គម្រោងអភិវឌ្ឍអាជីវកម្មប្រកបដោយសុចរិតភាពបានជំរុញចលនា ភូមិ១ ផលិតផល១

0

ដោយៈ សុផារី

សៀមរាបៈ គម្រោងអភិវឌ្ឍអាជីវកម្ម ប្រកបដោយសុច្ចរិតភាព បានជំរុញចលនាភូមិមួយផលិតផលមួយ ព្រមទាំងអភិវឌ្ឍន៍ធនធានមនុស្សទាក់ទងនឹងការជំរុញចលនាភូមិ១ផលិតផល១ នៅថ្នាក់ខេត្ត ដើម្បីទទួលបានចំណេះដឹង បទពិសោធន៍ និងចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ កាត់បន្ថយការចំណាកស្រុក លើកកម្ពស់ជីវភាពរស់នៅ និងគុណភាពជីវិតរបស់ប្រជាជនតាមសហគមន៍។

គោលបំណងនៃវេទិកានេះគឺ ដើម្បីឱ្យអ្នកផលិត និងអ្នកទិញ បានជួបគ្នា នឹងធ្វើបទបង្ហាញពីផលិតផលរបស់ខ្លួន និងការរកទីផ្សារផលិតផលក្នុងស្រុក ដើម្បីឈានទៅរកការចងក្រងផលិតករ សេវាករ និងសិប្បករ នៅតាមមូលដ្ឋាន ឱ្យចូលជាសមាជិកចលនាភូមិ១ ផលិតផល១ និងអង្គភាព-ស្ថាប័នពាក់ព័ន្ធ ដែលជាសមាជិកគណៈកម្មាធិការជាតិ ជំរុញចលនាភូមិ១ ផលិតផល១។

គោលការណ៍ណែនាំនេះ ក៏មានបំណងជំរុញឱ្យអ្នកពាក់ព័ន្ធ ធ្វើការណែនាំ និងពន្យល់ដល់ប្រជាពលរដ្ឋ និងអ្នកផលិតតាមមូលដ្ឋាន ឱ្យបានយល់ច្បាស់បន្ថែមទៀត អំពីសារៈសំខាន់ និងផលប្រយោជន៍ ក្នុងការចូលរួមចលនាភូមិ១ ផលិតផល១ ធ្វើយ៉ាងណាឱ្យការប្រើប្រាស់ផលិតផលក្នុងស្រុក និងជំរុញពួកគាត់ចូលជាសមាជិកចលនានេះបានទូលំទូលាយ។

លោកនាក់ ណេរ៉ុន អភិបាលរងខេត្ត មានប្រសាសន៍នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ថា ដើម្បីសម្រេចផែនការសកម្មភាពនេះ រដ្ឋបាលខេត្តសៀមរាប និងគណៈកម្មាធិការជំរុញចលនាភូមិ១ ផលិតផល១ ថ្នាក់ខេត្ត នឹងខិតខំប្រឹងប្រែង សហការជាមួយរដ្ឋបាលក្រុង-ស្រុក និងមន្ទីរ-អង្គភាពពាក់ព័ន្ធ ដើម្បីអនុវត្តការងារឱ្យទទួលបានលទ្ធផលល្អប្រសើរ ក្នុងន័យចូលរួមផ្សព្វផ្សាយ ជំរុញ និងចងក្រងផលិតករ សេវាករ និងសិប្បករ នៅតាមមូលដ្ឋានឱ្យប្រើប្រាស់ផលិតផល ក្នុងស្រុកឱ្យកាន់តែទូលំទូលាយ ជំរុញឱ្យចូលជាសមាជិកចលនាភូមិ១ ផលិតផល១ ព្រមទាំងអភិវឌ្ឍន៍ធនធានមនុស្សទាក់ទងនឹងការជំរុញចលនាភូមិ១ ផលិតផល១ នៅថ្នាក់ខេត្ត ដើម្បីទទួលបានចំណេះដឹង បទពិសោធន៍ និងចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ កាត់បន្ថយការចំណាកស្រុក លើកកម្ពស់ជីវភាពរស់នៅ និងគុណភាពជីវិតរបស់ប្រជាជនតាមសហគមន៍។

លោកបានបន្ថែមទៀតថា រដ្ឋបាលខេត្ត និងគណៈកម្មាធិការជំរុញចលនាភូមិ១ ផលិតផល១ ថ្នាក់ខេត្ត នឹងបន្តណែនាំដល់ម្ចាស់ផលិតផល ឬអាជីវករដែលទទួលបានវិញ្ញាបនបត្រ និងអនុញ្ញាតពីថ្នាក់ជាតិឱ្យបន្តខិត​ខំ​បំពេញបច្ចេកទេស និងទទួលការណែនាំរបស់ថ្នាក់ជាតិ ដើម្បីរក្សាបាននូវគុណភាព អនាម័យ និងបច្ចេកទេសផ្សេងៗរបស់ផលិតផលរបស់ខ្លួន ព្រមទាំងជំរុញដល់អ្នកផលិត និងអ្នកប្រើប្រាស់មានទំនាក់ទំនងគ្នា សម្រាប់ឱកាសទីផ្សារសម្រាប់អ្នកផលិតក្នុងស្រុក និង M/SMEs ក្នុងគោលបំណង ដើម្បីឱ្យអ្នកផលិត និងអ្នកទិញ បានជួបគ្នា និងបង្ហាញពីតម្រូវការផលិត​ផលរបស់ខ្លួន និងឱកាសទីផ្សារសម្រាប់ផលិតផលចាំបាច់ សម្រាប់តម្រូវការផលិតផងដែរ។

ជាមួយគ្នានេះ លោក សួង ណយ អគ្គលេខាធិការរង និងជាអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ ផលិតផល១ មានប្រសាសន៍ថា ការរៀបចំវេទិកាផ្គូផ្គង រវាងអ្នកផលិតនិងអ្នកលក់នេះគឺទាមទារឱ្យមានការសាមគ្គី ឈរលើគោលការណ៍ សុចរិតភាព គុណភាព អនាម័យ និងរក្សាតម្លៃទៅតាមស្តង់ដារតម្លៃទីផ្សារ និងទាមទារឱ្យមានការចូលរួមយ៉ាងសកម្មផងដែរពី ក្រសួង អង្គភាពមន្ទីរស្ថាប័នពាក់ព័ន្ឋ ធ្វើយ៉ាងណាជំរុញឱ្យមានការអភិវឌ្ឍផលិតផលថ្មីៗ ក៏ដូចជា ពង្រឹងគុណភាព និងសមត្ថភាពពាណិជ្ជកម្ម នៃផលិតផលដែលមានស្រាប់ នេះជាគោលការណ៍គ្រឺះ ដែលយើងចង់បាន សំដៅធ្វើឱ្យទទួលបាននូវផលិតផល មានភាពសម្បូរបែប កាត់បន្ថយការនាំចូល នូវទំនិញប្រើប្រាស់មួយចំនួនមកពីប្រទេ​សជិតខាង៕

LEAVE A REPLY

Please enter your comment!
Please enter your name here