សម្តេចតេជោទទួលស្គាល់ពីយុវជនមានឱកាសច្រើនធៀបសម័យសង្រ្គាម ហើយគ្រូបង្រៀននិងគ្រូពេទ្យដំឡើងខ្ពស់ជាងគេ

0

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងថា ក្នុងសម័យនេះយុវជនមានឱកាសច្រើនណាស់ បើធៀបនឹងយុវជនក្នុងសម័យសង្គ្រាម ដែលបាត់បង់ទាំងស្រុង នូវឱកាសសម្រាប់ការសិក្សារៀនសូត្រ។

សម្តេចតេជោហ៊ុន សែនបានថ្លែងបែបនេះក្នុងពិធីប្រគល់សញ្ញាបត្រ​ដល់និស្សិតសាកលវិទ្យាល័យអាស៊ី អឺរ៉ុបចំនួន៣០០០នាក់នាព្រឹកថ្ងៃទី២៣ សីហានេះ។

សម្តេចតេជោបានបន្តថា ក្រោយរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅឆ្នាំ១៩៧៩ ការបណ្តុះបណ្តាលនៅកម្ពុជាជួបការលំបាកខ្លាំងណាស់។ ក្នុងនោះគ្រូត្រូវបានជ្រើសរើសអ្នក ដែលមិនធ្លាប់មានបទពិសោធន៍ក្នុងការបង្រៀន។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា “ការសិក្សាអប់រំនៅកម្ពុជា មិនចំណុះលើការប្រមាថរបស់គេនោះទេ សំខាន់លើការប្រឹងប្រែងពង្រឹងនូវការអប់រំ”។សម្តេចបន្ថែមថា “រាជរដ្ឋាភិបាលទទួលស្គាល់ចំណុចខ្សោយលើការអប់រំ ដែលត្រូវធ្វើការកែលំអរ ហើយក្រសួងអប់រំ បានខិតខំជាខ្លាំងក្នុងការលើកកម្ពស់ការអប់រំ”។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រុមអ្នកដែលប្រមាថការអប់រំនៅកម្ពុជា គឺទទួលបានបណ្ឌិតពីកម្ពុជា ហើយពេលទៅក្រៅប្រទេសគេហៅបណ្ឌិត។សម្តេចបន្តថា ពីមុនសិស្សរត់រកសាលា តែបច្ចុប្បន្នសាលារត់រកសិស្ស។

សម្តេចតេជោហ៊ុន សែន បានថ្លែងថា ជារឿងគួរឱ្យកត់សម្គាល់មុនសម័យកូវីដ១៩ មានអ្នកប្រឡងជាប់និទ្ទេសតិច តែក្នុងសម័យកូវីដ១៩ រៀនតាមអនឡាញ ធ្វើឱ្យសិស្សនិទ្ទេសAកើន៣ដង។ សម្រាប់សម្តេចតេជោ បញ្ជាក់ថា សញ្ញាណនេះបង្ហាញឱ្យឃើញថា សិស្សព្យាយាមស្វ័យសិក្សា។

ទាក់ទងនឹងស្ថានភាពគ្រូពេទ្យ និងការរីកថរាលដាលជំងឺកូវីដ១៩កន្លងមក សម្តេចតេជោហ៊ុន សែន បានថ្លែងថា “គ្រូពេទ្យហត់ពេកហើយ ក្នុងដំណាក់កាលរាតត្បាតនៃជំងឺកូវីដ១៩នេះ។ ហេតុនេះប្រាក់បៀវត្សរ៍គ្រូបង្រៀន និងគ្រូពេទ្យដំឡើងខ្ពស់ជាងគេ”។

សម្តេចតេជោហ៊ុន សែន បានថ្លែងថា បើរៀនមិនកើតកុំបន្ទោសសា​លាឬបន្ទោសគ្រូ ត្រូវបន្ទោសខ្លួនឯងមិនប្រឹងប្រែង។ សម្តេចតេជោ ហ៊ុន សែន ចង់ឱ្យសិក្សាពីចំនួនមន្ត្រីរាជការនៅប្រទេសស្រីលង្កា ដែលមានចំនួនប្រមាណ ១,៥លាននាក់។ ចំនួននេះសម្តេចតេជោ លើកឡើងថា អាចជាបញ្ហាមួយឱ្យស្រីលង្កាជួបវិបត្តិ។

សម្តេចតេជោបានបញ្ជាក់ថា ការជ្រើសរើសមន្ត្រីរាជការ មិនអាចចេះតែរើសបាននោះទេ គឺត្រូវមានការប្រឡងឱ្យច្បាស់លាស់។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទោះបីសម្តេចអស់អំណាច តែការគ្រប់គ្រងអំណាច គឺនៅតែស្ថិតក្រោមកណ្តាប់ដៃ របស់បក្សប្រជាជនកម្ពុជាជានិច្ច។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា “ចរិតរបស់សម្តេចមិនប្តូរជានិច្ច គឺឈរការពារសន្តិភាព និងសេចក្តីសុខរបស់ប្រជាពលរដ្ឋ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here