ដោយៈ គង់ សូរិយា
កោះកុងៈ អភិបាលរងខេត្តកោះកុង លោក សុខ សុទ្ធីបានដឹកនាំក្រុមការងារចុះអនុវត្តវិធានរុះរើខ្ទម សង់គ្មានច្បាប់អនុញ្ញាត នៅឃុំកោះស្តេច ស្រុកគិរីសាគរ។
លោកសុខ សុទ្ធី អភិបាលរងខេត្តកោះកុង ដោយមានការណែនាំ និងអនុញ្ញាតពីលោកជំទាវ មិថុនា ភូថងអភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំក្រុមការងារ ចុះអនុវត្តវិធាន រុះរើខ្ទម សង់គ្មានច្បាប់អនុញ្ញាត ស្ថិតនៅក្នុងទីតាំងដី ដែលរាជរដ្ឋាភិបាល បានជួលរយៈពេលវែងឱ្យក្រុមហ៊ុនយូញៀនវិនិយោគអភិវឌ្ឍ ស្ថិតនៅតំបន់អាងទឹក ភូមិពាមកាយ ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង។
មុននឹងឈានមកដល់ការអនុវត្តវិធានរដ្ឋបាល រុះរើខ្ទមនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២២កន្លងមកនេះ រដ្ឋបាលឃុំ ស្រុក បានចុះណែនាំផ្ទាល់ និងចេញលិខិតជូនដំណឹងដល់ប្រជាពលរដ្ឋ ឱ្យរុះរើខ្ទមដោយខ្លួនឯងផងដែរ ប៉ុន្តែមានប្រជាពលរដ្ឋមួយចំនួនមិនចូលរួមសហការ។
តាមរបាយការណ៍របស់អាជ្ញាធរខេត្តបានឲ្យដឹងថា ខ្ទមសរុបដែលសាងសង់ និងរុះរើ មានចំនួន៧០ខ្ទម បង្គោលរបងលួសបន្លា។ បន្ទាប់ពីការអនុវត្តវិធាននេះរួច លោក សុខ សុទ្ធី បានណែនាំឱ្យក្រុមហ៊ុនយូញៀនរៀបចំការពារកុំឱ្យមានជនខិលខូច ចូលទន្ទ្រានកាន់កាប់ដីក្នុងទីតាំងវិនិយោគជាថ្មីទៀត និងសំណូមពរបងប្អូនប្រជាពលរដ្ឋ ឈប់ចិញ្ចឹមចិត្តលបលួចចូលទន្ទ្រានកាប់កាប់ដីរដ្ឋទៀត៕