កម្ពុជាផ្សព្វផ្សាយគោលដៅទេសចរណ៍និងវប្បធម៌កម្ពុជា នៅក្នុងពិព័រណ៍ទេសចរណ៍អន្តរជាតិ នៅទីក្រុងហូជីមិញ

0

ដោយ៖ សហការី

វៀតណាម៖ ក្រសួងទេសចរណ៍ សហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំកម្មវិធី “រាត្រីកម្ពុជាឆ្នាំ២០២២ – Cambodia Night 2022” រាត្រីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ ដើម្បីចូលរួមផ្សព្វផ្សាយគោលដៅទេសចរណ៍ និងវប្បធម៌យ៉ាងពិសេសរបស់កម្ពុជា នាឱកាសពិព័រណ៍ទេសចរណ៍អន្តរជាតិ (ITE-HCMC 2022) នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម។

កម្មវិធីនេះធ្វើឡើងក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា និងមានការចូលរួមពីលោក ង្វៀន វ៉ាន់ហ៊ុង (Nguyen Van Hung) រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម លោក ថេយ៍ ឱង (Htay Aung) រដ្ឋមន្ត្រីក្រសួងសណ្ឋាគារ និងទេសចរណ៍មីយ៉ាន់ម៉ា លោក អូណេថូអួង ខៅផាញ់ (Ounethoouang Khaophanh) អនុរដ្ឋមន្ត្រីក្រសួងព័ត៌មាន វប្បធម៌ និងទេសចរណ៍ឡាវ គណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ អគ្គកុងស៊ុល ស្ថានទូតនៃបណ្តាប្រទេសអាស៊ាន អ្នកលក់ អ្នកទិញ និងអ្នកសារព័ត៌មានជាតិ-អន្តរជាតិ ផ្នែកឯកជនពាក់ព័ន្ធ សមាគមទេសចរណ៍ ក្រុមហ៊ុនទីភ្នាក់ងារទេសចរណ៍កម្ពុជានិងវៀតណាម និងភ្ញៀវកិត្តិយសជាតិ-អន្តរជាតិប្រមាណជាង៤០០នាក់។

លោករដ្ឋមន្ត្រី ថោង ខុន បានឱ្យដឹងថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកីឡាអាស៊ីអាគ្នេយ៍ (SEA GAMES) លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ក្រោមប្រធានបទ “កីឡា៖ រស់ក្នុងសន្តិភាព”។ ដូច្នេះរាត្រីកម្ពុជានាពេលនេះរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា និងលើកកម្ពស់កិច្ចសហប្រតិបត្តិការទេសចរណ៍កម្ពុជា-វៀតណាម ដែលជាទីផ្សារផ្ទៃក្នុងអាស៊ានដ៏មានសក្ដានុពល។ ឆ្នាំនេះគឺជាលើកទី១៦ ដែលក្រសួងទេសចរណ៍កម្ពុជាបានចូលរួមគាំទ្រ និងសហការនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិនេះ រួមជាមួយការរៀបចំ “រាត្រីកម្ពុជា”។

លោកបានបន្តថា បន្ទាប់ពីការប្រកាសបើកឡើងវិញនៃវិស័យទេសចរណ៍កម្ពុជា កាលពីខែវិច្ឆិកា ឆ្នាំ២០២១ រួមជាមួយការអនុវត្តតាមចក្ខុវិស័យផែនទីចង្អុលផ្លូវ ស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍ ក្នុង និងក្រោយវិបត្តិកូវីដ-១៩ ឆ្នាំ២០២០-២០២៥ និងគោលនយោបាយជំរុញចលនាទេសចរផ្ទៃ ក្នុងឆ្នាំ២០២១-២០២៣ ផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី និងខេត្តសៀមរាបឆ្នាំ២០២១-២០៣៥ កំណើនទេសចរអន្តរជាតិមកកម្ពុជារយៈពេល៨ខែដើមឆ្នាំ២០២២ មានចំនួនជិត១លាននាក់ កើនឡើង៥៨០% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២១។

ទេសចរផ្ទៃក្នុងធ្វើដំណើរកម្សាន្ដទូទាំងប្រទេសជាង៨,៥លាននាក់ កើនឡើង២៤៥% ក្នុងនោះទេសចរជាតិជាង៧,៦លាននាក់ កើនឡើង២២៦% និងទេសចរបរទេសផ្ទៃក្នុងជាង៨៧ម៉ឺននាក់ កើនឡើង២៥៣% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២១។ យោងស្ថានភាពទេសចរណ៍បច្ចុប្បន្ន កម្ពុជារំពឹងថានឹងទទួលបានទេសចរអន្តរជាតិពីចន្លោះ១,៥លានទៅ២លាននាក់ ក្នុងឆ្នាំ២០២២។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា តាមរយៈការចូលរួមនិងផ្សព្វផ្សាយក្នុងព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិ ITE-HCMC និងការរៀបចំរាត្រីកម្ពុជាឆ្នាំ២០២២ នឹងជួយទាក់ទាញកំណើនទេសចរ និងវិនិយោគិនវៀតណាមកាន់តែច្រើនមកទស្សនា ស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជា ក្នុងដំណាក់កាលនៃការស្តារឡើងវិញនៃវិស័យទេសចរណ៍ ក្រោយវិបត្តិជំងឺកូវីដ១៩។

លោក ថោង ខុន ក៏បានប្រកាសអញ្ជើញភ្ញៀវកិត្តិយសចូលរួម ក្នុងព្រឹត្តិការណ៍ពិព័រណ៍ Cambodia Biz Fair ចាប់ពីថ្ងៃទី៥-៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ និងទៅលេងកម្សាន្តនៅឱកាសពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ចាប់ពីថ្ងៃទី៧-៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ ពិធីបុណ្យសមុទ្រលើកទី៩ ស្របជាមួយកិច្ចប្រជុំមហាសន្និបាតក្លឹបឆ្នេរសមុទ្រស្អាតបំផុតលើកសកលលោក ចាប់ពីថ្ងៃទី៩-១៤ ខែធ្នូ ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ និងជំរុញការផ្សព្វផ្សាយ “កម្ពុជាៈ ព្រះរាជាណាចក្រអច្ឆរិយៈ ផ្តល់ភាពកក់ក្តៅ សុវត្ថិភាព ស្អាត និងបៃតង” កាន់តែច្រើនឡើងថែមទៀត។

លោករដ្ឋមន្ត្រីក៏បានជម្រាបដែរថា កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២នេះ រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសអនុញ្ញាតឱ្យជនបរទេស ឬវិនិយោគិនបរទេស និងក្រុមគ្រួសារដែលបានស្នាក់នៅកម្ពុជាចាប់ពី២ឆ្នាំឡើងទៅ អាចដាក់ពាក្យស្នើសុំបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងប្រាសាទកោះកេរសម្រាប់រយៈពេល១ឆ្នាំដោយឥតគិតថ្លៃ៕

LEAVE A REPLY

Please enter your comment!
Please enter your name here