ដោយៈ សុផារី
ភ្នំពេញៈ ខេត្តនៅទិសពាយ័ព្យចំនួនពីររបស់ប្រទេសកម្ពុជា គឺខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប បានទទួលបានការកោតសរសើរ មិនដាច់ពីមាត់នូវការអភិវឌ្ឍ និងសមិទ្ធផលថ្មីៗនៅក្នុងខេត្ត ពីសំណាក់ប្រតិភូអង្គទូតនៃប្រទេសចំនួន១៩ ដែលមានប្រជាជនសរុបជាង១,៥ពាន់លាននាក់។
ការកោតសរសើរនេះធ្វើឡើង បន្ទាប់ពីបានចូលរួមដំណើរទស្សនកិច្ចសិក្សាលើកទី២ របស់អង្គទូតបរទេស និងក្រុមគ្រួសារពីប្រទេសថៃ ទៅកាន់ខេត្តទាំងពីរ រយៈពេល៣ យប់៤ថ្ងៃ ដែលជាកិច្ចសហការរៀបចំរវាងស្ថានទូតកម្ពុជា នៅទីក្រុងបាងកក និងក្រុមការងារសម្របសម្រួលការទូតសេដ្ឋកិច្ច នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងអន្តរក្រសួង/ស្ថាប័ន។
សេចក្តីប្រកាសព័ត៌មាន ដែលចេញផ្សាយនៅថ្ងៃទី៥ ខែកញ្ញានេះ បានបញ្ជាក់ថា ក្នុងនាមប្រធានប្រតិភូអង្គទូត និងស្ថានទូតបរទេស នៅក្នុងប្រទេសថៃ លោក Waldemar Dubaniowski ឯកអគ្គរដ្ឋទូតប៉ូឡូញប្រចាំប្រទេសថៃ បានអបអរសាទរចំពោះវឌ្ឍនភាពរបស់កម្ពុជា។
លោកបានវាយតម្លៃខ្ពស់ ចំពោះដំណើរទស្សនកិច្ចលើកនេះ ដែលបានផ្ដល់ឱកាសជូនអង្គទូតចូលរួមទាំងអស់ អាចស្វែងយល់ពីសក្តានុពល និងសមិទ្ធផល នៅក្នុងខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប គោលនយោបាយសំខាន់ៗ របស់រាជរដ្ឋាភិបាលកម្ពុជា ប្រវត្តិរឿងរ៉ាវទាក់ទងនឹងតំបន់ឧទ្យានបុរាណអង្គរ និងការទទួលទានមុខម្ហូបដ៏ឆ្ងាញ់ ដែលចំអិនចេញពីសៀវភៅ “កេរដំណែលស្នាដៃម្ហូបខ្មែរ ឬ The Taste of Angkor” ដែលផ្តួចផ្តើមរៀបចំដោយលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
លោកអ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បានបញ្ជាក់ថា ពិភពលោកនឹងស្គាល់កម្ពុជាកាន់តែច្បាស់ថែមទៀត តាមរយៈដំណើរទស្សនកិច្ចនេះ ដោយសារអង្គទូតនៃប្រទេសនីមួយៗ នឹងរាយការណ៍ពីរឿងរ៉ាវល្អៗ ដែលបានជួបប្រទះនៅក្នុងខេត្តទាំងពីរ ជូនរដ្ឋាភិបាល និងប្រជាជនរបស់គាត់ ក៏ដូចជាប្រាប់ followers រាប់លាននាក់ នៅក្នុងកម្មវិធីបណ្តាញសង្គម ហើយនៅពេលពួកគាត់ Post រូបភាពស្អាតៗពីទឹកដីប្រទេសកម្ពុជា វានឹងអន្ទងចិត្តប្រជាជន និង Fans របស់គាត់ ឱ្យចង់ធ្វើដំណើរចូលមកកម្សាន្តផ្ទាល់ ដើម្បីស្វែងយល់ពីការពិតបន្ថែម៕