ដោយ៖ សុផារី
ភ្នំពេញ៖ អាកាសយានដ្ឋានអន្តរជាតិសៀមរាមអង្គរថ្មី បានសម្រេចការសាងសង់បានចន្លោះពី៤០ទៅ៧០ភាគរយហើយ ខណៈគម្រោងថ្មីមួយនេះនឹងរួចរាល់ទំាងស្រុងនៅពាក់កណ្តាលឆ្នាំ២០២៣ខាងមុខនេះ។
នេះបើយោងតាមការបញ្ជាក់របស់លោក ជា អូន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល ក្នុងឱកាសជួបពិភាក្សាការងារជាមួយលោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុកអាកាសចរស៊ីវិល នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២។
លោកបានលើកឡើងថា សម្រាប់ក្រុមហ៊ុនសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាមអង្គរថ្មី បានបញ្ជាក់ពីវឌ្ឍនភាពនៃការសាងសង់ផងដែរ ដែលមកដល់ពេលនេះ សម្រេចបានចន្លោះពី៤០ទៅ៧០ភាគរយ ហើយអាកាសយានដ្ឋានអន្តរជាតិថ្មីមួយនេះ នឹងរួចរាល់ទំាងស្រុងនៅពាក់កណ្តាលឆ្នាំ២០២៣ខាងមុខនេះ។
អាកាសយានដ្ឋានអន្តរជាតិសៀមរាមអង្គរ បានដំណើរការសាងសង់នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ ដែលសាងសង់ដោយក្រុមហ៊ុនវិនិយោគដែលមានឈ្មោះថា Angkor International Airport Investment ហើយអាកាសយានដ្ឋាននេះមានផ្ទៃដីជាង៧០០ហិកតា និងមានផ្ទៃដីបម្រុងជាង១ពាន់ហិកតាទៀត។
គម្រោងនេះគ្រោងចំណាយថវិកាប្រមាណ៨០០លានដុល្លារ ហើយអ្វីដែលពិសេសនៅពេលអាកាសយានដ្ឋាននេះ កសាងរួចរាល់ដាក់ឱ្យដំណើរការ គឺអាចទទួលបានគ្រប់ប្រភេទយន្តហោះធំៗជុំវិញពិភពលោកបានទំាងអស់។
ស្របពេលជាមួយគ្នានេះ ក្រុមហ៊ុនអាកាសចរណ៍បរទេសថ្មីចំនួនពីរ ត្រៀមហោះហើរមកកាន់ប្រទេសកម្ពុជា រួមមាន ដែលជាក្រុមហ៊ុនបញ្ញើរបស់សហរដ្ឋអាមេរិក ហ្វីតដេក និងក្រុមហ៊ុនអ៊ែដវីនរបស់ Air Asia ដែលមានស្នាក់ការនៅប្រទេសឥណ្ឌូនេស៊ី និងម៉ាឡេស៊ី៕