ខេត្តមណ្ឌលគីរីសាងសង់រូបសំណាកដំរីកម្ពស់ជិត៧ម៉ែត្រដើម្បីលើកកម្ពស់ទេសចរណ៍បន្ថែម

0

ដោយៈ សុផារី

មណ្ឌលគិរី៖ ខេត្តមណ្ឌលគីរី បានសាងសង់រង្វង់មូល និងរូបសំណាក “ដំរី” កម្ពស់ជិត៧ម៉ែត្រ នៅក្នុងក្រុង និងនៅតាមបណ្តោយផ្លូវជាតិលេខ៧៦A ដើម្បីប្រែមុខមាត់ខេត្តមណ្ឌលគិរី ឲ្យកាន់តែមានភាពទាក់ទាញសម្រាប់ភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលមកទស្សនាកម្សាន្ត។

ការសាងសង់រង្វង់មូលរូបសំណាកដំរី មានទំហំផ្ទៃរង្វង់មូលចំនួន១២,៦០ម៉ែត្រ កម្ពស់ដំរី៦,៦៣ម៉ែត្រ និងកម្ពស់រូបមេទ័ព៨តឹក។ ចំំណែក រូបសំណាកដំរីក្រុងសែនមនោរម្យសូមស្វាគមន៍ ខឿនមានបណ្តោយ៧ម៉ែត្រ ទទឹម៤ម៉ែត្រ កម្ពស់ដំរី៣,០៦ម៉ែត្រ និងផ្លាកទំហំ១,២៦ម៉ែត្រ និងប្រវែង៣,៦៩ម៉ែត្រ សាងសង់ដោយក្រុមសិក្សាប្លង់ និងសំណង់ ហង់ ឃីម ប្រើរយៈពេលចំនួន៤ខែ។

ពិធីបើកការដ្ឋាន និងបញ្ចុះបឋមសិលាសាងសង់រង្វង់មូល “រូបសំណាកដំរី ” នៅភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្បែរវិមានឯករាជ្យ និងសាងសង់រូបសំណាកដំរី ក្រុងសែនមនោរម្យសូមស្វាគមន៍ ស្ថិតនៅក្រៅក្រុង លើកំណាត់ផ្លូវជាតិលេខ ៧៦A ត្រូវបានធ្វើឡើងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ ដើម្បីបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ នឹងលើកកម្ពស់សោភ័ណភាព ជាពិសេស ជាការរំលឹកពីប្រវត្តិសាស្ត្រ របស់បងប្អូនជនជាតិដើមភាគតិច។

លោក ថង សាវុន អភិបាលខេត្តមណ្ឌលគីរី បានឲ្យដឹងថា ការសាងសង់រង្វង់មូលរូបសំណាកដំរី និងរូបសំណាកដំរី ក្រុងសែនមនោរម្យ សូមស្វាគមន៍ នាពេលនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីចូលរួមបង្កើននូវសមិទ្ធផលបន្ថែម របស់ខេត្តមណ្ឌលគិរី ក្នុងការរៀបចំសណ្ដាប់ធ្នាប់សាធារណៈ បញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ ធានាសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរ ជាពិសេស ដើម្បីលើកកម្ពស់សោភ័ណភាពខេត្តមណ្ឌលគិរីឲ្យមានការរីកចម្រើន។

លោកបញ្ជាក់ថា សមិទ្ធផល ដែលនឹងចេញជារូបរាងនាពេលខាងមុខ ពិតជាឆ្លុះបង្ហាញយ៉ាងច្បាស់ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដោយរាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកខេត្តមណ្ឌលគិរី ជាតំបន់ប៉ូលសេដ្ឋកិច្ចទី៤ បន្ទាប់ពីរាជធានីភ្នំពេញ តំបន់ឆ្នេរ និងតំបន់សៀបរាប ក្នុងចក្ខុវិស័យនៃផែនការមេសម្រាប់អភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី៕

LEAVE A REPLY

Please enter your comment!
Please enter your name here