ដោយៈ គង់ សូរិយា
ភ្នំពេញៈ អភិបាលរងខេត្តព្រះសីហនុ លោក ឡុង ឌីម៉ង់បានស្នើឲ្យវិនិយោគិនអន្តរជាតិ ពិសេសអ្នកវិនិយោគម៉ាឡេស៊ី ឲ្យមកបន្តវិនិយោគលើអាគារជាប់គាំងនៅក្រុងព្រះសីហនុ។
អភិបាលរងខេត្តព្រះសីហនុ លោកឡុង ឌីម៉ង់បានមានប្រសាសន៍បែបនេះ ក្នុងពេលលោកអញ្ជើញចូលរួមជាវាគ្មិន និងធ្វើបទបង្ហាញស្តីអំពីឱកាសនៃការវិនិយោគក្នុងខេត្តព្រះសីហនុ ក្នុងវេទិកាស្តីពីកាលានុវត្តភាពធុរកិច្ច និងការការពារកម្មសិទ្ធិបញ្ញានៅប្រទេសកម្ពុជា ក្នុងក្របខណ្ឌនៃកិចហចព្រមព្រៀងភាពជាដៃគូគ្រប់ជ្រុងជ្រោយនៃសេដ្ឋកិច្ចតំបន់ (RCEP)។
វេទិកានេះបានរៀបចំដោយ ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងសហការរៀបចំដោយស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី និងសមាគម Malaysia Retail Chain នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា។
ក្នុងបទបង្ហាញជូនដល់គណៈប្រតិភូធុរកិច្ច ប្រទេសម៉ាឡេស៊ីប្រមាណ ៣០០នាក់ ដែលជាប្រធានអគ្គនាយក និងតំណាងក្រុមហ៊ុនជាង៤៣មកពីប្រទេសម៉ាឡេស៊ី លោកឡុង ឌីម៉ង់ បានលើកឡើងអំពីស្ថានភាពទូទៅរួមនៃខេត្ត ឱកាស នៃការវិនិយោគ និងវិស័យអាទិភាពសំខាន់ៗ ដែលមានសក្តានុពលទាក់ទាញ សម្រាប់វិនិយោគិនម៉ាឡេស៊ី មកវិនិយោគក្នុងខេត្តព្រះសីហនុ ដែលជាប៉ូលមួយ ក្នុងចំណោមប៉ូលសេដ្ឋកិច្ចធំៗ៣ ហើយត្រូវបានរាជរដ្ឋាភិបាល កំណត់ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។
លើសពីនេះទៀត លោកអភិបាលរង ក៏បានពន្យល់អំពីស្ថានភាពភាពនៃការជាប់គាំងសំណង់អាគារ ដែលមិនទាន់សាងសង់ និងស្នើឱ្យវិនិយោគិន ដែលចាប់អារម្មណ៍មកវិនិយោគបន្ត នូវអគារដែលមិនទាន់រួចរាល់ជាស្ថាពរក្នុងខេត្តព្រះសីហនុផងដែរ។
គិតមកដល់បច្ចុប្បន្ន ខេត្តព្រះសីហនុ មានក្រុមហ៊ុនម៉ាឡេស៊ីចំនួន១៧ និងនិយោជកជនជាតិម៉ាឡេស៊ី ប្រមាណ៣៦០០នាក់ កំពុងវិនិយោគ និងធ្វើការលើវិស័យសណ្ឋាគារ កាស៊ីណូ ភោជនីយដ្ឋាន អចលទ្រព្យ កាត់ដេរ ធនាគារ និងរោងចក្រផលិតអគ្គិសនីជាដើម។
លោកឡុង ឌីម៉ង់បានបន្ថែមថា ខេត្តព្រះសីហនុ បានត្រៀមខ្លួនរួចជាស្រេច សម្រាប់ទទួលស្វាគមន៍ វិនិយោគិនម៉ាឡេស៊ីបន្ថែមទៀត ជាពិសេសគណៈប្រតិភូពាណិជ្ជករ ដែលមានវត្តមាននៅក្នុងវេទិកានេះតែម្តង៕