កម្ពុជាជប៉ុនពិភាក្សាប្រធានបទសំខាន់ចំនួនបី ដើម្បីបង្កើតបរិយាកាសវិនិយោគកាន់តែប្រសើរ

0

ដោយ៖ សូរិយា

ភ្នំពេញ៖ គណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុនបានបើកកិច្ចប្រជុំលើកទី២៤ ដោយលើកយកប្រធានបទចំនួនបីមកពិភាក្សា ដើម្បីដោះស្រាយបញ្ហាប្រឈមនានា សំដៅបង្កើតនូវបរិយាកាសវិនិយោគឱ្យកាន់តែប្រសើរឡើងថែមទៀត។

ក្នុងកិច្ចប្រជុំលើកទី២៤ កាលពីរសៀលថ្ងៃទី០៧ ខែកញ្ញា កិច្ចប្រជុំបានលើកមកពិភាក្សានូវ ប្រធានបទ ចំនួន៣រួមមាន (១) កាតព្វកិច្ចពន្ធរបស់អភិបាលអនិវាសនជន (២) ឡូជីស្ទីក (ការពន្លឿនការដាក់ឲ្យដំណើរការមាត់ច្រកព្រំដែនស្ទឹងបត់ នៅក្រុងប៉ោយប៉ែត និងវឌ្ឍនភាពនៃប្រព័ន្ធបញ្ជរជាតិកម្ពុជា ឌីជីថលូបនីយកម្ម និងសាមញ្ញកម្មនៃនីតិវិធីគយ) និង (៣) ថាមពល (ការកាត់បន្ថយថ្លៃអគ្គិសនី និងការដាច់ចរន្តអគ្គិសនី និងការគាំទ្រលើសកម្មភាព ស្តីពីអព្យាក្រឹតកាបូន។

លោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អ្នកវិនិយោគជប៉ុន ដែលជានិច្ចកាលតែងផ្តល់ទំនុកចិត្ដខ្ពស់ មកលើរាជរដ្ឋាភិបាលកម្ពុជាក្នុងការធានានូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងសេដ្ឋកិច្ច ដែលជាកត្តាចាំបាច់ ដើម្បីបង្កើតបរិស្ថានអំណោយផល សម្រាប់ការវិនិយោគ និងបានរំលេចពីច្បាប់ស្តីពីវិនិយោគនៃកម្ពុជា ឆ្នាំ២០២១ ដែលជាឯកសារគតិយុត្តិដ៏មានសារៈសំខាន់ ក្នុងការផ្តល់កិច្ចសម្រួល ការលើកទឹកចិត្ត និងការថែទាំវិនិយោគ។

លោក  ម៉ាសាហ៊ីរ៉ុ មីខាមី ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុនប្រចាំកម្ពុជា បានសម្តែងនូវការអបអរសាទរ ចំពោះការដាក់ឲ្យប្រើប្រាស់នូវច្បាប់វិនិយោគថ្មី ហើយថ្លែងការកោតសរសើរ និងអំណរគុណដល់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងស្ថាប័ន ពាក់ព័ន្ធទាំងអស់ដែលកន្លងមក បានខិតខំប្រឹងប្រែងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការសម្របសម្រួល និងផ្តល់នូវការឆ្លើយតបប្រកបដោយភាពទន់ភ្លន់ចំពោះក្ដីកង្វល់ និងសំណូមពររបស់វិនិយោគិនជប៉ុន ដែលសបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការថែទាំ និងផ្ដល់ភាពកក់ក្ដៅ ដល់វិនិយោគិនគ្រប់រូប។

 

ប្រធានសមាគមធុរកិច្ចជប៉ុននៅកម្ពុជាក៏បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានខិតខំប្រឹងប្រែងដោះស្រាយរាល់បញ្ហាប្រឈមនានា ដើម្បីបង្កើតនូវបរិយាកាសវិនិយោគ ដ៏ល្អប្រសើរលើគ្រប់វិស័យ។ លោកប្រធានសមាគម បានប្តេជ្ញាចិត្តនឹងជួយជំរុញវិនិយោគិនជប៉ុន មកបន្តការវិនិយោគនៅកម្ពុជាបន្ថែមទៀត ដើម្បីរួមចំណែកស្តារសេដ្ឋកិច្ចកម្ពុជា ក្រោយវិបត្តិជំងឺកូវីដ-១៩។

គិតត្រឹមខែសីហា ឆ្នាំ២០២២នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគជប៉ុន ចំនួន១៤៩គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ២,៩ពាន់លានដុល្លារអាមរិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here