ដោយៈ សុផារី
ភ្នំពេញ: អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ “ក.ប.ប.” នៃក្រសួងពាណិជ្ជកម្ម ការរកឃើញសារធាតុអាបេស្តូស នៅក្នុងផលិតផលម្សៅលាបទារកនិងកុមារ (Baby Talcum Powders) ចំនួន១២ប្រភេទ ដែលជាផលិតផលនាំចូលមកពីប្រទេសថៃ និងម៉ាឡេស៊ី។
សារធាតុអាសបេស្តុស មិនត្រូវអនុញ្ញាតឱ្យមានវត្តមាន នៅក្នុងផលិតផល គ្រឿងសម្អាងទេ។ វត្តមាននៃសារធាតុនេះ អាចនឹងបង្កគ្រោះថ្នាក់ខ្លាំងដល់សុខភាពមនុស្ស ជាពិសេសអាច បណ្តាលឱ្យកើតជំងឺមហារីក។
ក.ប.ប បានឱ្យដឹង តាមរយៈសេចក្ដីប្រកាសព័ត៌មានផ្លូវការ នៅថ្ងៃទី២៣ ខែសីហានេះថា ក្នុងគោលបំណង ការពារសុខុមាលភាព និងផលប្រយោជន៍អ្នកប្រើប្រាស់ ពិសេសទារកនិងកុមារ អគ្គនាយកដ្ឋាន ក.ប.ប. បានអនុវត្តការងារចុះយកសំណាកគំរូ និងធ្វើតេស្តវិភាគលើផលិតផលម្សៅលាបទារកនិងកុមារ (Baby Talcum Powders) មួយចំនួនដើម្បីវិភាគរកសារធាតុអាសបេស្តុស (Asbestos) ដែលជាសារធាតុបង្ក គ្រោះថ្នាក់ដល់សុខភាពអ្នកប្រើប្រាស់។
យោងលទ្ធផលវិភាគរបស់មន្ទីរពិសោធន៍ បានបង្ហាញឱ្យឃើញថាសំណាកគំរូផលិតផលម្សៅលាបទារក និងកុមារមួយចំនួនមានវត្តមាន សារធាតុអាបេស្តុស (ដូចមានក្នុងតារាងឧបសម្ព័ន្ធ)។
ដើម្បីការពារសុខភាពអ្នកប្រើប្រាស់ ជាពិសេសទារកនិងកុមារ អគ្គនាយកដ្ឋាន ក.ប.ប. សូមដាក់ចេញ នូវវិធានការបណ្ដោះអាសន្នមួយចំនួន ដូចជា ទី១. ក្រុមហ៊ុននាំចូល និងចែកចាយផលិតផលម្សៅលាបទារក និងកុមារ ដូចមានក្នុងតារាងឧបសម្ព័ន្ធ នៃសេចក្តីជូនដំណឹងនេះត្រូវ ផ្អាកជាបណ្តោះអាសន្នការនាំចូល និងចែកចាយរាល់ផលិតផល ដែលមានក្នុងតារាងឧបសម្ព័ន្ធ មកក្នុងព្រះរាជាណាចក្រកម្ពុជា ប្រមូលពីទីផ្សារនូវផលិតផលម្សៅលាបទារកនិងកុមារ និងរាយការណ៍មកអគ្គនាយកដ្ឋានក.ប.ប. អំពីបរិមាណផលិតផលដែលប្រមូល។
២. អគ្គនាយកដ្ឋាន ក.ប.ប. ទុករយៈពេល ២(ពីរ)សប្តាហ៍គិតចាប់ពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ ដល់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ ដើម្បីឱ្យក្រុមហ៊ុនសហការជាមួយ អគ្គនាយកដ្ឋាន ក.ប.ប. ក្នុងការនាំយកនូវសំណាកនៃផលិតផល ដែលត្រូវបានរកឃើញថា មានសារធាតុអាសបេស្តុសទៅអន្តរជាតិ។
៣. ក្រុមហ៊ុនត្រូវបន្តកិច្ចសហការជាមួយរោងចក្រផលិត និងសមត្ថកិច្ច ក.ប.ប. ដោយឈរលើ គោលការណ៍តម្លាភាព និងគាំទ្រដោយមូលដ្ឋានវិទ្យាសាស្ត្រ ដើម្បីធានាថារាល់ផលិតផលម្សៅ លាបទារក និងកុមារ ដែលត្រូវបានចែកចាយ និងដាក់លក់នៅលើទីផ្សារ មិនត្រូវមានសារធាតុ អាបេស្តុសឡើយ។
៤. អគ្គនាយកដ្ឋាន ក.ប.ប. នឹងជូនដំណឹងអំពីព័ត៌មានលម្អិត និងវិធានការបន្ថែមទៀត នៅពេលដែលទទួលបានលទ្ធផលវិភាគ ពីមន្ទីរពិសោធន៍ភាគីទី៣ ប្រកបដោយស្មារតីទទួលខុសត្រូវ និងមានតម្លាភាព៕