ថៃគ្រោងស្នើសុំថវិកាបន្ថែមចំនួន១៨១លានដុល្លារ សម្រាប់បញ្ចប់គម្រោងផ្លូវហាយវេយភ្ជាប់ខេត្តចំនួនបី

0

ដោយ: លាងហួរ

បាងកក: នាយកដ្ឋានផ្លូវហាយវេយគ្រោងស្នើឱ្យគណៈរដ្ឋមន្ត្រីអនុម័តថវិកាបន្ថែមចំនួន៦,៧ពាន់លានបាត (ប្រហែលជាង១៨១លានដុល្លារ) សម្រាប់ការសាងសង់ផ្នែក ដែលនៅសេសសល់នៃផ្លូវហាយវេយ តំបន់បាងប៉ាអ៊ីន ទីកាន់ខេត្តស្រះបុរី និងខេត្តនគររាជស៊ីម៉ា ។

ប្រភពច្បាស់លាស់ពីនាយកដ្ឋានផ្លូវហាយវេយ បានឱ្យដឹងថា នាយកដ្ឋានបានជូនដំណឹងទៅកាន់ក្រសួងដឹកជញ្ជូន និងការិយាល័យថវិកា ដោយបានស្នើសុំថវិកាបន្ថែមចំនួន៦,៧៥៥ពាន់លានបាត សម្រាប់ការសាងសង់ផ្នែក ដែលនៅសេសសល់ចំនួន១៦នៃគម្រោងផ្លូវហាយវេ ដែលនឹងត្រូវការការផ្លាស់ប្តូរក្នុងការរចនាសំណង់។

ប្រភពដដែលបានបន្តថា រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន លោក Saksayam Chidchob ត្រូវបានគេរំពឹងថា នឹងលើកយកសំណើរនេះ ស្នើទៅកាន់គណៈរដ្ឋមន្ត្រី ក្នុងអំឡុងពេលកិច្ចប្រជុំប្រចាំសប្តាហ៍នៅថ្ងៃអង្គារ ដើម្បីអនុម័តសំណើថវិកាបន្ថែម។

គម្រោងនេះត្រូវបានអនុម័ត ដោយគណៈរដ្ឋមន្ត្រីនៅថ្ងៃទី១៤ ខែកក្កដាឆ្នាំ ២០១៥ ដើម្បីសាងសង់ផ្លូវល្បឿនលឿនប្រវែង១៩៦គីឡូម៉ែត្រ ដែលតភ្ជាប់បាងប៉ាអ៊ីន ក្នុងខេត្តអាយុធ្យា ទៅខេត្ត ស្រះបុរីនិងទៅខេត្តនគររាជស៊ីម៉ា។

គម្រោងនេះត្រូវបានអនុម័តជាមួយនឹងថវិកាដំបូងចំនួន៨៤,៦ពាន់លានបាត (ប្រហែលជាង២ពាន់លានដុល្លារ) ហើយគម្រោងនេះត្រូវបានបែងចែកជា៤០ផ្នែក។  ការសាងសង់បានចាប់ផ្តើមនៅឆ្នាំ២០១៦ ហើយរហូតមកដល់ពេលនេះ២៤ផ្នែកត្រូវបានបញ្ចប់។

ប្រភពដដែលបន្តថា ១៦ផ្នែកទៀត ដែលនៅសេសសល់ មិនទាន់បានសាង់សង់នោះទេ ដោយសារ ការសាងសង់មានបញ្ហាទាក់ទង នឹងភូគព្ភសាស្ត្រ នៃតំបន់ដែលទាមទារការរចនាថ្មី សម្រាប់ផ្នែក ដែលមិនទាន់សម្រេច។  ប្រភពបានពន្យល់ថា លក្ខខណ្ឌតំបន់បានផ្លាស់ប្តូរ ចាប់តាំងពីការស្ទង់មតិគម្រោងដំបូង ក្នុងឆ្នាំ២០១៨។

ប្រភពនេះបន្ថែមថា ការរចនាត្រូវតែផ្លាស់ប្តូរ ដើម្បីឆ្លើយតបទៅនឹងសេវាសាធារណៈ ក្នុងតំបន់ក៏ដូចជាការតវ៉ារបស់សាធារណជន។ ផ្នែកខ្លះនៃផ្លូវហាយវេដែលត្រូវបានសាងសង់រួច ត្រូវបានគេរំពឹងថានឹងបើកឱ្យដំណើរការសាកល្បងជាសាធារណៈនៅចុងឆ្នាំក្រោយ។  ប្រព័ន្ធផ្លូវបង់ប្រាក់ត្រូវបានគេរំពឹងថា នឹងត្រូវបានសាកល្បងនៅឆ្នាំ២០២៤ ហើយផ្លូវទាំងមូលនឹងត្រូវបានបើកឱ្យធ្វើចរាចរណ៍ នៅឆ្នាំ២០២៥៕

LEAVE A REPLY

Please enter your comment!
Please enter your name here