ដោយ: លាងហួរ
ប្រទេសចិន: ប្រធានាធិបតីចិន លោកស៊ី ជីនពីងបានអំពាវនាវឱ្យមានការខិតខំប្រឹងប្រែង ដើម្បីលើកកម្ពស់ការច្នៃប្រឌិតសហគ្រាស និងជំរុញសហគ្រាសធុនតូច និងមធ្យម (SMEs) បន្ថែមទៀតដែលមានឯកទេស និងច្នៃប្រឌិត។
លោកស៊ី ជីនពីង អគ្គលេខាធិការនៃគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនិស្តចិន (CPC) និងជាប្រធានគណៈកម្មាធិការ យោធាមជ្ឈិមបានធ្វើការកត់សម្គាល់ នៅក្នុងលិខិតអបអរសាទរ ទៅកាន់សន្និសីទមួយទាក់ទងនឹងការអភិវឌ្ឍន៍សហគ្រាសទាំងនេះ ដែលបានបើកកាលពីថ្ងៃព្រហស្បតិ៍ ទី៨ ខែកញ្ញានៅទីក្រុងណានជីង ខេត្តជាំងស៊ូ ភាគខាងកើតប្រទេសចិន។
លោកស៊ី ជីនពីង បានហៅសហគ្រាសធុនតូច និងមធ្យមថាជាកម្លាំងដ៏សំខាន់ សម្រាប់ការលើកកម្ពស់ការច្នៃប្រឌិត បង្កើតការងារ និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន លោកបានសម្តែងក្តីសង្ឃឹមថា ក្រុមហ៊ុនឯកទេស និងច្នៃប្រឌិតអាចផ្តោតលើអាជីវកម្ម ចម្បងរបស់ពួកគេ និងខិតខំប្រឹងប្រែង ក្នុងការបណ្តុះជំនាញរបស់ពួកគេ ដើម្បីរួមចំណែកកាន់តែច្រើនក្នុងការធ្វើឱ្យមានស្ថិរភាពឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់ ក៏ដូចជាការជំរុញការអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ច។
លោកស៊ី ជីនពីង បាននិយាយថា រដ្ឋាភិបាលគ្រប់លំដាប់ថ្នាក់គួរតែបង្កើតបរិយាកាសអំណោយផល និងបង្កើនការគាំទ្រ សម្រាប់សហគ្រាសធុនតូច និងមធ្យម ពង្រឹងទំនុកចិត្តរបស់សហគ្រាសក្នុងការអភិវឌ្ឍន៍ លើកទឹកចិត្តសហគ្រាសឱ្យមានភាពច្នៃប្រឌិត និងពង្រឹងការការពារកម្មសិទ្ធិបញ្ញា។
លិខិតរបស់លោកស៊ី ជីនពីង ត្រូវបានអានដោយលោក Liu He ឧបនាយករដ្ឋមន្ត្រីចិន និងជាសមាជិកការិយាល័យនយោបាយ នៃគណៈកម្មាធិការកណ្តាលCPC ដែលបានចូលរួមក្នុងពិធីបើកសន្និសីទ តាមរយៈតំណភ្ជាប់វីដេអូ៕