សម្តេចតេជោ៖ កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើជាម្ចាស់ផ្ទះសម្រាប់តំបន់សេដ្ឋកិច្ចបៃតងដំបូងគេបង្អស់

0

ដោយ៖ សុផារី

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងគាំទ្រគំនិតផ្តួចផ្តើម ក្នុងការបង្កើតឡើងនូវតំបន់សេដ្ឋកិច្ច ឬ វិនិយោគបៃតង និងបានបញ្ជាក់ថា ប្រទេសកម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើជាម្ចាស់ផ្ទះ សម្រាប់តំបន់សេដ្ឋកិច្ចបៃតងដំបូងគេបង្អស់។

ការប្រកាសនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាប្រធានអាស៊ាន អញ្ជើញជាអធិបតីក្នុងពិធីបើកវេទិកាភាពជាអ្នកដឹកនាំ និងភាពជាដៃគូអាស៊ានឆ្នាំ២០២២ (ASEAN LEADERSHIP AND PARTNERSHIP FORUM)។

ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ ដែលបានប្រព្រឹត្តទៅនាពេលថ្មីៗនេះ សម្តេចតេជោបានស្នើបង្កើតឡើងនូវក្របខ័ណ្ឌកិច្ចព្រមព្រៀងបៃតងអាស៊ាន (ASEAN Green Deal) ដែលអាចអនុញ្ញាតឱ្យតំបន់របស់យើង ធ្វើអន្តរកាលជាបណ្តើរៗ ទៅជាសហគមន៍ ដែលមានចីរភាព ប្រសិទ្ធភាពប្រើប្រាស់ធនធាន និងភាពធន់។

សម្តេចតេជោបន្តថា “ឈរលើស្មារតីនេះ ខ្ញុំសូមស្វាគមន៍នូវគំនិតផ្តួចផ្តើមរបស់វិទ្យាស្ថានយុទ្ធសាស្ត្រដើម្បីអាស៊ីប៉ាស៊ីហ្វីក និងវិទ្យាស្ថានចក្ខុវិស័យអាស៊ី ក្នុងការបង្កើតឡើងនូវ “តំបន់សេដ្ឋកិច្ច ឬ វិនិយោគបៃតង (Green Economic or Investment Zone)” ជាមួយនឹងការដាក់ឱ្យចូលធរមាននូវច្បាប់ស្ដីពីវិនិយោគថ្មី នាពេលថ្មីៗកន្លងទៅនេះ កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើជាម្ចាស់ផ្ទះ សម្រាប់តំបន់សេដ្ឋកិច្ចបៃតងដំបូងគេបង្អស់”។

សម្តេចបានថ្លែងបន្តថា សម្តេចគាំទ្រការបង្កើតឡើងនូវ មូលនិធិអភិវឌ្ឍន៍ សេដ្ឋកិច្ចកម្ពុជា (Cambodia Economic Development Fund) ដែលនឹងចូលរួមចំណែក ក្នុងបរិវត្តកម្មឌីជីថល និងការអភិវឌ្ឍបញ្ញាសិប្បនិម្មិត(AI) និងបំពាក់នូវជំនាញ និងឧបករណ៍ ចាំបាច់ដល់កម្លាំងពលកម្មកម្ពុជាក្នុងសម័យបដិវត្តន៍ឧស្សាហកម្មទី៤នេះ៕

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here