ដោយ៖ សុខុម
ភ្នំពេញ: មន្ត្រីជាន់ខ្ពស់មួយរូបលើកឡើងថា កិច្ចព្រមព្រៀង “ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់” (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) ដែលសុទ្ធតែចូលជាធរមានកាលពីដើមឆ្នាំនេះ បានចូលរួមចំណែកយ៉ាងធំធេងនៅក្នុងការជំរុញសេដ្ឋកិច្ចរបស់កម្ពុជា ឱ្យងើបឡើងវិញ។
លោក ប៊ុន ចន្ធី អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានធ្វើការកត់សម្គាល់បែបនេះកាលពីថ្ងៃច័ន្ទ ទី២២ ខែសីហា នៅរាជធានីភ្នំពេញ ក្នុងជំនួបមួយជាមួយលោក Zhang Lubiao អគ្គនាយកមជ្ឈមណ្ឌលសហប្រតិបត្តិការសេដ្ឋកិច្ចបរទេសនៃក្រសួងកសិកម្ម និងកិច្ចការជនបទរបស់ប្រទេសចិន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Xinhua ចុះផ្សាយកាលពីថ្ងៃពុធ ទី២៤ ខែសីហា។
លោក ប៊ុន ចន្ធី មានប្រសាសន៍ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ទាំង២នេះបានផ្តល់លទ្ធភាពឱ្យផលិតផលរបស់កម្ពុជា ចូលទៅកាន់ទីផ្សារកាន់តែធំទូលាយ ជាពិសេសវិស័យកសិកម្មដូចជា អង្ករ ចេក ស្វាយ ដំឡូងមី គ្រាប់ស្វាយចន្ទី និងពោតជាដើម។
របាយការណ៍ក្រសួងពាណិជ្ជកម្ម បានបង្ហាញថា ការនាំចេញសរុបរបស់កម្ពុជា ទៅកាន់បណ្ដាប្រទេសជាសមាជិកនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី RCEP មានទំហំ៣,២៨ពាន់លានដុល្លារអាមេរិក ក្នុងឆមាសទី១ ដើមឆ្នាំ២០២២ ដោយសម្រេចបានកំណើន១០%បើធៀបនឹងទំហំ២,៩៩ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។
របាយការណ៍ដដែលបង្ហាញថា អំឡុងខែមករា ដល់ខែមិថុនា ឆ្នាំនេះ គោលដៅនាំចេញកំពូលទាំង៣របស់កម្ពុជា គឺវៀតណាម ប្រទេសចិន និងជប៉ុន។
ក្នុងនោះ ប្រទេសកម្ពុជា បាននាំចេញផលិតផលដឹកតាមកប៉ាល់ចំនួន១,១៧ពាន់លានដុល្លារអាមេរិក ទៅកាន់វៀតណាម ចំនួន៦១២លានដុល្លារអាមេរិក ទៅកាន់ប្រទេសចិន និងចំនួន៥៤២លានដុល្លារអាមេរិក ទៅកាន់ប្រទេសជប៉ុន៕