សម្តេចតេជោផ្តល់អនុសាសន៍ជាធាតុចូល៥ចំណុច ក្នុងវេទិកាភាពជាអ្នកដឹកនាំនិងភាពជាដៃគូអាស៊ាន២០២២

0

ដោយ សុផារី

ភ្នំពេញ: សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តល់នូវទស្សនៈទានចំនួន៥ចំណុច ជាធាតុចូល នៅក្នុងវេទិកាភាពជាអ្នកដឹកនាំ និងភាពជាដៃគូអាស៊ាន ឆ្នាំ២០២២ នៅព្រឹកថ្ងៃទី១២ ខែកញ្ញាឆ្នាំ២០២២នេះ។

សម្តេចតេជោបានលើកទឹកចិត្តឱ្យមានការពិភាក្សាដោយ ត្រង់ទៅត្រង់មក ក្នុងស្មារតីយោគយល់គ្នាទៅវិញទៅមក ដើម្បីអាចទទួលបានលទ្ធផលជាផ្លែផ្កាដ៏ពិតប្រាកដ និងបង្ហាញឱ្យសកលលោកឃើញពីឆន្ទៈក្នុងការបន្តពង្រឹងភាពជាអ្នកដឹកនាំ និងភាពជាដៃគូរបស់អាស៊ាន ដោយយកការសន្ទនាដោយសន្តិវិធីជាយន្តការដោះ ស្រាយបញ្ហា ទោះបីស្ថិតនៅក្នុងបរិការណ៍មួយ ដែលច្របូកច្របល់ និងមានការធ្លាក់ចុះ នៃការជឿទុកចិត្តគ្នាទៅវិញទៅមកយ៉ាងណាក៏ដោយ។

ដើម្បីជាធាតុចូលបន្ថែម សម្រាប់កិច្ចពិភាក្សា ក្នុងវេទិកានាសម្តេចតេជោបានចូលរួមផ្តល់យោបល់ផ្ទាល់ខ្លួនមួយចំនួន ដូចខាងក្រោម:

ទី១. ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច មិនអាចសម្រេចបានឡើយ ដរាបណាមិនមាន ស្ថិរភាព និងសុខសន្តិភាពពេញលេញ ក្នុងន័យនេះ អាស៊ាន ត្រូវបញ្ចៀសឱ្យ បាននូវភ្លើងសង្គ្រាមដែលគ្មានអ្នកឈ្នះ និងអ្នកចាញ់ ប៉ុន្តែមានតែការវិនាស ហិនហោច និងការបាត់បង់អាយុជីវិតរបស់ប្រជាជនកម្ពុជា ដែលជាប្រទេស ធ្លាប់បានឆ្លងកាត់ប្រវត្តិជូរចត់ជាច្រើន ដោយសារភ្លើងសង្គ្រាម សូមក្រើនរំលឹក យ៉ាងទទូចថា ការដោះស្រាយជម្លោះដោយសន្តិវិធីប្រកបដោយស្មារតីយោគយល់ គ្នាទៅវិញទៅមក និងការកំណត់សុខុមាលភាពប្រជាជនជាអាទិភាពចម្បង បំផុត គឺជានយោបាយឈ្នះ-ឈ្នះ នាំទៅរកសុខសន្តិភាព និងវិបុលភាពយ៉ាង ពិតប្រាកដ។

ទី២. ក្នុងបរិការណ៍ដែលការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយ កំពុងតែមាន ភាពក្ដៅគគុក អាស៊ាន ត្រូវធ្វើខ្លួនជាតំបន់គំរូនិងត្រូវរួមគ្នាធានាឱ្យបាននូវ សុខសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ តាមរយៈការពង្រឹងឯកភាព និងមជ្ឈភាពអាស៊ាន និងការប្រកាន់ខ្ជាប់ជានិច្ចនូវភាពជាដៃគូ និងយន្តការ ពហុភាគីនិយមក្នុងការដោះស្រាយបញ្ហាប្រឈមនានា។ បន្ថែមលើនេះ អាស៊ាន ក៏ត្រូវប្រកាន់ខ្ជាប់នូវភាពជាកណ្ដាល និងដើរតួនាទីជាវេទិការួមមួយសម្រាប់ ការសន្ទនា និងកិច្ចសហប្រតិបត្តិការជាមួយនឹងការពង្រឹងនិម្មាបនកម្មតំបន់ ដែលមានលក្ខណៈបើកចំហ តម្លាភាព បរិយាបន្ន និងយកច្បាប់ជាគោល។

ទី៣. ដើម្បីសម្រេចបាននូវការងើបឡើងវិញនៃសេដ្ឋកិច្ច ប្រកបដោយចីរភាព និង បរិយាបន្ន យើងត្រូវបន្តជំរុញការធ្វើសមាហរណកម្មសេដ្ឋកិច្ច និងប្រែក្លាយ តំបន់អាស៊ានឱ្យទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងការវិនិយោគប្រកបដោយ ភាពទាក់ទាញ និងជវភាព ជាពិសេសតាមរយៈ ការដោះស្រាយបញ្ហារបាំងពន្ធ និងមិនមែនពន្ធ និងការផ្ដល់នូវការគាំទ្រឱ្យគ្នាទៅវិញទៅមក ដើម្បីពន្លឿនការអនុវត្ត និងទាញយកប្រយោជន៍ឱ្យអស់លទ្ធភាពពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ជាពិសេស កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (RCEP) ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំបំផុតក្នុងប្រវ សកលលោក។

ទី៤. អាស៊ាន ត្រូវយកចិត្តដាក់ជាពិសេសលើការលើកកម្ពស់សន្តិសុខសេដ្ឋកិច្ច សំដៅ បំពេញរាល់តម្រូវការចាំបាច់របស់ប្រជាជន និងធានាការទទួលបាននូវផល ប្រយោជន៍ប្រកបដោយបរិយាបន្ន និងសមធម៌ ពីកំណើនសេដ្ឋកិច្ចក្នុងប្រទេស និងក្នុងតំបន់ តាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ ការពង្រឹង សហគ្រិនភាព និងផ្ដល់ការគាំទ្រដល់សហគ្រាសធុនមីក្រូ តូច និង មធ្យម ការពង្រឹងវិស័យអប់រំសុខាភិបាល និងកិច្ចគាំពារសង្គមការកាត់បន្ថយគម្លាត នៃការអភិវឌ្ឍ ការបង្កើតការងារ និងកាត់បន្ថយវិសមភាពប្រាក់ចំណូល និងការ ធានាសន្តិសុខស្បៀង។

ទី៥. អាស៊ាន ត្រូវសម្លឹងឆ្ពោះទៅមុខ និងរួមគ្នាទាញយកផលប្រយោជន៍ឱ្យបានជា អតិបរមាពីសក្តានុពល និងកាលានុវត្តភាពដែលកើតចេញពីនិន្នាការសកល ដូចជា សេដ្ឋកិច្ចវិលជុំ សេដ្ឋកិច្ចបៃតង និងជាពិសេស ការធ្វើឌីជីថលូបនីយកម្ម ដែលនឹងក្លាយជាកម្លាំងចលករតន្លឹះ ក្នុងការលើកកម្ពស់ការតភ្ជាប់គ្រប់វិស័យ ទាំងផ្នែកសង្គម-សេដ្ឋកិច្ច ការវិនិយោគ ពាណិជ្ជកម្ម និងនយោបាយ ក៏ដូចជា ការរួមគ្នាឆ្លើយតបទៅនឹងបញ្ហាប្រឈមនានា ដូចជាការប្រែប្រួលអាកាសធាតុឱ្យបានយ៉ាងឆាប់រហ័ស ស្របតាមមូលបទរបស់យើងក្នុងថ្ងៃនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here