គណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងសេចក្តីព្រាងរបាយការណ៍ពាក់កណ្ដាលអាណត្តិឆ្នាំ២០២១ នៃការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ២០១៩-២០២៣

0

ដោយ៖ សហការី

ភ្នំពេញ៖ គណៈរដ្ឋមន្រ្តី នៅក្នុងកិច្ចប្រជុំពេញអង្គ នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអនុម័តទាំងស្រុងលើសេចក្តីព្រាងរបាយការណ៍ពាក់កណ្ដាលអាណត្តិឆ្នាំ២០២១ នៃការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ (ផ.យ.អ.ជ) ២០១៩-២០២៣។

 

សេចក្តីព្រាងរបាយការណ៍ពាក់កណ្ដាលអាណត្តិ ឆ្នាំ២០២១ នៃការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ២០១៩- ២០២៣នេះ ត្រូវបានរៀបចំឡើងបន្ទាប់ពីផែនការជាតិនេះ បានអនុវត្តរយៈពេលពីរឆ្នាំកន្លះ ហើយ មានតួនាទីយ៉ាងសំខាន់ ក្នុងការបង្ហាញចេញនូវលទ្ធផលនៃការអនុវត្តផែនការជាតិនេះ ជាសាធារណៈ។

 

របាយការណ៍នេះ មានគោលបំណងសំខាន់ចំនួន២ គឺ (១) ដើម្បីវាយតម្លៃអំពីលទ្ធផលរួម និងបញ្ហាប្រឈមចម្បងៗ ដែលបានកើតមានឡើងនៅក្នុងការអនុវត្ត ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ២០១៩-២០២៣ ក្នុងរយៈពេលពាក់កណ្ដាលអាណត្តិដំបូង នៃការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិពីខែមករា ឆ្នាំ២០១៩ ដល់ខែមិថុនា ឆ្នាំ២០២១ (២) ដើម្បីពិនិត្យមើលឡើងវិញ និងកែសម្រួល នូវបណ្ដាវិធានការគោលនយោបាយនានាតាមវិស័យសម្រាប់ក្រសួង ស្ថាប័នដែលបានកំណត់នៅក្នុងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ២០១៩-២០២៣ សម្រាប់ការអនុវត្តគោលនយោបាយអាទិភាពនានារបស់រាជរដ្ឋាភិបាលកម្ពុជា និងគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា ដោយផ្អែកលើបញ្ហាប្រឈមដែលបានជួបប្រទះនៅក្នុងអំឡុងពេលនៃការអនុវត្ត ជាពិសេស ការរីករាលដាលនៃមេរោគកូវីដ-១៩។

សេចក្តីព្រាងរបាយការណ៍ពាក់កណ្ដាលអាណត្តិ ឆ្នាំ២០២១ នៃការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ២០១៩-២០២៣នេះ ត្រូវបានរៀបចំកាត់តែងឡើងជាប្រាំពីរជំពូក និងតាមទម្រង់របស់យុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ ដូចផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ២០១៩-២០២៣ ជាពិសេសជំពូកទី៣ និងជំពូកទី៤។

 

ជំពូកទី១ គឺជាការបង្ហាញអំពីប្រវត្តិ និងគោលបំណងនៃការរៀបចំរបាយការណ៍ពាក់កណ្ដាលអាណត្តិឆ្នាំ២០២១ នៃការអនុវត្ត ផ.យ.អ.ជ.២០១៩-២០២៣នេះ ព្រមទាំងវិធីសាស្រ្តនៃការរៀបចំផងដែរ។

 

ជំពូកទី២ បង្ហាញពីសមិទ្ធផល ការវិភាគពីស្ថានភាពរួមនៃដំណើរវិវឌ្ឍន៍នៃម៉ាក្រូសេដ្ឋកិច្ច និងដំណើរការនៃការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច នៅក្នុងសេដ្ឋកិច្ចកម្ពុជា ដោយរំលេចឡើងអំពីរចនាសម្ព័ន្ធនៃផលិតផលក្នុងស្រុកសរុប ស្ថានភាពសារពើពន្ធនិងអតិផរណា ភាពបើកចំហរនៃសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ជញ្ជីងពាណិជ្ជកម្ម ព្រមទាំងភាពក្រីក្រនិងភាពមានការងារធ្វើ។ ក្នុងជំពូកនេះ ក៏បានធ្វើការបង្ហាញពីការជួបប្រទះនូវកំណើនសេដ្ឋកិច្ចអវិជ្ជមាន លើកដំបូងក្នុងរយៈពេលមួយទសវត្សរ៍ ក្នុងកម្រិត -៣,១% ក្នុងឆ្នាំ២០២០ ដែលមូលហេតុចម្បងបណ្ដាលមកពីការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ត្រឹមតែរយៈពេលខ្លីនៅឆ្នាំ២០២១ សេដ្ឋកិច្ចកម្ពុជាបានស្ទុះងើបឡើងវិញ មកត្រឹម២,៤% និងតាមការព្យាករ សេដ្ឋកិច្ចកម្ពុជារំពឹងទុកថានឹងកើនឡើងដល់៥,៥% នៅក្នុងឆ្នាំ២០២២។

ជំពូកទី៣ គឺជាជំពូកសំខាន់របស់របាយការណ៍ដែលអធិប្បាយអំពីសមិទ្ធផលនានា ដែលក្រសួង ស្ថាប័នអនុវត្តនិងសម្រេចបាន តាមរយៈបណ្ដាសកម្មភាពកម្មវិធី និងគម្រោងនានា ដើម្បីអនុវត្តគោលនយោបាយអាទិភាពសំខាន់ៗ របស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងនីតិកាលទី៦ នៃរដ្ឋសភា ពីខែមករា ឆ្នាំ២០១៩ ដល់ខែមិថុនា ឆ្នាំ២០២១។

 

ជំពូកទី៤ គឺជាជំពូកដែលលើកឡើងនូវជំហានត្រូវអនុវត្តបន្ត សម្រាប់ពាក់អាណិតកាលដែលនៅសល់ រយៈពេលពីរឆ្នាំកន្លះ នៃផែនការយុទ្ធសាស្រ្តអភិវឌ្ឍជាតិ ២០១៩-២០២៣។ ជំពូកនេះបានលើកឡើងនូវបណ្ដាវិធានការណ៍គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា តាមវិស័យសម្រាប់ដោះស្រាយបញ្ហាប្រឈម និងវិបត្តិនានា ដែលជួបប្រទះនៅក្នុងពាក់កណ្ដាលអាណិតកន្លងទៅ និងរំពឹងថានឹងបន្តកើតមានបន្តនៅរយៈពេលពាក់កណ្តាលអាណិតបន្ទាប់។ វិធានការណ៍ទាំងនេះ នឹងរួមទាំងការដោះស្រាយនិងជំរុញកំណើនសេដ្ឋកិច្ចបន្ទាប់ពីការរីរាលដាលនៃកូវីដ-១៩។

 

ជំពូកទី៥ បង្ហាញពី ការប៉ាន់ស្មាននៃតម្រូវការធនធានវិនិយោគសម្រាប់ការ ធ្វើឱ្យសម្រេចបាននូវចំណុចដៅទាំងឡាយរបស់ ផ.យ.អ.ជ. ២០១៩-២០២៣។

ជំពូកទី៦ គឺជាការបង្ហាញពីក្របខ័ណ្ឌនៃការតាមដានត្រួតពិនិត្យ និងវាយតម្លៃ ដោយផ្អែកលើមូលដ្ឋានលទ្ធផលនៃការអនុវត្ត ផ.យ.អ.ជ. ២០១៩-២០២៣។

 

ជំពូកទី៧ គឺជាបង្ហាញនូវសេចក្តីសន្និដ្ឋានរួមយ៉ាងទូលំទូលាយមួយលើការ អនុវត្តផែនការទាំងមូល ក្នុងរយៈពេលពីរឆ្នាំកន្លះនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here