លារ ដើម្បីឲ្យលោក សាន្ដ ប៊ុនធឿន ទិញផ្ទះនៅ និងការឧបត្ថម្ភថវិកាប្រចាំខែបន្ថែមទៀតផង។

ដើមចមដែលនាំឲ្យសម្ដេចតេជោ ហ៊ុន សែន ណែនាំឲ្យកាត់ចោលក្របខ័ណ្ឌលោក សាន្ដ ប៊ុនធឿន ចេញពីកងយោធពលខេមរភូមិន្ទ ពិសេសពីបញ្ជាការដ្ឋានអង្គរក្សនោះ គឺដោយសារតែសម្ដេចណែនាំច្រើនលើក ច្រើនសារអំពីឥរិយាបថ និងការប្រើប្រាស់ពាក្យសម្ដីមិនសមរម្យ ហើយឡាយនៅលើបណ្ដាញសង្គមហ្វេសបុក ប៉ុន្ដែលោកសាន្ដ ប៊ុនធឿន មិនបានកែប្រែនោះឡើយ។ ក្រៅពីកាត់ចោលក្របខ័ណ្ឌកងទ័ពហើយនោះ អាជ្ញាប័ណ្ណសារព័ត៌មានរបស់លោក សាន្ដ ប៊ុនធឿន ក៏ត្រូវបានរដ្ឋមន្ដ្រីក្រសួងព័ត៌មានបិទចោលផងដែរ។

ដោយឡែក សម្រាប់លោក ហ៊ត ប៊ូ ហៅក្រៅ អធិរាជមហាសាច់ ដែលត្រូវបាននាយឧត្តម សេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ចេញសេចក្ដីសម្រេចលុបឈ្មោះចេញ ពីក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ ក៏ដោយសារការប្រើប្រាស់បណ្ដាញសង្គម ជេរប្រមាថអ្នកដទៃ ដែលល្មើសច្បាប់ស្ដីពី លក្ខន្ដិកៈទូទៅចំពោះយោធិន នៃកងយោធពលខេមរភូមិន្ទដូចគ្នានេះដែរ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here