វិភាគៈ ដំណោះស្រាយ បញ្ហាប្រឈម សម្លេងពីវិនិយោគិនចិនចំពោះអាគារសំណង់១១៥៥ជាប់គាំងនៅក្រុងព្រះសីហនុ

0

ដោយៈ សហសេវិក

       ភ្នំបេញៈ ការបិទការលេងល្បែងអនឡាញ ក្នុងក្រុងព្រះសីហនុ និងការមកដល់នៃជំងឺរាតត្បាតកូវីដ-១៩ ក្នុងឆ្នាំ២០២០ បានធ្វើឲ្យសេដ្ឋកិច្ចក្រុងព្រះសីហនុដាំក្បាលចុះ ស្របពេលពពុះទីផ្សារអចលនទ្រព្យក៏បានបែកធ្លាយជាមួយគ្នា។

ជាលទ្ឋផលនៃវិបត្តិទាំងពីរនេះ បានធ្វើឲ្យគម្រោងសាងសង់សរុបចំនួន១១៥៥ ត្រូវបានទុកចោលមិនបញ្ចប់ការដ្ឋាន ខណៈតម្លៃជួលអចលនទ្រព្យនៅក្នុងខេត្តនេះ ក៏បានធ្លាក់ចុះយ៉ាងខ្លាំងពីខ្ទង់ម៉ឺន មកត្រឹមខ្ទង់ពាន់ ឬដល់ខ្ទង់រយសម្រាប់ទីតាំងខ្លះ នេះបើយោងតាមតួលេខផ្លូវការ។

តើ​អនាគត​នៃ​អគារ​គាំងស្ទះទាំងនេះ ​នឹង​ទៅ​ជា​យ៉ាង​ណា? នេះ​ជា​ផ្លូវ​ដែលភាគីនិយោគិន​ចិន រដ្ឋាភិបាល​កម្ពុជា និង​ម្ចាស់​ដីត្រូវ​ដើរ​រួម​គ្នា​ដើម្បី​រក​ច្រក​ចេញ។

ទស្សនៈរបស់វិនិយោគិនចិន

យោងតាមសារព៌តមានNikkei Asia ដែលបានសម្ភាសអ្នកវិនិយោគចិនជាច្រើននាក់ ដោយសួរពីទស្សនវិស័យ និងផែនការអនាគតរបស់ពួកគេចំពោះគម្រោងដែលជាប់គាំងទាំងនោះ។

វិនិយោគិនចិនភាគច្រើន បានបង្ហាញចំណាប់អារម្មណ៍ ក្នុងការត្រឡប់មកវិញ ប៉ុន្តែមានឧបសគ្គច្រើនយ៉ាងទាំងផ្នែកសង្គម និងសេដ្ឋកិច្ច ដែលជាការរារាំងពួកគេ។

កត្តាសំខាន់បំផុតមួយ ដែលធ្វើឱ្យវិនិយោគិនចិនពិបាក ក្នុងបន្តគម្រោងដែលជាប់គាំង គឺការខ្វះខាតការគាំទ្រ និងជ្រោមជ្រែងពីរដ្ឋាភិបាលកម្ពុជា។

ជាក់ស្ដែង កាល​ពី​ដើម​ខែ​កក្កដា ម្ចាស់​គម្រោង​ចិន​មួយ​ក្រុម​បាន​ជួប​ពិភាក្សា​ជាមួយ​មន្ត្រី​ រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ជុំវិញ​បញ្ហា​នេះ ប៉ុន្តែនៅមិនទាន់ទទួលបានផ្លែផ្កាអ្វីទាំងអស់។

ដើម្បីត្រលប់មកវិញ ពួកគេបានស្នើសុំរដ្ឋាភិបាល ឱ្យជួយកាត់បន្ថយពន្ធពាក់ព័ន្ធនឹងគម្រោងរបស់ខ្លួន និងជួយបង្កើតសន្ទស្សន៍តម្លៃដី ដែលច្បាស់លាស់ ដើម្បីទប់ស្កាត់បញ្ហាម្ចាស់ដីក្នុងស្រុកបំប៉ោងតម្លៃ។

សំណើសំខាន់បំផុត ដែលវិនិយោគិនទាមទារ គឺការសម្របសម្រួលពីដ្ឋាភិបាលក្នុងការដោះស្រាយវិវាទដីធ្លីរវាងពួកគេ និងម្ចាស់ដីក្នុងស្រុក។

វិនិយោគិនចិនមួយចំនួនបានរាយការណ៍ថា ម្ចាស់ដីបានរឹបអូសអគាររបស់ពួកគេជាថ្នូរនឹងតម្លៃជួល ដែលវិនិយោគិនយល់ថាថ្លៃខ្លាំងពេក។

អ្នកអភិវឌ្ឍន៍ចិនឈ្មោះ Qiu បានប្រាប់ Nikkei ថា គាត់បានវិនិយោគលើសណ្ឋាគារតម្លៃ៣លានដុល្លារ នៅក្រុងព្រះសីហនុក្នុងឆ្នាំ២០១៧ ។ ការសាងសង់ត្រូវបានបញ្ចប់នៅឆ្នាំ២០២០ ប៉ុន្តែមិនអាចបើកបានទេ ដោយសា​រជម្លោះជាមួយម្ចាស់ដី ដែលចង់រឹបអូសយកគម្រោងទាំងស្រុង។

ដូចគ្នានេះ អ្នកអភិវឌ្ឍន៍ម្នាក់ឈ្មោះ Gong ដែលបានមកពីខេត្ត Sichuan បានឱ្យដឹង ក្នុងឆ្នាំ២០១៨ និង២០១៩ គ្រប់យ៉ាងគឺរលូន ប៉ុន្តែពេលមានវិបត្តិ ម្ចាស់ដីមិនសូវមានការយោគយល់នោះទេ។

តើ​ម្ចាស់​ដី​ក្នុង​ស្រុក​យល់​យ៉ាង​ណាចំពោះបញ្ហានេះ?

ផ្ទុយពីអ្វីដែលអះអាងខាងលើ ម្ចាស់ដីក្នុងស្រុកអះអាងថា អ្នកវិនិយោគចិនបានបំពានកិច្ចសន្យា ហើយមិនបង់ថ្លៃជួលដូចការសន្យា។ បន្ទាប់ពីបិទល្បែងអនឡាញ និងការមកដល់នៃវិបត្តិកូវីដ១៩ អ្នកវិនិយោគចិនបានចាកចេញ ពីប្រទេសកម្ពុជាដោយគ្មានពាក្យផ្ដែផ្ដាំ ហើយថែមទាំងមិនព្រមបង់ថ្លៃជួលដីទៀតផង។ នេះបើយោងតាមការសម្ភាសម្ចាស់ដីជាមួយ The Strait Times ។

អ្នក​ខ្លះទៀត​អះអាង​ថា ដោយសារវិនិយោគិន ទៅបាត់ស្ងាត់សូន្យនេះហើយ ដែល​ជា​ហេតុផលធ្វើឱ្យពួក​គេ​គ្មាន​ជម្រើស​ ក្រៅ​ពី​កាន់កាប់​អគារនោះទុក​វត្ថុ​បញ្ចាំ ហើយ​រង់ចាំ​ឱ្យម្ចាស់គម្រោងចិន​ មក​ដោះស្រាយ​ថ្លៃ​ជួល​វិញ។ ពួកគេ​គ្មាន​ចេតនា​រឹបអូស​អគារនោះ​ជា​អចិន្ត្រៃយ៍​ទេ។

ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ លោកឧកញ៉ា វណ្ណ សុខហេងមានប្រសាសន៍ថា ដើមចមនៃបញ្ហានេះ ដោយសារភាគីទាំងស​ង​ខាង [អ្នកវិនិយោគចិន និងម្ចាស់ដីក្នុងស្រុក] មិនព្រមសម្របសម្រួលគ្នា។

លោកឧកញ៉ាបានបន្តថា អ្នកវិនិយោគចិនយកលេសរឿងបញ្ហាវិបត្តិកូវីដថា ជាហេតុប្រធានសក្ដិដើម្បីមិនបង់ថ្លៃជួល ឬសុំបញ្ចុះថ្លៃជួល ខណៈម្ចាស់ដីប្រើកិច្ចសន្យា ដើម្បីបង្ខំយកថ្លៃជួលខ្ពស់ ដូចសម័យមុនកូវីដ-១៩។ ភាគី​ទាំង​សង​ខាង មិនព្រមថយម្នាក់មួយជំហាន។ ដូច្នេះទើបបញ្ហានេះ​មិន​ដាច់ស្រាច់”។

អ្នកខ្លះថា ប្រសិនបើវិនិយោគិនចិន មិនមានដើមទុនដើម្បីបន្តគម្រោងនេះទេ ពួកគេអាចលក់សំណង់ទាំងនោះទៅឱ្យម្ចាស់ដី ឬអ្នកវិនិយោគថ្មីក្នុងតម្លៃទាប។ បន្ទាប់​មក គម្រោង​ដែល​គាំង​ទាំង​នោះ​នឹង​មាន​ជីវិត​ឡើង​វិញ។

ទោះជាយ៉ាងនេះក្តី លោកឧកញ៉ា សុខហេងបានឲ្យដឹងថា ដំណោះស្រាយខាងលើ មិនងាយស្រួលដូចការគិតនោះទេ ដោយសារគម្រោងសំណង់ ដែលជាប់គាំងភាគច្រើន មិនមានលិខិតអនុញ្ញាតសាងសង់ត្រឹមត្រូវ ដែលធ្វើអ្នកវិនិយោគថ្មីខ្លាចរអាមិនហ៊ានទិញ ព្រោះមិនអាចបន្ដការអភិវឌ្ឍបាន សូម្បីតែសុំភ្ជាប់ប្រព័ន្ធទឹកភ្លើង។

លោកបញ្ជាក់ថា “ដូច្នេះ​ដើម្បី​ដោះស្រាយ​បញ្ហានេះបាន ដូច្នេះរដ្ឋាភិបាល​គួរតែ​ចូល​រួម។ មធ្យោបាយមួយ​គឺ​រដ្ឋាភិបាល ​ជួយ​ធ្វើ​ឱ្យ​គម្រោង​ទាំង​នោះ​ស្រប​ច្បាប់ ​ដោយ​ផ្តល់​លិខិត​អនុញ្ញាត​សាងសង់”។ លោកបន្តថា “ម  ន្ត្រីពីក្រសួង អាចត្រួតពិនិត្យគុណភាពសំណង់ទាំងអស់នោះ ប្រសិន​បើមិន​បង្ក​គ្រោះថ្នាក់​ដល់​សាធារណជន​ទេ ក្រសួង​គួរ​ចេញ​លិខិត​អនុញ្ញាតឱ្យពួកគាត់។ ការ​ធ្វើ​ដូច្នេះ​ នឹង​លើក​ទឹក​ចិត្ត​​ដល់​អ្នក​វិនិយោគ​ថ្មី​ក្នុង​ការ​ទិញ​គម្រោងទាំងនេះ”។

លោកបន្ថែមថា ចំណុចទី២ ដែលរដ្ឋាភិបាលគួរតែធ្វើ គឺការជួយសម្របសម្រួលជម្លោះរវាងភាគីទាំង២ តាមរយៈការកែសម្រួលកិច្ចសន្យា។ ការផ្ដាស់ប្ដូរ​អាចជា ការបន្ថយថ្លៃ​ជួល ឬឱ្យវិនិយោគិនបង់រំលួសថ្លៃជួលក្នុងរយៈពេលវែងណាមួយ។

ទោះជាយ៉ាងនេះក្តី អស់រយៈពេលជាង២ឆ្នាំទៅហើយ នៅមិនទាន់ឃើញដំណោះស្រាយចេញជាផ្លែផ្កាអ្វីទាំងអស់ បើទោះបីជារដ្ឋាភិបាលបានប្រកាសយ៉ាងក្ដែងៗក្ដីថា នឹងស្តារសេដ្ឋកិច្ចខេត្តព្រះសីហនុឡើងវិញ។

អ្វី​ទៅ​ជា​ចក្ខុវិស័យ​រយៈពេល​វែង​របស់​រដ្ឋាភិបាល​កម្ពុជា?

លោកបណ្ឌិត Ivan Franceschini អ្នកស្រាវជ្រាវសាកលវិទ្យាល័យជាតិអូស្ត្រាលី បានពន្យល់ពីមូលហេតុដែលរដ្ឋាភិបាលកម្ពុជា ព្រងើយកន្តើយ មិនទាន់ចង់ដោះស្រាយបញ្ហានេះ។

លោកបណ្ឌិត Ivan បាននិយាយថា កម្ពុជានៅមានអំពើពុករលួយច្រើន ហើយម្ចាស់ដីក្នុងខេត្តព្រះសីហនុ ភាគច្រើនជាសេដ្ឋី និងអ្នកមានអំណាចក្នុងជួររដ្ឋាភិបាល ដែលធ្វើឱ្យរដ្ឋាភិបាលកម្ពុជា ពិបាកដោះស្រាយបញ្ហាតាមសំណើររបស់វិនិយោគចិនទាំងនោះ។​

យោងតាមការសិក្សារបស់គាត់ រដ្ឋាភិបាលកម្ពុជាជាក់ស្ដែងក៏ចង់ដោះស្រាយបញ្ហានេះខ្លាំងណាស់ដែរ ប៉ុន្តែត្រូវការពេលវេលា។

លោកជឿជាក់ថា បញ្ហានឹងធូរស្រាលនៅថ្ងៃណាមួយ ព្រោះជាក់ស្ដែងរដ្ឋាភិបាលបានចំណាយថវិកាជាង៣០០លានដុល្លាររួចហើយ ក្នុងការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ ដូច្នេះមានន័យថារដ្ឋាភិបាល ​មាន​ចក្ខុវិស័យ​វែងឆ្ងាយ​សម្រាប់​ខេត្ត​នេះ​។

ប្រសិនបើរដ្ឋាភិបាល មិនមានទស្សនវិស័យច្បាស់លាស់ទេ រដ្ឋាភិបាល នឹងមិនហ៊ានចំណាយថវិកាផ្ទាល់របស់រដ្ឋដ៏ធំសម្បើមនេះ ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តនេះឡើងវិញនោះទេ។

លោកបន្តថា ពិសេសជាងនេះ ការសម្រេចចិត្តបញ្ចប់ល្បែងអនឡាញនៅឆ្នាំ ២០១៩ គឺជាជំហានដ៏ក្លាហានមួយរបស់រដ្ឋាភិបាល ដែលហ៊ាន បោះលុយចោល ដែលកំពុងហូរចូលយ៉ាងគគ្រឹកគគ្រេង ហើយទ្រាំឈឺចាប់មួយពេលដើម្បីអនាគតដែលភ្លឺស្វាងជាងមុន។

រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិកាប្រចាការនៃ​ក្រសួង​សេដ្ឋកិ​ច្ច និងហិរញ្ញវត្ថុ លោកវង្សី វិសុទ្ធធ្លាប់បានមានប្រសាសន៍ថា រដ្ឋាភិបាលបាន និងកំពុងរកមធ្យោបាយល្អបំផុត ដើម្បីដោះស្រាយបញ្ហានេះ។

លោកបន្តថា “ការសាងសង់អគារខ្ពស់ៗជាច្រើន ត្រូវបានផ្អាកការសាងសង់ ឬបោះបង់ចោល។ យើងដឹងពីបញ្ហានេះហើយ យើង​នឹង​ជួយ​ជំរុញ​ការ​អភិវឌ្ឍ​អគារ​ទាំង​នោះ ​តាម​រយៈ​ការ​ទាក់​ទាញ​អ្នក​វិនិយោគថ្មី មកទិញបន្ត”។

ផែនការនេះគឺជាផ្នែកមួយ នៃគោលដៅរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការប្រែក្លាយក្រុងព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេស ពហុគោលបំណងនាពេលអនាគត។

គម្រោងនេះ គឺជាមហិច្ឆតាធំរបស់កម្ពុជា ក្នុងការប្រែក្លាយក្រុងព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចដ៏សំខាន់មួយ ក្នុងតំបន់អាស៊ីអាគ្នេយ៍ និងជាតំបន់ឧស្សាហកម្មជឿនលឿន ដែលបម្រើដល់ខ្សែសង្វាក់ផលិតកម្មក្នុងតំបន់ និងពិភពលោក តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាឆ្លាតវៃ។

លើសពីនេះ ខេត្តនេះក៏នឹងត្រូវតភ្ជាប់ជាមួយរាជធានីភ្នំពេញ ដោយផ្លូវល្បឿនលឿនតម្លៃ២ពាន់លានដុល្លារអាមេរិក ដែលគម្រោងបើកដំណើរក្នុងខែតុលាខាងមុខនេះ។

ដោយមើលឃើញពីចក្ខុវិស័យ និងសកម្មភាពរយៈពេលវែងរបស់រដ្ឋាភិបាលកន្លងមក អ្នកជំនាញផ្នែកអចលនវត្ថុក្នុងស្រុកភាគច្រើន បានព្យាក​រណ៍ថា សេដ្ឋកិច្ចខេត្តព្រះសីហនុនឹងងើបឡើងវិញ ក្នុងពេលដ៏ខ្លីខាងមុខ។

ពួកគេបានឱ្យនិយមន័យវិបត្តិសេដ្ឋកិច្ចមួយនេះថា ការផ្លាស់ប្ដូរដែលឈឺចាប់ តែគឺដើម្បីការអភិវឌ្ឍន៍ដែលមានគុណភាព និងនិរន្តរភាពនាពេលអនាគត ឬ ហើយតាមសុភាសិតខ្មែរគឺ ពិបាកមុន ស្រណុកក្រោយ។

ទោះជាយ៉ាងណាក្ដី លោកបណ្ឌិត Ivan ក៏យល់ឃើញថា “ជនជាតិចិន នឹងមិនត្រឡប់មកវិញនៅពេលឆាប់ៗនេះទេ​ ព្រោះតែឧបសគ្គខាងសង្គម និងសេដ្ឋកិច្ចខាងលើ”។លោកបន្ថែមថា “វិនិយោគិនចិនចាស់ អាចនឹងមិនត្រលប់មកវិញទេ ព្រោះពួកគេខ្លាចនឹងជួបបញ្ហាដូចមុន។ ដូច្នេះក្តីសង្ឃឹមអាចពឹងផ្អែកលើវិនិយោគិនថ្មី”៕

LEAVE A REPLY

Please enter your comment!
Please enter your name here