ក្រសួងដឹកជញ្ជូនវៀតណាមស្នើឱ្យធ្វើទំនើបកម្មផ្លូវល្បឿនលឿនចំនួន៥ខ្សែតភ្ជាប់ជាមួយប្រទេសឡាវ

0

ដោយ: លាងហួរ

វៀតណាម: ក្រសួងដឹកជញ្ជូនបានផ្តល់អនុសាសន៍ដល់ក្រសួងផែនការ និងវិនិយោគ និងហិរញ្ញវត្ថុនូវគម្រោងចំនួនប្រាំ ដើម្បីធ្វើឱ្យប្រសើរឡើងនូវផ្លូវជាតិ ដែលតភ្ជាប់ជាមួយប្រទេសឡាវ។

គម្រោងទាំងនេះ នឹងត្រូវបានផ្តល់ហិរញ្ញប្បទាន ដោយកម្ចីពីធនាគារពិភពលោក(WB)ជាង៨,៥ពាន់ពាន់លានដុង(៣៦៩លានដុល្លារ)។

គម្រោងនេះ មានគោលបំណងធ្វើឱ្យប្រសើរឡើង នូវសមត្ថភាពធ្វើដំណើរ ពង្រឹងការតភ្ជាប់ច្រករបៀងខាងកើត-ខាងលិច និងពន្លឿនពាណិជ្ជកម្មជាមួយឡាវ និងភូមិភាគឦសាននៃប្រទេសថៃ។

គម្រោងធ្វើឱ្យប្រសើរឡើងនូវផ្លូវជាតិលេខ២៧៩ ចាប់ផ្តើមពីទីក្រុង Điện Biên Phủ ក្នុង  ព្រំដែនភាគខាងជើងឆ្លងកាត់ច្រកព្រំដែន Tây Trang ដល់ចំណុចសំខាន់លេខ១១៣នៃស្រុក Điện Biên ក្នុងខេត្ត Điện Biên នឹងមានការវិនិយោគសរុបចំនួន១,៥ពាន់ពាន់លានដុង(៦៤,៨ លានដុល្លារ)។

ផ្លូវនេះ នឹងត្រូវបានធ្វើឱ្យប្រសើរឡើង ដូច្នេះយានយន្តអាចធ្វើដំណើរក្នុងល្បឿន៦០ ទៅ៨០គីឡូម៉ែត្រក្នុងមួយម៉ោង។

ផ្នែកនៃផ្លូវជាតិលេខ១២Cឆ្លងកាត់ផ្លូវ Vũng Áng-Hồ Chí Minh ក្នុងខេត្តភាគកណ្តាលនៃខេត្ត Hà Tĩnh និង Quảng Bình នឹងត្រូវការទុនវិនិយោគជាង២ពាន់ពាន់លានដុង(៨៥,៤លានដុល្លារ) ដែលមានប្រវែងសរុប៨៩,៣គីឡូម៉ែត្រសម្រាប់ល្បឿនចន្លោះពី៦០ ទៅ៨០គីឡូម៉ែត្រក្នុងមួយម៉ោង។

យោងតាមក្រសួងបានឱ្យដឹងថា ការវិនិយោគសរុបចំនួន៣៦៩លានដុល្លារ ក្នុងនោះថវិកា២៩២លានដុល្លារ នឹងត្រូវចំណាយសម្រាប់ការសាងសង់ បរិក្ខារៈ ប្រឹក្សាយោបល់លើការរចនាបច្ចេកទេស ប្រឹក្សាការរចនាសំណង់ និងការប្រឹក្សាផ្នែកត្រួតពិនិត្យសំណង់។

ថវិកាជិត៧៧លានដុល្លារ នឹងត្រូវចំណាយលើការគ្រប់គ្រងគម្រោង ការប្រឹក្សាការវិនិយោគលើសំណង់ ការបោសសំអាតទីតាំង ពន្ធ ថ្លៃសេវា និងការចំណាយផ្សេងៗទៀត។

ចំណែករយៈពេលអនុវត្តន៍គម្រោង ត្រូវបានកំណត់ដោយក្រសួងដឹកជញ្ជូនពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៨ បន្ទាប់ពីកិច្ចព្រមព្រៀងផ្តល់មូលនិធិពីធនាគារពិភពលោកចូលជាធរមាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here