បន្ទះសូឡាកំពុងមានតម្រូវការខ្ពស់ខ្លាំងនៅអាល្លឺម៉ង់ ខណៈរុស្ស៊ីកាត់បន្ថយការផ្គត់ផ្គង់ឧស្ម័នហ្គាស

0

 ដោយៈ សុខុម

បែរឡាំង: ពលរដ្ឋដែលទទួលរងផលប៉ះពាល់ផ្ទាល់ ពីវិបត្តិឧស្ម័ន   ហ្គាសនៅអឺរ៉ុប កំពុងខំប្រវេប្រវាដំឡើងបន្ទះសូឡា សម្រាប់ប្រើប្រាស់ក្នុងផ្ទះ និងអាជីវកម្មរបស់ខ្លួន ខណៈពួកគេប្រឈមមុខនឹងវិបត្តិ ដែលធ្វើឱ្យថាមពលហក់ឡើងថ្លៃខ្ពស់បំផុតមិនធ្លាប់មាន។

តួយ៉ាង ក្នុងរយៈពេល៦ខែដើមឆ្នាំនេះ ការដំឡើងបន្ទះសូឡាក្នុងប្រទេសអាល្លឺម៉ង់ បានកើនឡើង២២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមទិន្នន័យពីសមាគមសូឡាអាល្លឺម៉ង់ (German Solar Association) ដែលសារព័ត៌មាន CNN Business ទទួលបាន និងចុះផ្សាយកាលពីថ្ងៃពុធ ទី២៤ ខែសីហា។

សមាគមនេះនិយាយថា តួលេខនេះរួមបញ្ចូលទាំងសូឡា ប្រើប្រាស់តាមលំនៅដ្ឋាន និងសម្រាប់គោលបំណងពាណិជ្ជកម្មផងដែរ ដែលរាប់ចាប់ពីការដំឡើងខ្នាតតូចៗ លើដំបូលផ្ទះឯកជនរហូតដល់ស្ថានីយសូឡាធំៗ។

តម្រូវការថាមពលសូឡា កំពុងកើនឡើងខ្លាំងរួចហើយ នៅអាល្លឺម៉ង់ ដែលជាសេដ្ឋកិច្ចធំបំផុតប្រចាំអឺរ៉ុប ខណៈថាមពលហក់ឡើងថ្លៃស្រឺតៗ គោលនយោបាយជំរុញ លើកទឹកចិត្តត្រូវបានដាក់ចេញ ហើយការទទួលយកបច្ចេកវិទ្យាកាន់តែមានសារៈសំខាន់។

ទោះជាយ៉ាងណា កាលពីពេលថ្មីៗនេះ អ្នកប្រើប្រាស់ក៏បានប្រឈមនឹងវិក្កយបត្រទឹកភ្លើងកើនឡើង ការកើនឡើងកម្ដៅព្រះអាទិត្យនិងការព្រួ​យ​បារម្ភជាថ្មីថា តើពួកគេនឹងអាចរកអ្វីមកដុតកម្ដៅខ្លួន ក្នុងរដូវរងានេះបានដែរ ឬយ៉ាងណា។

ចាប់តាំងពីបញ្ឆេះសង្គ្រាម ចូលឈ្លានពានប្រទេសអ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈ ពោលគឺកាលពី៦ខែមុន រុស្ស៊ី បានកាត់បន្ថយការផ្គត់ផ្គង់ឧស្ម័នហ្គាសរបស់ខ្លួនយ៉ាងច្រើន ដល់ប្រទេសអាល្លឺម៉ង់ និងបណ្តាប្រទេសផ្សេងទៀតក្នុងសហភាពអឺរ៉ុប។

ទើបតែកាលពីសប្តាហ៍មុន ប្រទេសរុស្ស៊ី បានប្រកាសបិទបំពង់បង្ហូរឧស្ម័ន Nord Stream 1 របស់ខ្លួនដោយគ្មានការគ្រោងទុក នៅចុងខែនេះដើម្បីធ្វើការជួសជុលថែទាំ ជាហេតុធ្វើឱ្យតម្លៃឧស្ម័នធម្មជាតិ ហក់ឡើងថ្លៃខ្ពស់មិនធ្លាប់មាន៕ CNN៕

LEAVE A REPLY

Please enter your comment!
Please enter your name here