ដោយគង់ សូរិយា
ភ្នំពេញ: ស្របពេលឆ្នាំ២០១៨នឹងរំកិលផុតនាពេលឆាប់ៗខាងមុខនេះ អ្នកជំនាញក្នុងវិស័យអចលនទ្រព្យកម្ពុជាបានសម្តែងសុទិដ្ឋិនិយមថា វិស័យនេះនឹងសម្រេចបានកំនើន១៥ភាគរយបន្ថែមទៀតនៅឆ្នាំ២០១៩ខាងមុខ។
អគ្គនាយកក្រុមហ៊ុនCentury21 Mekongលោកច្រឹក សុខនីមបានមានប្រសាសន៍ក្នុងសន្និបាតក្រុមហ៊ុនអចលនទ្រព្យលំដាប់ពិភពលោក នៅសណ្ឋាគារសុខានិងរ៉េស៊ីដិនកាលពីរាត្រីថ្ងៃទី១ ធ្នូកន្លងមកថា កំនើនវិស័យអចលនទ្រព្យនៅឆ្នាំ២០១៩ គឺគាំទ្រដោយកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ កំនើនសេដ្ឋកិច្ចដ៏រ៉ឹងមាំរបស់កម្ពុជា ពិសេសប្រជា ជនកម្ពុជាចាប់ផ្តើមយល់ពីការវិនិយោគក្នុងវិស័យនេះ។លោកបន្តថា អ្នកវិនិយោគចិន ជប៉ុននឹងចូលមកវិនិយោគកាន់តែច្រើនថែមទៀតនៅកម្ពុជា ទោះជាកម្ពុជាមានបញ្ហាតិចតួចតែរឿងទាំងនោះអាចដោះស្រាយបាន។
លោកបន្តថា “បើធៀបកម្ពុជាជាមួយប្រទេសក្នុងតំបន់អាស៊ាន ប្រទេសកម្ពុជាមានសក្តានុពលអចលនទ្រព្យខ្ពស់ ដោយការវិនិយោគនៅកម្ពុជា អ្នកវិនិយោគជាតិ អន្តរជាតិនៅទទួលបានប្រាក់ចំណេញខ្ពស់ជាងប្រទេសក្នុងតំបន់”។លោកបន្តថា “អ្នកវិនិយោគបរទេសមួយចំនួន ពួកគេចាត់ទុកកម្ពុជាជាកូននាគនៅអាស៊ី ដោយការវិនិយោគរបស់ពួកគេ ទទួលបានផ្លែផ្កាខ្ពស់ ដែលជាកត្តាទាក់ទាញការវិនិយោគពីបរទេស”។
លោកច្រឹក សុខនីមបានបន្តថា ក្រុមហ៊ុនCentury21 មានទីតាំងនៅប្រទេសចំនួន៨១ និងមានភ្នាក់ងារលក់ជាង១១ម៉ឺននាក់ និងនៅកម្ពុជាជាង៣០០នាក់ ដែលពួកគេកំពុងចូលរួមដោះស្រាយបញ្ហាទីផ្សារ ដែលនឹងផ្តល់ផលប្រយោជន៍ដល់អ្នកទិញ និងអ្នកលក់បានផលប្រយោជន៍ដូចគ្នា។
យោងតាមរបាយការណ៍របស់ធនាគារពិភពលោកបានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជាឆ្នាំនេះនឹងសម្រេចបានកំនើន៧,១ភាគរយ និងឆ្នាំ២០១៩ខាងមុខនឹងសម្រេចបានកំនើនក្នុងរង្វង់៧ភាគរយបន្តទៀត។
ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី(ADB)ប្រចាំកម្ពុជា បានថ្លែងឲ្យដឹងក្នុងជំនួនជាមួយឧបនាយករដ្ឋមន្រ្តីគាត ឈន់ប្រធានកិត្តិយសនៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចកម្ពុជាកាលពីពេលថ្មីៗនេះថា សេដ្ឋកិច្ចកម្ពុជានឹងសម្រេចបានកំនើន៧ភាគរយ ក្នុងរយៈពេលវែងបន្តទៀត៕