តើគំរោងបង្កើតទីក្រុងល្វាឯមរបស់រដ្ឋាភិបាលនឹងលើកកំពស់វិស័យអចលនទ្រព្យនៅតំបន់នោះឬទេ?

0

ដោយៈ ជេស៊ីកា

       ភ្នំពេញៈ ​​​សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាកាលពីថ្ងៃទី៣១ សីហា បានប្រកាសពីការសិក្សាបង្កើតទីក្រុងល្វាឯម ស្ថិតក្នុងស្រុកល្វាឯម ខេត្តកណ្តាល។

សម្តេចតេជោបានថ្លែងថា ទីក្រុងល្វាឯម នឹងស្ថិតក្នុងចំណុះទឹកដីខេត្តកណ្តាល ពោលគឺមិនមែនត្រូវកាត់ចូលក្នុងដែនរដ្ឋបាល រាជធានីភ្នំពេញនាពេលអនាគតទេ ដោយសម្តេចលើកឡើងថា “ទីក្រុងល្វាឯមដែលកំពុងសិក្សា នឹងស្ថិតក្នុងរដ្ឋបាលខេត្តកណ្តាល ដើម្បីឲ្យខេត្តកណ្តាលមានពន្ឋអាកររបស់គេផង។

សម្តេចតេជោបានបន្តថា “ខ្ញុំឲ្យសិក្សាតំបន់ល្វាឯម ឲ្យទៅជាទីក្រុងល្វាឯម ហើយខ្ញុំបានបញ្ជាក់ជាមួយកសម្តេចក្រឡាហោមស ខេងថាលើកនេះ មិនមែនសិក្សាហើយ យកមកភ្ជាប់មកភ្នំពេញទេ”។ សម្តេចបន្តថា “លើកនេះសិក្សាហើយ ប្រគល់ឲ្យខេត្តកណ្តាល បើមិនចឹងដីតំបន់ណាមានភាពរីកចម្រើនប្រគល់ឲ្យរាជធានីភ្នំពេញអស់ អញ្ចឹងដីក្នុងខេត្តកណ្តាលចេះតែថយ​ៗ”។

ស្រុកល្វាឯម ជាស្រុកធំមួយក្នុងខេត្តកណ្តាល ដែលមានឃុំចំនួនរហូតដល់១៥ និង៤៣ភូមិ ជាមួយចំនួនប្រជាជនរស់នៅសរុប

ទាក់ទងនឹងការលើកឡើងរបស់សម្តេច លើផែនការបង្កើតទីក្រុងល្វាឯម ឲ្យស្ថិតក្រោមរដ្ឋបាលខេត្តកណ្តាល តើគំរោងនេះនឹងលើកកំពស់ទីផ្សារអចលនទ្រព្យនៅតំបន់នោះដូចម្តេច?។

អគ្គនាយកក្រុមហ៊ុនBrainland Real Estate លោកសោម លីហ៊ានបានមានប្រសាសន៍ថា ដើម្បីពិនិត្យ និងវិភាគពីសក្តានុពល នៃការបង្កើតក្រុងល្វាឯម តើនឹងជួយលើកកំពស់អចលនទ្រព្យនៅតំបន់នោះឬទេ? យើងត្រូវពិនិត្យមើលកត្តាមួយចំនួន ដូចជា កត្តាភូមិសាស្រ្ត និងតង់ស៊ីតេរបស់ប្រជាជនរស់នៅក្នុងតំបន់នោះ និងតំបន់ជុំវិញជាមុនសិន។

លោកបន្តថា “សម្តេចតេជោសម្រេចសិក្សាបង្កើតក្រុងល្វាឯម ជាការល្អ ដែលទីក្រុងនេះ អាចស្ថិតក្នុងក្នុងលំនាំទីក្រុងតាខ្មៅ ខេត្តកណ្តាល”។​លោកបន្តថា “បើនិយាយពីតម្លៃអចលនទ្រព្យវិញ រវាងខេត្តនិងរាជធានីគឺពិតជាខុសគ្នាទាំងតម្លៃ និងសក្តានុពល”។

លោកសោម លីហ៊ានបានប្រដូចសក្តានុពល អចលនទ្រព្យនៅតាមបណ្តាខេត្ត ប្រៀបដូចជាមន្រ្តីពាក់ស័ក្តិ៥ ហើយអចលនទ្រព្យនៅរាជធានីភ្នំពេញ ប្រៀបដូចជាមន្រ្តីពាក់ផ្កាយ១”។

ជាមួយគ្នានេះ លោកបណ្ឌិតគីម ហ៊ាងប្រធានKW Cambodia បានមានប្រសាសន៍ឲ្យដឹងនាពេលកន្លងមកថា ជាទូទៅនិន្នាការរបស់ប្រជាពលរដ្ឋខ្មែរ គឺចំណង់ចំណូលចិត្តរបស់ពួកគាត់ នៅពេលពួកគាត់ចូលមកកាន់រាជធានីហើយ ពួកគេមិនងាយ ចេញទៅរស់នៅតាមបណ្តាខេត្តនោះទេ ស្របពេលអ្នកនៅតាមបណ្តាខេត្ត តែងតែនិយមចូលមករស់នៅទីក្រុង ជាជាងត្រលប់ពីទីក្រុង ទៅរស់នៅតាមបណ្តាខេត្តវិញ។

លោកបន្តថា “នេះជានិន្នាការធម្មតារបស់ប្រជាជនកម្ពុជា ក៏ដូចជាប្រជាជននៅលើបណ្តាប្រទេសនានានៅលើពិភពលោក”៕

LEAVE A REPLY

Please enter your comment!
Please enter your name here