កម្ពុជា និង​ថៃ សម្រេចបាន​ទំហំ​ពាណិជ្ជកម្ម ៧ប៊ី​លាន​ដុល្លារ​អាមេរិក នៅត្រឹម​ត្រីមាស​ទី៣ នៃ​ឆ្នាំ២០១៨

0

ដោយ​វុត្ថា

ភ្នំពេញ៖ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​ថៃឡង់​ដ៍ បាន​កើនឡើង​រហូតដល់​ជាង ៧ប៊ី​លាន​ដុល្លារ នៅត្រឹម​បំណាច់​ខែតុលា ឆ្នាំ២០១៨ ដែលជា​សញ្ញាណ​វិជ្ជមាន​សម្រាប់​កិច្ច​សហ​ប​ត្តិ​ការ​ប្រទេស​ទាំងពីរ ខណៈដែល​ប្រមុខ​រាជរដ្ឋាភិបាល គ្រោង​បង្កើន​ទំហំ​ពាណិជ្ជកម្ម ឱ្យបាន​ដល់ ១៥ ប៊ី​លាន​ដុល្លារ​អាមេរិក នៅ​ឆ្នាំ២០២។

នៅក្នុង​ជំនួប​ពិភាក្សា​ទ្វេភាគី​ជាមួយ​លោក ផាន់​យ៉ា​រ៉ា​ក់ ប៉ុល​ធូប ឯកអគ្គរាជទូត​ថៃ​ប្រចាំ​នៅ​កម្ពុជា នាឱកាស​ចូលរួម​ពិធីបុណ្យ​ជាតិ​ថៃ ដែល​រៀបចំឡើង​នៅ​ស្ថានទូត​ថៃឡង់​ដ៍​ប្រចាំ​នៅ​កម្ពុជា កាលពី ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ ឯ​លោក​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ បានបង្ហាញ​សុទិដ្ឋិនិយម​ថា ទំហំ​ពាណិជ្ជកម្ម​កម្ពុជា-ថៃឡង​ដ៍ នឹង​បន្ត​កើនឡើង​ថែមទៀត ហើយ​ឈានទៅ​សម្រេច​តាម​ផែនការ​ដែល​បានកំណត់ ដោយសារ​ប្រទេស​ទាំងពីរ មាន​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ល្អ​លើ​គ្រប់​វិស័យ។

លោក​រដ្ឋមន្ត្រី ក៏បាន​អះអាង​ប្រាប់ ឯកឧត្តម​ឯកអគ្គរាជទូត​ថា កម្ពុជា​នឹង​បន្តធ្វើ​ការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ថៃឡង់​ដ៍ ជាពិសេស​ក្នុងពេលដែល​ប្រទេស​ថៃឡង់​ដ៍ ធ្វើជា​ប្រធាន​អាស៊ាន នៅក្នុង​ឆ្នាំ២០១៩ ខាងមុខ សំដៅ​ធ្វើ ឱ្យ​ការចរចា​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ RCEP អាច​បញ្ចប់​ដោយ​ជោគជ័យ​នៅក្នុង​ឆ្នាំក្រោយ ដើម្បី​ធានា​ការធ្វើ​ពិពិធ​កម្មវិស័យ​នាំចេញ​របស់​កម្ពុជា។

បន្ថែម​លើ​នោះ ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា លោក​រដ្ឋមន្ត្រី ក៏បាន​សម្តែង​នូវ​ការអបអរសាទរ និង​បាន​ជូនពរ​ដល់​រាជរដ្ឋាភិបាល និង​ប្រជាជន​នៃ​ព្រះរាជាណាចក្រ​ថៃឡង់​ដ៍ ដែល​កំពុង​ប្រារព្ធ​បុណ្យជាតិ​ទូទាំងប្រទេស ដើម្បី​រំលឹក​ដល់​ថ្ងៃកំណើត​របស់​អតីតព្រះមហាក្សត្រ​ថៃ Bhumibol Adulyadej ដែលមាន​គុណូបការៈ​យ៉ាង​លើសលុប និង​ទទួលបាន​ការគោរព​ស្រឡាញ់​ពី​សំណាក់​ប្រជាជន​ថៃ​គ្រប់​ស្រទាប់វណ្ណៈ។

ជាការ​ឆ្លើយតប លោក​ផាន់​យ៉ា​រ៉ា​ក់ ប៉ុល​ធូប បាន​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​តែងតែ​គាំទ្រ និង​ជួយ​ជំរុញ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​ថៃឡង់​ដ៍ ឱ្យ​កាន់តែ​រីកចម្រើន​ឥតឈប់ឈរ។

លោក​ឯកអគ្គរាជទូត ក៏បាន​សន្យា​បន្ត​ពង្រីក​ការតភ្ជាប់​ព្រំដែន​រវាង​កម្ពុជា និង​ថៃឡង់​ដ៍ និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​អប់រំ តាមរយៈ​ការផ្តល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា ក៏ដូចជា​ការបង្កើត និង​អភិវឌ្ឍន៍​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់​ឈើទាល និង​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺ ដោយ​ប្រើប្រាស់​មូលនិធិ​របស់​ម្ចាស់​ក្ស​ត្រី មហា​ចក្រី ស៊ូ​រិ​ន​ដន៕

LEAVE A REPLY

Please enter your comment!
Please enter your name here