សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជាជម្រុញឲ្យរដ្ឋាភិបាលអភិវឌ្ឈន៍ សេដ្ឋកិច្ចបៃតង

0

ដោយៈ គង់ ម៉ាលីនណា

       ភ្នំពេញៈ ថ្នាក់ដឹកនាំ និងអ្នកជំនាញនៃសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (EuroCham) បានជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចបៃតង តាមរយៈការអំពាវនាវឱ្យបង្កើនការប្រើប្រាស់ថាមពលសូឡា និងអនុវត្តឱ្យបានពេញលេញ នូវការប្រើប្រាស់ថាមពលកកើតឡើងវិញ ដើម្បីទាក់ទាញវិនិយោគិន និងប្រកួតប្រជែងជាមួយប្រទេសក្នុងតំបន់។

ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា លោក Tassilo Brinzer បានមានប្រសាសន៍ថា ការអនុម័ត និងគាំទ្រពេញលេញ ទៅលើការប្រើប្រាស់បន្ទះសូឡាលើដំបូលអាគារ ពីសំណាក់រាជរដ្ឋាភិបាល គឺជាការបោះជំហានយ៉ាងធំ ឆ្ពោះទៅរកការធ្វើទំនើបកម្ម មូលដ្ឋានផលិតរបស់កម្ពុជា ដើម្បីធ្វើឱ្យប្រទេសកម្ពុជាទទួលបាននូវកេរ្តិ៍ឈ្មោះថា ជាប្រទេសដែលមានបរិស្ថានបៃតង និងកាន់តែមានភាពប្រកួតប្រជែង ថែមទាំងអាចធ្វើសមាហរណកម្មខ្លួនបានល្អប្រសើរទៅក្នុងសេដ្ឋកិច្ចតំបន់។

លោកបន្តថា “នេះនឹងជំរុញកម្ពុជា ឱ្យក្លាយជាទិសដៅវិនិយោគ ដោយ​សារតែការវិនិយោគទៅលើថាមពល កកើតឡើងវិញ អាចទទួលបានការគាំទ្រជាគម្រោងវិនិយោគ​ មានគុណវុឌ្ឍិនៅក្នុងច្បាប់ស្តីពី ការវិនិយោគថ្មី និងទាក់ទាញក្រុមហ៊ុនផលិត ដែលមានគោលដៅថាមពលស្អាត ក្នុងការបំពេញ តាមគោលដៅរបស់ខ្លួនបាន”។

ជាមួយគ្នានេះ លោក Rogier van Mansvelt អនុប្រធានគណៈក   ម្មាធិការធុរកិច្ចបៃតង នៃសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា បានមានប្រសា​សន៍ឲ្យដឹងផងដែរថា រោងចក្រកាត់ដេរភាគច្រើន ត្រូវបានទទួលរងសម្ពាធពីអ្នកទិញ ក្នុងការដំឡើងបន្ទះសូឡា។ ប្រសិនបើកម្ពុជាមានបំណងរក្សាភាពទាក់ទាញរបស់ខ្លួនសម្រាប់វិនិយោគិន វិស័យកាត់ដេរ កម្ពុជាគួរតែបង្កើតបទប្បញ្ញត្តិ និងអត្រាពន្ធដែលគាំទ្រដល់ការដំឡើងសូឡា។

ចំណែកលោក Massimiliano Tropeano ជំនាញការផ្នែកចីរភាពរបស់សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជាបានបន្ថែមថា ប្រទេសកម្ពុជា គឺកំពុងតែជួបប្រទះនូវបញ្ហាប្រឈម និងជម្រើសជាច្រើន ដែលអាចនឹងកាត់បន្ថយភាគរយ នៃថាមពលកកើតឡើងវិញរបស់ប្រទេស។

លោកបន្តថា គោលនយោបាយ នឹងបើកចំហជាងមុន ឆ្ពោះទៅរកការប្រើប្រាស់ថាមពលសូឡា និងថាមពលពន្លឺព្រះអាទិត្យរបស់វិស័យឯកជន នឹងអាចជួយដោះស្រាយបញ្ហានានាបាន ដូចជា តម្រូវការថាមពលអគ្គិសនីកំពុងកើនឡើង ការផលិតថាមពលអគ្គិសនីមានតម្លៃទាបជាងមុន និងការពឹងផ្អែកទៅលើការនាំចូលថាមពលពីបរទេស។

លោកបន្តថា រាជរដ្ឋាភិបាលកម្ពុជា បានចូលរួមក្នុងកិច្ចពិភាក្សាពាក់ព័ន្ធ និងសំខាន់ៗនៅជុំវិញបញ្ហានេះ ហើយយើងសង្ឃឹមថា រាជរដ្ឋាភិបាលនឹងចាប់យកឱកាសនានា ដែលផ្ដល់ឱ្យដោយថាមពលកកើតឡើងវិញ ដែលបានកំណត់នៅក្នុងឯកសារនេះ។ អ្នកទិញអន្តរជាតិ និងវិស័យនេះត្រូវការថាមពល កកើតឡើងវិញបន្ថែមទៀត។

យោងតាមឯកសាររបស់សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា បានលើកឡើងថា ការប្រើប្រាស់ថាមពលសូឡា នៅក្នុងបរិវេណឧស្សាហកម្ម និងរោងចក្រនានា ព្រមទាំងបង្កើនការវិនិយោគនៅក្នុងវិស័យនេះ ដើម្បីជួយឱ្យកម្ពុជាអាចប្រកួតប្រជែងជាមួយប្រទេសវៀតណាម និងថៃបាន។

អត្ថប្រយោជន៍មួយ ក្នុងចំណោមអត្ថប្រយោជន៍សំខាន់ៗផ្សេងទៀត បន្ថែមពីលើការកាត់បន្ថយការ បញ្ចេញកាបូន គឺជាសក្តានុពលក្នុងការបង្កើតវិស័យឧស្សាហកម្មថ្មី ដែលធានាដល់អនាគតល្អប្រសើរ នៅក្នុងថាមពលប្រកបដោយចីរភាព ដែលដឹកនាំដោយការអភិវឌ្ឍន៍បច្ចេកវិទ្យាសូឡា។ រដ្ឋាភិបាលក៏អាចសន្សំសំចៃ ទៅលើចំណាយប្រតិបត្តិការ និងចំណា​យមូលធនពាក់ព័ន្ធនឹងថ្លៃ ចំណាយលើថាមពល តាមរយៈការជំរុញឱ្យមានទីផ្សារបន្ទះសូឡាលើដំបូលកាន់តែទូលំទូលាយផងដែរ។

ការប្រើប្រាស់ថាមពលរបស់កម្ពុជា បច្ចុប្បន្នមាន៥១% ជាថាមពលកកើតឡើងវិញ។ ប៉ុន្តែថាមពលកកើតឡើងវិញនេះ គឺត្រូវបានរំពឹងថានឹងមានការធ្លាក់ចុះមកត្រឹម៣៥% ត្រឹមឆ្នាំ២០៣០ មុននឹងមានការកើនឡើងវិញដល់៤៣% នៅត្រឹមឆ្នាំ២០៤០៕

LEAVE A REPLY

Please enter your comment!
Please enter your name here