ដោយ វុត្ថា
ភ្នំពេញ៖ ជាថ្មីម្តងទៀត លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំនដែនដី នគរូបនីយកម្ម និងសំណង់ ជា សុផារ៉ា បានស្នើដល់អ្នកសាងសង់លំនៅដ្ឋាន ទាំងអស់ត្រូវគោរពច្បាប់សាងសង់អោយបានត្រឹមត្រូវ ដោយរក្សាគំលាតអោយបានសមរម្យស្របតាមលិខិតបទដ្ឋានដែលបានផ្សព្វផ្សាយ។
នៅក្នុងពិធីមហាសន្និបាតបូកសរុបសកម្មភាព ការងារលើកទី៧ របស់សមាគមអ្នកសាងសង់ និងពិធីសម្ពោធបើកការតាំងពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា ២០១៨ ដែលរៀបចំដោយសមាគមសាងសង់កម្ពុជានៅថ្ងៃទី ២៩ ខែវិច្ឆិកា នេះ លោកជា សុផារ៉ា ក៏បានស្នើបន្ថែមទៀត អោយអ្នកសាងសង់មុននឹងសម្រេចធ្វើការសាងសង់ ត្រូវមានការសម្របសម្រួលជាមួយអ្នកជិតខាងអោយបានល្អ ជៀសវាងការប្តឹងផ្តល់នៅពេលបុកគ្រឹះរួចរាល់។
តែយ៉ាងណាក៏ដោយ លោកជា សុផារ៉ាឲ្យដឹងដែរថា ក៏មានការរំខានពីអ្នកជិតខាងមួយចំនួនផងដែរ ទោះការសាងសង់នោះអនុវត្តត្រឹមត្រូវតាមបទដ្ឋានយ៉ាងណាក្តី ដោយពួកគេចង់អោយមានការទិញផ្ទះទៅវិញ។
លោកជាសុផារ៉ា បញ្ជាក់ទៀតថា ក្រសួងនឹងខិតខំចុះបញ្ជីក្បាលដីធ្លីអោយបានលឿន ដោយបច្ចុប្បន្នចុះបាន៧២ភាគរយ នៃការចុះបញ្ជីនៅលើក្បាល់ដី៧លានក្បាលដីពោលគឹបានចំនួន៥លានក្បាលដី និងនៅសល់ប៉ុន្មានទៀតនឹងបន្តចុះបាន១០០ភាគរយ ដើម្បីអោយមានសុវត្ថិភាពកាន់កាប់ដីធ្លី។ លោកបន្តថា នៅពេលសាងសង់ត្រូវតែមានកម្មសិទ្ធិកាន់ កាប់ដីច្បាស់លាស់ ដោយមិនត្រូវសាងសង់នៅលើដីរបស់គេបង្ករអោយមានទំនាស់ ឬប្តឹងផ្តល់ផ្សេងៗឡើយ។
លោករដ្ឋមន្ត្រីក៏បានស្នើរ អោយមានការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ដោយរៀងផ្លូវសាធារណៈអោយបានត្រឹមត្រូវ និងទទួលស្គាល់ពីគ្រប់ភាគីជៀសវាងសាងសង់បុរី ឬលំនៅដ្ឋានប្រណីតរួចហើយ ទើបរៀបចំផ្លូវសាងសង់ផ្លូវសាធារណៈជាក្រោយមិនល្អនោះទេ។
លោកបញ្ជាក់ថា ការរៀបចំហេដ្ឋារនាសម្ព័ន្ធសាធារណៈនេះ ក្រសួបានដាក់បញ្ចូលទៅក្នុងផែនការប្រើប្រាស់ដីនៅក្នុងរាជធានី ខេត្ត និងទីប្រជុំជនដែលត្រូវបានចាត់ទុកថាជាកន្លែងដែលមានសត្តានុពលក្នុងអភិវឌ្ឍន៍លំនៅដ្ឋាន៕