ដោយ: លាងហួរ
សេអ៊ូល: អន្តរក្រសួងនៃរដ្ឋាភិបាលកូរ៉េ គ្រោងសហការគ្នា ដើម្បីជួយសម្រួលដល់ការសាងសង់ ការិយាល័យប្រធានាធិបតីទី២ នៅក្នុងទីក្រុង Sejongនៅឆ្នាំ២០២៧។
ការិយាល័យប្រធានាធិបតីថ្មីនេះ ស្ថិតក្នុងតំបន់រដ្ឋបាលដែលមានចម្ងាយ១៤៤គីឡូម៉ែត្រ ស្ថិតនៅភាគខាងត្បូងទីក្រុងសេអ៊ូល។ នេះបើយោងតាមមន្ត្រីរដ្ឋាភិបាលកាលពីថ្ងៃអាទិត្យ ទី២៨ ខែសីហា។
ការបង្កើតការិយាល័យប្រធានាធិបតីទីពីរ និងអគារនីតិបញ្ញត្តិនៅទីក្រុង Sejong គឺជាការសន្យាយុទ្ធនាការដ៏សំខាន់មួយ របស់ប្រធានាធិបតី Yoon Suk-yeol ដែលជាចក្ខុវិស័យដែលលោកជឿជាក់ថា នឹងពង្រឹងទីក្រុង ដែលមានប្រជាជនតិចជារដ្ឋធានីរដ្ឋបាលរបស់ប្រទេស។
ផែនការនេះ ទទួលបានការចាប់អារម្មណ៍ បន្ទាប់ពីរដ្ឋសភាបានកែប្រែ ច្បាប់ពាក់ព័ន្ធក្នុងខែឧសភា។
ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន ក្រសួងមហាផ្ទៃ និងសុវត្ថិភាព និងទីភ្នាក់ងារជាតិសម្រាប់ការសាងសង់ទីក្រុង បាននិយាយថា ក្រុមមន្ត្រីរួមនឹងធ្វើការសិក្សាមុនខែតុលា ដើម្បីកំណត់មុខងារ ទំហំ និងទីតាំងការិយាល័យទីប្រធានាធិបតីទីពីរ។
ផែនការនេះ គ្រោងពង្រឹងប្រព័ន្ធដឹកជញ្ជូនសាធារណៈ និងហេដ្ឋារចនាសម្ព័ន្ធក្នុងបរិបទទូលំទូលាយ នៃការរៀបចំទីក្រុងក៏នឹងអនុវត្តន៍តាមផងដែរ។
រដ្ឋាភិបាល និងគណបក្សអំណាចប្រជាជន បានព្រមព្រៀងគ្នាបង្កើនការចំណាយសម្រាប់ផែនការនេះ ក្នុងអំឡុងពេលពិនិត្យថវិកានៅរដ្ឋសភានាពេលខាងមុខ។
ក្រសួងដែនដី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋាភិបាល កំពុងរៀបចំផែនការបង្កើតរដ្ឋបាលថ្មី ក្នុងគោលបំណងជំរុញកំណើនសេដ្ឋកិច្ច និងរក្សាតុល្យភាពរបស់ប្រទេស៕