ទំហំពាណិជ្ជកម្មថៃជាមួយកម្ពុជា និងប្រទេសក្បែរខាងរំពឹងឈាន ដល់៤៩ពាន់លានដុល្លារក្នុងឆ្នាំនេះ

0

ដោយៈ សុខុម

បាងកក: ទោះបីជាកំណើនសេដ្ឋកិច្ច មានសន្ទុះយឺតនៅក្នុងបណ្ដាប្រទេសជិតខាងរបស់ខ្លួនមាន និងដោយសារវិធានការសូន្យកូវីដ-១៩ ក្នុងប្រទេសចិន យ៉ាងណាក្ដី ក៏ពាណិជ្ជកម្មឆ្លងដែនរបស់ប្រទេសថៃ នៅតែត្រូវបានរំពឹងថា នឹងសម្រេចបានកំណើនយ៉ាងតិច៥%ក្នុងឆ្នាំ២០២២។

ទំហំពាណិជ្ជកម្មឆ្លងដែនរបស់ប្រទេសថៃ ជាមួយកម្ពុជា និងបណ្ដាប្រទេសក្បែរខាង ត្រូវបានរំពឹងឈានដល់៤៩ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំនេះ ដែលភាគច្រើនជំរុញ ដោយសារកំណើនតម្រូវការប្រេងឥន្ធនៈ ប្រេងឆា និងគ្រឿងបន្លះរថយន្ត។ នេះបើយោងតាមកាសែត Bangkok Post ចុះផ្សាយកាលពីថ្ងៃច័ន្ទ ទី៥ ខែកញ្ញា។

លោក Pitak Udomwichaiwat អគ្គនាយកនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មបរទេសរបស់ថៃ បានលើកឡើងថា អគ្គនាយកដ្ឋាននៅតែមានជំនឿចិត្តលើទស្សនវិស័យ ពាណិជ្ជកម្មនៅតាមព្រំដែន បន្ទាប់ពីកិច្ចប្រជុំរួមកាលពីពេលថ្មីៗនេះ ជាមួយតំណាងសភាពាណិជ្ជកម្មថៃ សហព័ន្ធឧស្សា​ហកម្មថៃ និងតំណាងខាងពាណិជ្ជកម្ម ដែលទៅពីកម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម និងប្រទេសចិន ដើម្បីវាយតម្លៃស្ថានភាពពាណិជ្ជកម្ម នៅតាមព្រំដែនក្នុងឆមាសទី២។

ទោះជាយ៉ាងណា កិច្ចប្រជុំនេះបានគូសបញ្ជាក់ ពីកំណើនសេដ្ឋកិច្ចមានសន្ទុះយឺត នៅក្នុងបណ្ដាប្រទេសក្បែរខាងថៃ ដូចជា ឡាវ និងមីយ៉ាន់ម៉ា ជាដើម ខណៈផលប៉ះពាល់នៃវិធានការដ៏តឹងរ៉ឹង នៅតាមច្រកព្រំដែនសំខាន់ៗរបស់ប្រទេសចិន ជាផ្នែកមួយនៃគោលនយោបាយសូន្យកូវីដ-១៩ របស់ខ្លួន ក៏ទំនងជាបង្កការគំរាមកំហែងដល់ពាណិជ្ជកម្មឆ្លងដែនដែរ។

អគ្គនាយកដ្ឋាននេះ កាលពីពេលថ្មីៗបានរាយការណ៍ពីពាណិជ្ជកម្មឆ្លងដែនសរុប មានទំហំ១៥០ពាន់លានបាត (៤,០៩ពាន់លានដុល្លារ) ក្នុងខែកក្កដា ដោយកើនឡើង១,៨៥%ពីខែដូចគ្នាក្នុងឆ្នាំ២០២១។

ទន្ទឹមនេះប្រទេសថៃ ក៏មានអតិរេកពាណិជ្ជកម្ម២៥,២ពាន់លានបាត (៦៨៧លានដុល្លារ) ផងដែរក្នុងខែកក្កដា។

ក្នុងរយៈពេល៧ខែដើមឆ្នាំនេះ ពាណិជ្ជកម្មនៅតាមព្រំដែន និងឆ្លងដែនរបស់ប្រទេសថៃ មានទំហំសរុប១ទ្រីលានបាត (២៧,២៦ពាន់លានដុល្លារ) បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕ Bangkok Post៕

LEAVE A REPLY

Please enter your comment!
Please enter your name here