ក្រុមហ៊ុនអន្តរជាតិមួយទទួលបានសិទ្ឋធ្វើអាជីវកម្មរ៉ែមាសក្នុងខេត្តកំពង់ធំ

0

ដោយៈ គង់ សូរិយា

       កំពង់ធំៈ ក្រុមហ៊ុន LATE CHENG MINING DEVEOPMENT CO.,LTD ធ្វើការ​វិនិយោគ​ទៅលើ​អាជីវកម្ម​រ៉ែ​មាស ក្នុងស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ នៅ​ចុងឆ្នាំ ២០២៣ ខាងមុខ​។

យោងតាមសេចក្តីប្រកាសព៌តមាន របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឲ្យដឹងកាលពីថ្ងៃទី១ កញ្ញាកន្លងមកថា តបតាម​សំណើ​សុំ​វិនិយោគ​របស់​ក្រុមហ៊ុន គណៈកម្មាធិការ​វិនិយោគ​កម្ពុជា ​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​សម្រេច​ចេញ​វិញ្ញាបនបត្រ ​ជូន​គម្រោង​វិនិយោគ​នេះ ត្រូវ​ចំណាយ​ទុន​ប្រមាណ​១៣​លាន​ដុល្លារ​អាមេរិក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ៣០០​កន្លែង​។

លោក អ៉ឹង ឌីប៉ូឡា អ្នក​នាំពាក្យ​ក្រសួង​រ៉ែ និង​ថាមពល បាន​ឱ្យ​ដឹង​ថា នៅ​ប្រទេស​កម្ពុជា ​មិនមាន​ក្រុមហ៊ុន​រដ្ឋ​ឡើយ​។ រាល់​ការវិនិយោគ គឺ​ពឹងផ្អែក​ទាំងស្រុង​ទៅលើ​ក្រុមហ៊ុន​ឯកជនសម្រាប់​ការអភិវឌ្ឍន៍​។

លោក​លើក​ឡើង​ថា “​យើង​នឹង​ទទួល​បាន​ផល​ចំណេញ​ចំនួន៤ ពី​ការវិនិយោគ​ ផលចំណេញ​ទី​១ គឺ​តាមរយៈ​សួយសា ហើយ​ទី​២ គឺ​តាមរយៈ​ការបង់​ពន្ធ និង​ទី​៣ គឺ​យើង​បង្កើត​ការងារ ចំណែក​ទី​៤ គឺ​យើង​ទទួលបាន​បទពិសោធ​ក្នុង​ការធ្វើ​អាជីវកម្ម​ថ្មី​នេះ។

លោកបន្ថែម​ថា រាល់​ការធ្វើ​អាជីវកម្ម​ទាំងអស់ ​នៅក្នុង​លោក​យើង​នេះ មិន​ថា​តែ​អាជីវកម្ម​រ៉ែ​មាស​ទេ គ្រប់​អាជីវកម្ម​ផ្សេង​ទៀត ក៏​នៅតែ​មាន​ផល​ប៉ះពាល់​ផង​ដែរ គ្រាន់​តែមាន​តិច ឬ​ក៏​ច្រើន​ប៉ុណ្ណោះ​។ ហើយ​រដ្ឋាភិបាល​កម្ពុជា ប្ដេជ្ញា​ថា នឹង​ថ្លឹងថ្លែង​ពិចារណា​ឱ្យបាន​ហ្មត់ចត់​បំផុត ​រវាង​ផល​ប៉ះពាល់ និង​ផលចំណេញ ​ដែល​ទទួលបាន​ពី​ការវិនិយោគ​នេះ​៕

x

LEAVE A REPLY

Please enter your comment!
Please enter your name here