រដ្ឋាភិបាលជ្រើសរើសក្រុងសៀមរាបដើម្បីរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តី សេដ្ឋកិច្ចអាស៊ាន

0

 ដោយៈ គង់ ម៉ាលីនណា

សៀមរាបៈ កិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធក្នុងឆ្នាំ២០២២ នឹងប្រារពនៅខេត្តសៀមរាប ចាប់ពីថ្ងៃទី១១ ដល់១៨ កញ្ញាខាងមុខនេះ។

ក្រសួងពាណិជ្ជកម្មកម្ពុជា ដែលជាតំណាងជាតិ សម្រាប់ក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ាន នឹងទទួលធ្វើជាម្ចាស់ផ្ទះ​រៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤និងកិច្ចប្រជុំពាក់ព័ន្ធ ដែលនឹងប្រារព្វទ្បើងចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ នៅសណ្ឋាគាររីសត និងមជ្ឈមណ្ឌល សន្និបាតសុខាសៀមរាប ខេត្តសៀមរាប ប្រទេសកម្ពុជា។

កិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ និង​ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ ដែលក្នុងអំឡុងពេលនោះ សម្តេច​​​​​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​កម្ពុជា នឹងផ្តល់​កិត្តិយសដ៏ខ្ពង់ខ្ពស់​ធ្វើជាអធិបតី ក្នុងពិធីបើកនៃកិច្ចប្រជុំនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២។

កិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា -វៀតណាម និង​កិច្ចប្រជុំពិគ្រោះយោបល់ដទៃទៀត រវាងរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និង​ដៃគូសន្ទនាអាស៊ាន នឹងប្រព្រឹត្តទៅ​ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២។

កិច្ចប្រជុំពិគ្រោះយោបល់ រវាងរដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន និង​ដៃគូសន្ទ​នាអាស៊ាន រួមមាន៖ កិច្ចប្រជុំ​ពិគ្រោះ​យោបល់ រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន​និង​ប្រទេស​​​ឥណ្ឌា រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និង​សហព័ន្ធរុស្ស៊ី រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាននិង​ប្រទេស​កាណាដា រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន​ និងប្រទេស​អូស្ត្រាលីនិង​ណូវែល​សេឡង់ រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងសាធារណៈរដ្ឋកូរ៉េ រដ្ឋមន្ត្រី សេដ្ឋកិច្ចអាស៊ាន​និងប្រទេសចិន រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ីបូព៌ា (រដ្ឋមន្ត្រីសេដ្ឋកិច្ច អាស៊ានបូកនឹង៨ប្រទេស) រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​បូក​នឹង​៣ប្រទេស រដ្ឋមន្ត្រីសេដ្ឋកិច្ច​អាស៊ាន​ និង​ហុងកុង​​​​​នៃប្រទេសចិន រដ្ឋមន្ត្រីសេដ្ឋកិច្ច អាស៊ាននិងប្រទេសជប៉ុន រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន និងចក្រភពអង់គ្លេ​ស, រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាននិង សហរដ្ឋអាមេរិក រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាននិង​សហភាពអឺរ៉ុប និងកិច្ចប្រជុំរដ្ឋមន្ត្រី​អាសិប (RCEP)។

កិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និង​កិច្ចប្រជុំពាក់ព័ន្ធនឹងពិភាក្សាលើវឌ្ឍនភាព នៃ​សមាហរណកម្ម​សហគមន៍ សេដ្ឋកិច្ចអាស៊ាន ដែលរួមបញ្ចូលទាំង សមិទ្ធផលសេដ្ឋកិច្ចអាទិភាពរបស់កម្ពុជា ការងើប​ឡើងវិញ​នៃ​សេដ្ឋកិច្ចក្រោយពីជំងឺកូវីដ១៩ ទំនាក់ទំនងសេដ្ឋកិច្ចក្រៅតំបន់របស់អាស៊ាន ការស្នើសុំ​​​​​ចូលជា​សមាជិក​អាស៊ាន របស់ប្រទេសទីម៉រខាងកើត និង​បញ្ហាពហុភាគីនិង​តំបន់ផ្សេងៗទៀត ជាដើម។

ក្រោមមូលបទ “អាស៊ានរួមគ្នាធ្វើ – ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា” (ASEAN A.C.T.: Addressing Challenges Together) កម្ពុជាត្រៀមខ្លួនជាស្រេច ក្នុងការធ្វើការយ៉ាងជិតស្និទ្ធ ជាមួយបណ្តារដ្ឋសមាជិកអាស៊ានទាំងអស់ ដៃគូនានារបស់អាស៊ាន និងលេខាធិការដ្ឋានអាស៊ាន ដើម្បីជំរុញកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងដំណើរការកសាងសហគមន៍សេដ្ឋកិច្ចអាស៊ាន និងពន្លឿនការស្តារសេដ្ឋកិច្ចឡើងវិញ ជំនះរាល់បញ្ហា ដែលអាស៊ានកំពុងប្រឈម និងឆ្ពោះទៅមុខប្រកបដោយ ភាពរឹងមាំ សាមគ្គីភាព និងមិត្តភាព ស្របតាមស្មារតីស្នូលរបស់អាស៊ានគឺ៖ “ចក្ខុវិស័យតែមួយ អត្តសញ្ញាណតែមួយ សហគមន៍តែមួយ”៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here