ដោយៈគង់ សូរិយា
ភ្នំពេញៈ អ្នកឧកញ៉ាម៉ុង រិទ្ឋីដែលជាមហាសេដ្ឋីកម្ពុជាមួយរូបបានបើកដំំណើរការរោងចក្រផលិតចំណីសត្វថ្មី១ទៀត ក្រោមទុនវិនិយោគសរុបប្រមាណ៥៤លានដុល្លារ។
រោងចក្រថ្មីនេះ គ្រោងចាប់ផ្តើមដំណើរការ នៅត្រីមាសទី១ ឆ្នាំ ២០២៣ខាងមុខ ដោយអាចមានសមត្ថភាពផលិតចំណីសត្វបាន៣៦ ម៉ឺនតោនក្នុង១ឆ្នាំ។
រោងចក្រថ្មីនេះសាងសង់លើផ្ទៃដីទំហំ២៤ហិកតា ក្នុងនោះការចំណាយលើតម្លៃដីមានចំនួន២៤លានដុល្លារ រោងចក្រសំណង់អគារ និងហេដ្ឋារចនាសម្ព័ន្ធ១៥ លានដុល្លារ និងវត្ថុធាតុដើម១៥ លានដុល្លារក្នុង១ខែ។
រោងចក្រនេះ មានទីតាំងស្ថិតនៅផ្លូវជាតិលេខ ៤ ក្នុងភូមិមនោរម្យ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
អ្នកឧកញ៉ាម៉ុង ឫទ្ធី ប្រធានក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុបបានមានប្រសាសន៍ឲ្យដឹងថា ការវិនិយោគលើរោងចក្រផលិតចំណីសត្វនេះ គឺឆ្លើយតបនឹងតម្រូវការទីផ្សារក្នុងស្រុក ដែលកំពុងកើនឡើង ហើយក៏ជួយលើកទឹកចិត្តដល់អ្នកផលិត និងអ្នកចិញ្ចឹម ដើម្បីកាត់បន្ថយ និងឈានទៅដល់ការលុបបំបាត់ការនាំចូលសត្វពីក្រៅប្រទេសផងដែរ។
លោកបន្ថែមថា “រោងចក្រផលិតចំណីសត្វនេះ នឹងផ្តោតលើការផលិតចំណីជ្រូក តាមរយៈការជំរុញការចិញ្ចឹមសត្វនៅកម្ពុជា ឱ្យកាន់តែរីកចម្រើន និងការប្រកួតប្រជែងបន្ថែមទៀត”។ លោកបន្ថែមថា “ក្នុងដំណាក់កាលនេះ ក្រុមហ៊ុនមិនមានគម្រោងនាំចេញ ទៅលក់នៅទីផ្សារអន្តរជាតិទេ ដរាបណាមិនទាន់បំពេញតម្រូវការក្នុងស្រុកបានគ្រប់គ្រាន់”។
អ្នកឧកញ៉ាបានបញ្ជាក់ថា ការបង្កើនសមត្ថភាពផលិតកម្មចំណីសត្វនេះ ក៏ដើម្បីឱ្យប្រទេសកម្ពុជាអាចធានាបាន នូេះសន្តិសុខស្បៀងដោយខ្លួនឯង និងមិនពឹងផ្អែកលើការនាំចូលពីបរទេស។
ក្រៅពីរោងចក្រនេះ បច្ចុប្បន្នក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប ក៏មានរោងចក្រមួយ ដែលបានបើកដំណើរការតាំងពីឆ្នាំ២០១៧ ដោយរោងចក្រនោះអាចផលិតចំណីសត្វ (ជ្រូក) បាន២០តោនក្នុង១ម៉ោង។ រោងចក្រនេះស្ថិតលើផ្ទៃដី១០ហិកតា ស្ថិតនៅក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ក្រុមហ៊ុនម៉ុង ឫទ្ធីគ្រុបបានឲ្យដឹងថា ក្នុង១ឆ្នាំប្រទេសកម្ពុជា បានចំណាយប្រាក់ប្រមាណ១៨០លានដុល្លារ លើការនាំចូលចំណីសត្វពីក្រៅប្រទេសមកបំពេញតម្រូវការចំណីសត្វនៅក្នុងស្រុក៕