ដោយ ស៊ីវ ម៉េង
ភ្នំពេញ: រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពលបានអះអាងថា ឆ្នាំ២០២០ នឹងទទួលបានជោគជ័យទាំងស្រុង លើការផ្គត់ផ្គង់អគ្គិសនីគ្របដណ្តប់គ្រប់ភូមិទាំងអស់ នៅទូទាំងប្រទេស ជាអគ្គិសនីដែលមានគុណភាព និងស្ថិរភាព។
លោកស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានថ្លែងលើកឡើងនៅក្នុងជំនួបពិភាក្សាការងារ ជាមួយលោកជំទាវ Sunniya Durrani-Jamal នាយិកាស្ថានតំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅទីស្តីការក្រសួង ថ្ងៃទី២៨ ខែវិច្ឆកាកន្លងមកថា គោលនយោបាយអភិវឌ្ឍន៍វិស័យថាមពលឆ្នាំ២០២០ របស់រាជរដ្ឋាលភិបាល នឹងទទួលបានជោគជ័យទាំងស្រុងលើការផ្គត់ផ្គង់អគ្គិសនី ដោយគ្របដណ្តប់គ្រប់ភូមិ ដែលមានជាង១ម៉ឺនភូមិនៅទូទាំងប្រទេស ដោយមកដល់ពេលនេះ រដ្ឋាភិបាលបានតភ្ជាប់ទៅតាមភូមិទូទាំងប្រទេសបានចំនួន៨៦,៨៥ភាគរយ និងបានតភ្ជាប់ដល់ខ្នងផ្ទះប្រជាពលរដ្ឋបាន៧៣ភាគរយ ដូច្នេះនៅក្នុងផែនការដល់ឆ្នាំ២០២០ យើងនឹងអាចតភ្ជាប់បានគ្រប់ភូមិ១០០ភាគរយនៅទូទាំងប្រទេស។
លោកបានរំលឹកថា “ការអភិវឌ្ឍន៍វិស័យអគ្គិសនី ចាប់តាំងពីក្រោយពីរបបខ្មែក្រហមមក កម្ពុជាបានដើរចេញពីចំណុចសូន្យ មកមានអគ្គិសនីផ្គត់ផ្គង់គ្រប់គ្រាន់និងឯករាជ្យភាពដោយខ្លួនឯង”។
លោកបន្តថា “មកដល់បច្ចុប្បន្នការអភិវឌ្ឍន៍វិស័យអគ្គិសនី កម្ពុជាមានវារីអគ្គិសនីចំនួន៦កន្លែងកំពុងដំណើរការ ក្នុងនោះប្រភពចេញពីធ្យូងថ្ម ប្រភពមកពីរោងចក្រដុតប្រេងខ្មៅ ប្រភពថាមពលកកើតឡើងវិញ និងប្រភពអគ្គិសនីចែកចាយអគ្គិសនីតូចៗ សរុបទាំងអស់កម្ពុជាមានថាមពល ដែលកំពុងផ្គត់ផ្គង់ជាង២ពាន់មេហ្គាវ៉ាត់ ដែលបាននិងកំពុងដំណើរការ”។
លោកជំទាវSunniya Durrani-Jamal នាយិកាធនាគារអភិវឌ្ឍន៍អាស៊ី(ADB)ប្រចាំកម្ពុជា បានថ្លែងនូវការកោតសសើរអំពីការអភិវឌ្ឍន៍ ក្នុងការបំពេញតាមសេចក្តីការក្នុងប្រទេស ប៉ុន្តែលោកសរីបានថ្លែងថា ដើម្បីជម្រុញការគ្រប់គ្រងវិស័យនេះឲ្យកាន់តែមានតម្លាភាព ការរៀបចំផែនការមេ (Master Plan) មានសារៈសំខាន់ណាស់សម្រាប់កម្ពុជា។ លោកជំទាវបន្តថា បច្ចុប្បន្នក្រុមបច្ចេកទេសរបស់ (ADB) កំពុងពិភាគ្សាដើម្បីជួយដល់ការរៀបចំគម្រោងនេះ ដែលជាផ្នែកមួយជម្រុញឲ្យវិស័យអគ្គិសនីនៅកម្ពុជា ទទួលបានជោគជ័យមួយយ៉ាងធំ សម្រាប់ឆ្លើយតបនឹងតម្រូវការនៃការប្រើប្រាស់ ជាពិសេសការផ្តល់ផលប្រយោជន៍ ដល់ការអភិវឌ្ឍរបស់ប្រទេសជាតិកាន់តែខ្លាំងក្លាថែមទៀត៕