ដោយ៖ សុផារី
ភ្នំពេញ៖ ក្នុងរយៈពេល៨ខែឆ្នាំ២០២២នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចូលមកទស្សនាមានប្រមាណ១លាននាក់ កើនឡើង៥៨០% ប្រៀបធៀបនឹងឆ្នាំ២០២១ ខណៈភ្ញៀវទេសចរជាតិអន្តរជាតិមានស្រាប់នៅក្នុងស្រុកចេញដើរកម្សាន្ត៨លាន៥សែននាក់ កើនឡើង២៤៥% ធៀបនឹងឆ្នាំ២០២១ដូចគ្នា។
នៅក្នុងពិធីប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាដល់សិក្ខាកាមបញ្ចប់ការសិក្សាជំនាញឆុងកាហ្វេ និងភេសជ្ជៈនៅក្រសួងទេសចរណ៍ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានថ្លែងថា តាមរយៈការទទួលបានតួលេខភ្ញៀវអន្តរជាតិមកទស្សនាកម្ពុជាប្រមាណ១លាននាក់នេះ បើប្រៀបធៀបនឹងរយៈពេល០៨ខែ ក្នុងឆ្នាំ២០១៩វិញ គឺថយចុះ៨៥%។
បើយោងតាមការព្យាករណ៍ចុងក្រោយរបស់ក្រសួងទេសចរណ៍ បានបង្ហាញថា កម្ពុជាយើងអាចទទួលបានទេសចរអន្តរជាតិប្រមាណ១លាន៥សែននាក់ទៅ២លាននាក់ នៅក្នុងឆ្នាំ២០២២នេះ។
លោក ថោង ខុន បន្តថា យ៉ាងណាក៏ដោយ នៅក្នុងដំណាក់កាលនេះ សំគាល់ឃើញថា បណ្តាអាជីវកម្មនានា ក្នុងវិស័យទេសចរណ៍នៅតែបន្តមានតម្រូវការខ្ពស់នៃការចេញដើរកម្សាន្តរបស់ភ្ញៀវទេសចរជាតិអន្តរជាតិ ដែលមានស្រាប់នៅក្នុងស្រុក ហើយដើម្បីជម្រុញចលនាទេសចរក្នុងស្រុកចេញដើរបាន អាជីវកម្មទេសចរណ៍គឺ ត្រូវសហការរៀបចំផ្តល់សេវាប្រកបដោយគុណភាព តម្លៃសមរម្យ ខណៈរាជរដ្ឋាភិបាលក៏បានបើកឱកាសឲ្យទេសចរអន្តរជាតិដែលស្នាក់នៅកម្ពុជាបាន២ឆ្នាំ គឺអាចចូលទស្សនាអង្គរវត្តដោយមិនបាច់ទិញសំបុត្រ។
លោករដ្ឋមន្ត្រីបានបន្តថា ក្នុងបរិការណ៍ងើបឡើងវិញនៃវិស័យទេសចរណ៍នេះ ក្រសួងទេសចរណ៍ បានគិតគូរ និងយកចិត្តទុកដាក់ខ្ពស់លើ (១)ការពង្រឹងភាពជឿជាក់និងទំនុកចិត្ត (២)ការពង្រឹងគុណភាពសេវាកម្មប្រកបដោយគុណភាព និងសុវត្ថិភាពជូនភ្ញៀវទេសចរតាមគន្លងថ្មី (៣)ការបន្តជំរុញផ្សព្វផ្សាយទាក់ទាញទេសចរទាំងទេសចរអន្តរជាតិ និងទេសចរក្នុងស្រុក និង(៤)ការកំណត់តម្លៃសេវាកម្មសមរម្យដែលជាទិសដៅយុទ្ធសាស្រ្តក្នុងដំណាក់កាលទី២ នៃផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយដំណាក់កាលជំងឺកូវីដ-១៩ ឆ្នាំ២០២០-២០២៥៕