ដោយ: លាងហួរ
ហាណូយ: ប្រទេសវៀតណាមគ្រោងអភិវឌ្ឍផែនការសាងសង់ផ្លូវក្រវាត់ក្រុងថ្មី និងព្រលានយន្តហោះអន្តរជាតិថ្មីមួយទៀត ក្នុងទីក្រុងហាណូយ ដែលជាផ្នែកមួយនៃទិសដៅក្នុងការកសាងប្រព័ន្ធដឹកជញ្ជូន និងភស្តុភារទំនើប សក្តិសមនឹងតម្រូវការអភិវឌ្ឍន៍របស់ទីក្រុងហាណូយ និងតំបន់ភាគខាងជើង។

-->
ក្នុងនោះ ហេដ្ឋារចនាសម្ព័ន្ធនៃអាកាសយានដ្ឋាន Nội Bài ក៏ត្រូវបានរំពឹងថា នឹងត្រូវបានកែលម្អ និងពង្រីកផងដែរ។ ផ្លូវក្រវាត់ក្រុងលេខ៤ គ្រោងសាងសង់នៅខែមិថុនាឆ្នាំក្រោយ ហើយនឹងបញ្ចប់នៅឆ្នាំ២០២៧ ខណៈដែលផែនការសម្រាប់ផ្លូវក្រវាត់ក្រុងលេខ៥ នឹងបញ្ចប់នៅឆ្នាំ២០៣០។
នាពេលថ្មីៗនេះ លេខាបក្សទីក្រុងហាណូយ លោក Đinh Tiến Dũng បានអនុម័តផែនការសកម្មភាពថ្មីសម្រាប់រដ្ឋធានី ដែលកំណត់ទិសដៅអភិវឌ្ឍន៍ និងបេសកកម្មនៅឆ្នាំ២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ២០៤៥។
ផែនការសកម្មភាពនេះបានកំណត់គោលដៅ តម្រូវការ និងលក្ខណៈវិនិច្ឆ័យសំខាន់ៗចំនួន៤ព្រមទាំងបេសកកម្ម និងដំណោះស្រាយសំខាន់ៗចំនួន៨ ដែលមានបំណងបង្កើតការឯកភាពខ្ពស់ក្នុងរបៀបគិតគូរ និងសកម្មភាពរបស់បក្សប្រព័ន្ធនយោបាយ និងប្រជាជនទីក្រុងហាណូយ។ .

គណៈកម្មាធិការបក្សទីក្រុងហាណូយនឹងបន្តលើកកម្ពស់ការយល់ដឹងអំពីតួនាទី និងសារៈសំខាន់របស់រដ្ឋធានី។ ផែនការនេះក៏បានដាក់ចេញនូវភារកិច្ច និងដំណោះស្រាយចំនួន៦សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចយ៉ាងឆាប់រហ័ស និងនិរន្តរភាពនៅក្នុងទីក្រុង ដែលនឹងផ្អែកលើការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ ការបង្កើតគំរូកំណើន និងការប្រមូលគ្រប់ធនធាន។
យោងតាមបេសកកម្មទាំងនេះ វិទ្យាសាស្ត្រ-បច្ចេកវិទ្យា និងនវានុវត្តន៍ជឿនលឿននឹងក្លាយជាកម្លាំងចលករនៅពីក្រោយការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម៕
