ដោយៈ គង់ សូរិយា
កោះកុងៈ ក្រុមហ៊ុនលី យ៉ុងផាត់គ្រុបបានចំណាយប្រាក់ជាង១លានដុល្លារអាមេរិក ដើម្បីសាងសង់ស្ពានថ្មីមួយនៅតំបន់កោះយ៉ ដើម្បីសម្រួលការធ្វើដំណើរដល់ប្រជាពលរដ្ឋ។
ការសាងសង់ស្ពាននេះ បានធ្វើឡើងបន្ទាប់ពីសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា ប្រកាសជំរុញការសាងសង់ស្ពានបេតុងភ្ជាប់ទៅកោះយ៉។
លោកអន ដាវុធ ប្រធានមន្ទីរសាធារណការខេត្តកោះកុង នៅថ្ងៃទី ២២ សីហា ២០២២កន្លងមកថា ស្ពាននៅកោះយ៉មួយខ្សែនេះ មានប្រវែង ១២៦ម៉ែត្រ និងទទឹង១១ម៉ែត្រ ស្ថិតនៅឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
លោកបានឲ្យដឹងទៀតថា ស្ពាននេះមានតម្លៃ១,៤លានដុល្លារ ដែលក្រុមហ៊ុនលី យ៉ុងផាត់ ជាអ្នកទទួលបន្ទុកចំណាយ និងត្រូវប្រើរយៈពេល១ឆ្នាំកន្លះ ដើម្បីសាងសង់បញ្ចប់។
សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តី ធ្លាប់បានសម្តែងការព្រួយបារម្ភ ចំពោះស្ពានដែកបាឡេកោះយ៉ ដែលមានសភាពចាស់ទ្រុឌទ្រោម និង អាចបង្កជាគ្រោះថ្នាក់ដល់ពលរដ្ឋ ដែលត្រូវធ្វើដំណើរតាមនេះ ដោយជំរុញ ឱ្យមានការសាងសង់ស្ពានបេតុងថ្មី៕