លំហូរទុនវិនិយោគបរទេសនៅក្នុងប្រទេសចិនបង្ហាញសញ្ញាល្អប្រសើរ

0

ដោយ: លាងហួរ

ប៉េកាំង: អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា គម្រោងសំខាន់ៗ ដែលផ្តល់មូលនិធិដោយបរទេស នៅក្នុងប្រទេសចិន កំពុងដំណើរការល្អ ខណៈប្រទេសចិនខិតខំរក្សាស្ថិរភាពការវិនិយោគបរទេស។

លោកស្រី Shu Jueting អ្នកនាំពាក្យរបស់ក្រសួង បានប្រាប់សន្និសីទសារព័ត៌មានមួយថា រហូតមកដល់ពេលនេះ ៦០ភាគរយនៃគម្រោង ដែលបានចាប់ផ្តើមផលិតកម្ម កំពុងដំណើរការពេញលេញ ខណៈជាង៣០ភាគរយនៃគម្រោង ដែលកំពុងសាងសង់បានចាប់ផ្តើមដំណើរការឡើងវិញ។

លោកស្រី Shu បានបន្ថែមទៀតថា ពាក់កណ្តាលនៃគម្រោង ក្នុងដំណាក់កាលដំបូងរបស់ពួកគេ ក៏បានចាប់ផ្តើមការសាងសង់ ឬដំណើរការដោយជោគជ័យផងដែរ។

ទិន្នន័យពីក្រសួងពាណិជ្ជកម្មបានបង្ហាញថា ក្នុងរយៈពេលប្រាំពីរខែដំបូងនៃឆ្នាំនេះ ការវិនិយោគបរទេសពិតប្រាកដនៃគម្រោងធំៗ ជាមួយនឹងការវិនិយោគបរទេសដែលបានចុះកុងត្រាជាង១០០លានដុល្លារអាមេរិក មានចំនួនសរុប៦៦,៨៥ពាន់លានដុល្លារអាមេរិក។

តួលេខនេះបានកើនឡើង៣៥ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ហើយស្មើនឹង៥៣,៩ភាគរយនៃការវិនិយោគបរទេសរបស់ប្រទេសចិន ក្នុងការប្រើប្រាស់ជាក់ស្តែង ក្នុងរយៈពេលដូចគ្នានេះ។

ក្រសួងបានធ្វើការជាមួយអាជ្ញាធរពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ដើម្បីបង្កើតបញ្ជីគម្រោងសំខាន់ៗ ដែលផ្តល់មូលនិធិដោយបរទេស ក្នុងវិស័យផ្សេងៗ រួមទាំង ផលិតកម្មកម្រិតខ្ពស់ និងបច្ចេកវិទ្យាជាន់ខ្ពស់ ដោះស្រាយបញ្ហាចំនួន៦១១ សម្រាប់វិនិយោគិនបរទេស និងបំពេញតម្រូវការសមហេតុផល ទាក់ទងនឹងថវិកា ដីធ្លី និងថាមពល។

នៅដំណាក់កាលបន្ទាប់ វានឹងបង្កើនប្រសិទ្ធភាពសេវាកម្មដំណើរការទាំងមូល និងការធានាគ្រប់ជ្រុងជ្រោយ ដើម្បីលើកកម្ពស់ប្រតិបត្តិការដំបូងនៃគម្រោងធំៗ ដែលផ្តល់មូលនិធិដោយបរទេស៕

LEAVE A REPLY

Please enter your comment!
Please enter your name here