ដោយ៖ សហការី
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន និងតំណាងរាស្ត្រគណបក្សសាធារណរដ្ឋ មកពីរដ្ឋតិចសាស់ បានប្តេជ្ញាសហការគ្នាសម្លឹងទៅមុខ និងក្ដាប់ឱកាសដែលកំពុងមាននាពេលបច្ចុប្បន្ន ជាពិសេស លើវិស័យពាណិជ្ជកម្ម វិនិយោគ និងអប់រំ ធ្វើជាមូលដ្ឋាន ដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ឱ្យកាន់តែខ្លាំងឡើង។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអនុញ្ញាតឱ្យលោកស្រី អេលីហ្សាបេត វេន ដាញ (Elizabeth Van Duyne) តំណាងរាស្ត្រគណបក្សសាធារណរដ្ឋ មកពីរដ្ឋតិចសាស់ និងគណៈប្រតិភូសមាជិកសភាអាមេរិក និងមានតំណាងរាស្ត្រគណបក្សប្រជាធិបតេយ្យ មកពីរដ្ឋថេនណេសស៊ីផងដែរ ចូលជួបសម្តែងការគួរសម និងពិភាក្សាលើការងារមួយចំនួន ដើម្បីពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហរដ្ឋអាមេរិក នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២នេះ។
លោកស្រី អេលីហ្សាបេត បានសម្ដែងនូវការគោរពជូនចំពោះសម្ដេចតេជោ ចំពោះការតស៊ូ និងប្រឹងប្រែងរបស់សម្ដេចតេជោ នាំជូនប្រជាពលរដ្ឋកម្ពុជានូវសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ។
លោកស្រីក៏លើកឡើងថា ដំណើរទស្សនកិច្ចរបស់លោកជំទាវ និងប្រតិភូនាពេលនេះ គឺដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ឲ្យកាន់តែខ្លាំងឡើងតាមរយៈសក្ដានុពលដែលកំពុងមាន និងតាមរយៈកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងវិនិយោគ។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានជម្រាបជូនលោកជំទាវ អេលីហ្សាបេត ព្រមទាំងប្រតិភូទាំងមូល អំពីប្រវត្តិរបស់កម្ពុជា ក៏ដូចជាប្រវត្តិនៃទំនាក់ទំនងរវាងកម្ពុជាជាមួយសហរដ្ឋអាមេរិក។
សម្ដេចតេជោ ហ៊ុន សែន បានឯកភាពជាមួយលោកជំទាវ អេលីហ្សាបេត ដែលថា យើងនាំគ្នាសម្លឹងទៅមុខ និងក្ដាប់ឱកាសដែលកំពុងមាននាពេលបច្ចុប្បន្ន ជាពិសេស លើវិស័យពាណិជ្ជកម្ម វិនិយោគ និងអប់រំ ធ្វើជាមូលដ្ឋាន ដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ឲ្យកាន់តែខ្លាំងឡើង៕