ដោយ វុត្ថា
ភ្នំពេញ៖ លោកឧកញ៉ាពុង ឃាវសែ ប្រធានសមាគមអ្នកសាងសង់កម្ពុជាបានថ្លែងថា ពិព័រណ៍ឧស្សាហកម្មសំណង់នៅកម្ពុជាក្នុងឆ្នាំនេះ មានក្រុមហ៊ុនចូលរួមចំនួន១៨៦ក្រុមហ៊ុន និងមានផលិតផលប្រមាណ៦០០ប្រភេទត្រូវបានដាក់តាំងបង្ហាញ។
លោកបានមានប្រសាសន៍ឲ្យដឹងក្នុង ពិធីបើកមហាសន្និបាតបូកសរុបសកម្មភាពការងារលើកទី៧របស់សមាគម និងព្រឹត្តិការណ៍ការតាំងពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា២០១៨ ដែលរៀបចំដោយសមាគម អ្នកសាងសង់កម្ពុជានាព្រឹកថ្ងៃទី២៩ វិច្ឆិកានេះថា
នេះគឺជាឆ្នាំ៧ហើយ ដែលសមាគមន៍បានរៀបចំមហាសន្និបាតបូកសរុបការងារប្រចាំឆ្នាំរបស់សមាគមន៍ ហើយក៏ជាលើកទី៥ នៃការរៀបចំតាំងពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជាជាលក្ខណៈអន្តរជាតិធំជាងគេ ដែលមានស្តង់ប្រមាណ៣១០ស្តង់ និងផលិតផលប្រមាណ៦០០ ប្រភេទ ដែលផលិតផលទាំងនេះ មានខ្លះជាផលិតផលក្នុងស្រុក និងមានខ្លះជាផលិតផល ដែលនាំចូលមកពីបណ្តាប្រទេសជាច្រើននៅលើពិភពលោក ហើយឆ្នាំនេះ សង្កេតឃើញមានការចូលរួម ដាក់តាំងផលិតផលផ្សេងៗសរុប១៨៦ក្រុមហ៊ុន។
លោកបន្ថែមថា “ព្រឹត្តិការណ៍នេះរៀបចំឡើងគឺចង់បង្ហាញពីការអភិវឌ្ឍ ការរីកចំរើន និងសត្តានុពលនៃការវិនិយោគលើវិស័យសំណង់ នៅលើទីផ្សារកម្ពុជាទាំងមូល។
ជាក់ស្តែងនៅក្នុងរាជធានីភ្នំពេញបច្ចុប្បន្នមានសំណង់អគារខ្ពស់ៗ ទំនើបៗ ធំស្កឹងស្កៃបានរីកដុះដាលគួរអោយមានភាពស្ងប់ស្ងែង ដូចជា មានសំណង់អគារមជ្ឈមណ្ឌលពាណិជ្ជកម្ម ការិយាល័យ ធានាគារ ផ្សារទំនើប សណ្ឋាគារ អគារស្នាក់នៅរួម និងបុរីលំនៅដ្ឋានបានសាងសង់ឡើងជាបន្តបន្ទាប់ ដែលសំណង់ទាំងមានលក្ខណៈទំនើបៗ ទាន់សម័យ ហើយបានប្រើប្រាស់បច្ចេកវិទ្យា និងសម្ភារៈ បរិក្ខារ ឧបករណ៍ក្នុងការសាងសង់ទាំងអស់សុទ្ធសឹងមានគុណភាពល្អ និងលក្ខណៈបច្ចេកទេសទំនើប និងមានស្តង់ដារត្រឹមត្រូវ ពុំចាញ់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ដទៃទៀត នៅលើពិភពលោកឡើយ ហើយសំណង់ទាំងនេះ បានប្រែក្លាយទិដ្ឋភាពទីក្រុងភ្នំពេញអោយស្រស់បំព្រង។
លោកឧកញ៉ាពុង ឃាវសែបានបន្តថា សមាគមអ្នកសាងសង់កម្ពុជាបានរៀបចំព្រឹត្តិការណ៍នេះជារៀងរាល់ឆ្នាំ ដើម្បីផ្តល់ឪកាសអោយសមាជិកសមាគម ដែលបច្ចុប្បន្នមាន១៤៨ក្រុមហ៊ុន និងធុរកិច្ចជនផ្សេងៗទៀត ដែលមានមុខរបរជំនួញលើវិស័យសំណង់នៅកម្ពុជា និងអ្នកដែលនៅក្រៅប្រទេសមានឪកាស បានមកធ្វើការទំនាក់ទំនងពិភាក្សា អំពីកិច្ចការជំនួញពាណិជ្ជកម្មជាមួយគ្នាដោយផ្ទាល់ និងយ៉ាងជិតស្និតបំផុត ដើម្បីអោយដឹងច្បាស់ពីតម្រូវការ និងការផ្គត់ផ្គង់សម្ភារៈ ឧបករណ៍ និងគ្រឿងចក្រសំណង់លើទីផ្សារកម្ពុជា៕