ដោយគង់ សូរិយា
ភ្នំពេញ: មន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានថ្លែងថា នៅក្នុងរយៈ៥ឆ្នាំចុងក្រោយនេះ ការអភិវឌ្ឍន៍សង្គមកម្ពុជា សម្រេចបានកំណើនសេដ្ឋកិច្ចល្អ និងមានលក្ខណៈធន់និងវិបត្តិផ្សេងៗ។
ឧបនាយករដ្ឋមន្ត្រីអូន ព័ន្ឋមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានលើកឡើងបែបនេះ នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់សាខាគយ និងរដ្ឋាករខេត្តសៀមរាប និងមន្រ្តីពាក់ព័ន្ឋតាមបណ្តាខេត្តជុំវិញបឹងទន្លេសាប កាលពីចុងសប្តាហ៍មុនថា ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ កម្ពុជាសម្រេចបានមូលដ្ឋាន នៃការរីកចម្រើនយ៉ាងឆាប់រហ័សនៃវិស័យឧស្សាហកម្ម ពិសេសកម្មន្តសាល សំណង់ កសិកម្ម វិស័យទេសចរ អចលនទ្រព្យ ការដឹកជញ្ជូនគ្រប់ប្រភេទ និងទូរគមនាគមន៍ផងដែរ។
-->
លោកបន្តថា “ការរីកចម្រើននេះ ស្ថិតក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាសម្រេចបានកំណើនយ៉ាងល្អប្រសើរ ដោយអាចធានាបាននូវស្ថានភាពម៉ាក្រូសេដ្ឋកិច្ច ពិសេសស្ថិរភាពអត្រាប្តូប្រាក់ និងការគ្រប់គ្រងអតិផរណាឲ្យស្ថិតនៅក្នុងកម្រិតទាប”។
ជាមួយគ្នានេះ លោកអូន ព័ន្ឋមុនីរ័ត្នបានស្នើឲ្យមន្រ្តីក្រោមឳវាទ ត្រូវខិតខំបំពេញការងារតាមតារាងលំហូរ នីតិវិធីការងារ និងត្រូវប្រកាន់យកអភិក្រមបួនយ៉ាងគឺអនុវត្តការងារប្រកបដោយវិជ្ជាជីវ ការអនុវត្តការងារជាក្រុម ការប្រកាន់ខ្ជាប់ស្មារតីបុរេសកម្ម និងមិនត្រូវមើលរំលងកំហុសខ្លួនឯង ដោយត្រូវមានការសហការការងារយ៉ាងជិតស្និទ្ធរវាងអង្គភាព ក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអង្គភាពពាក់ព័ន្ធដទៃទៀត នៅក្នុងមូលដ្ឋានរបស់ខ្លួន សំដៅពង្រឹកកិច្ចសហប្រតិបត្តិការ ដើម្បីឈានទៅរកការរីកចម្រើនឥតឈប់ឈរ។
តាមការព្យាករណ៍របស់ធនាគារពិភពលោក មូលនិធិរូបបយប័ណ្ណអន្តរជាតិ និងធនាគារអភិវឌ្ឍន៍អាស៊ីបានឲ្យដឹងថា សេដ្ឋកិច្ចកម្ពុជានឹងសម្រេចបានកំនើនក្នុងរង្វង់៧ភាគរយនៅឆ្នាំ២០១៨នេះ និងបន្តសម្រេចបានកំនើន៧ភាគរយរយៈពេលវែងបន្តទៀត៕