ដោយ៖ សហការី
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ាន នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២នេះ បានថ្លែងលើកឡើងពីស្ថានភាពសង្គម-សេដ្ឋកិច្ចបច្ចុប្បន្ន ក្នុងតំបន់អាស៊ាន ក៏ដូចជាសកលលោកទាំងមូលថា នៅតែមានភាពផុយស្រួយ និងងាយបែកខ្ញែក។
មានភាពផុយស្រួយ និងងាយបែកខ្ញែក ដោយសារតែការកើតមានសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បាននិងកំពុងបន្តអូសបន្លាយកាន់តែយូរ បង្កឲ្យមានការកើនឡើងនូវភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចពិភពលោក និងការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយ ដែលបន្តចោទជាបញ្ហា និងហានិភ័យដល់ស្ថិរភាព និងវិបុលភាព ក្នុងតំបន់ និងសកល។
-->
ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន យ៉ាងដូច្នេះធ្វើឡើងក្នុងឱកាសអញ្ជើញ បើកវេទិកាភាពជាអ្នកដឹកនាំ និង ភាពជាដៃគូអាស៊ាន ឆ្នាំ២០២២ ក្រោមប្រធានបទ “ភាពជាដៃគូសម្រាប់អាស៊ានដែលមានភាពស្អិតរមួត និងឆ្លើយតបរហ័ស”។

សម្តេចតេជោបានថ្លែងថា យើងទាំងអស់គ្នាពិតជាមានមោទកភាព ដែលនៅក្នុងដំណើរដ៏វែងឆ្ងាយរយៈពេល ៥៥ឆ្នាំកន្លងមកនេះ អាស៊ានបានក្លាយជាសហគមន៍មួយ ដែលជារួមពោរពេញដោយសន្តិភាព សន្តិសុខ ស្ថិរភាព ជីវភាព និងវិបុលភាព ឬជាការពិតស្របពេលដែលអាស៊ាន បាន និងកំពុងងើបចេញពីវិបត្តិនៃជំងឺកូវីដ-១៩ ឆ្ពោះទៅរកកំណើនប្រកប ដោយចីរភាពឡើងវិញ ស្ថានភាពសង្គម-សេដ្ឋកិច្ចបច្ចុប្បន្ន ក្នុងតំបន់អាស៊ាន ក៏ដូចជាសកលលោកទាំងមូល នៅតែមានភាពផុយស្រួយ និងងាយបែកខ្ញែក។
សម្តេចតេជោបន្តថា ការបន្តអូសបន្លាយនៃសង្គ្រាមរុស្ស៉ី-អ៊ុយក្រែន បានបន្ទច់បង្អាក់ការស្ដារសង្គម-សេដ្ឋកិច្ចឡើងវិញ តាមរយៈការបង្កឱ្យមានការកើនឡើងនៃសម្ពាធអតិផរណា និងការកកស្ទះប្រព័ន្ធដឹកជញ្ចូន និងខ្សែច្រវាក់ផ្គត់ផ្គង់សកល កាន់តែធ្ងន់ធ្ងរ ជាពិសេសនៅក្នុងវិស័យទំនិញម្ហូបអាហារ។ ទន្ទឹមគ្នានេះ ភាពតានតឹង នៃការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយ នៅក្នុងតំបន់យុទ្ធសាស្ត្រមួយចំនួន រួមទាំងក្នុងទ្វីបអាស៊ីផងដែរនោះ ក៏នឹងបន្តចោទជាបញ្ហា និងហានិភ័យដល់ស្ថិរភាព និងវិបុលភាព ក្នុងតំបន់ និងសកល។
សម្តេចបានថ្លែងទៀតថា “បញ្ហាប្រឈមទាំងនេះ បានឆ្លុះបញ្ចាំងឱ្យឃើញពីភាពមានកម្រិតនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការជឿទុកចិត្តគ្នាទៅវិញទៅមក ដែលការណ៍នេះទាមទារឱ្យមានការ ប្តេជ្ញាចិត្តយ៉ាងខ្លាំងក្លាឡើងវិញ ក្នុងការបង្កើតភាពជាដៃគូយ៉ាងស្អិតរមួត ប្រកបដោយភាពទូលំទូលាយ ទាំងក្នុងក្របខណ្ឌតំបន់ និងសកល […] នៅក្នុងក្របខណ្ឌតំបន់អាស៊ាន ភាពជាអ្នកដឹកនាំ និងភាពជាដៃគូ គឺជាកត្តាចម្បង ដែលបានធ្វើឱ្យយើងអាចជម្នះគ្រប់ឧបសគ្គ និងប្រែក្លាយតំបន់អាស៊ាន ឱ្យទៅជាតំបន់មួយលេចធ្លោ និងមានការរីកចម្រើនលើគ្រប់វិស័យ”។

សម្តេចតេជោបន្ថែមថា “ស្ថិតក្នុងស្ថានភាពសង្គម-សេដ្ឋកិច្ចបច្ចុប្បន្ន យើងមិនត្រឹមតែមិនត្រូវបែកបាក់សាមគ្គីភាពប៉ុណ្ណោះទេ តែផ្ទុយទៅវិញ យើងត្រូវពង្រឹងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស្អិតរមួត ថែមទៀត ស្របតាមមូលបទ “អាស៊ានរួមគ្នាធ្វើ-ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា” ដែលកម្ពុជាបានកំណត់ក្នុងនាមជាប្រធានអាស៊ាន ក្នុងឆ្នាំ២០២២នេះ ដើម្បីបន្តរក្សាភាពរីកចម្រើនទៅមុខឆ្ពោះទៅរកអនាគតភ្លឺស្វាង និងវិបុលភាពរួម”។
សម្តេចតេជោ ហ៊ុន សែន បន្តថា ក្នុងនាមជាប្រធានអាស៊ាន ក្នុងឆ្នាំ២០២២នេះ កម្ពុជាបាននិងកំពុងចូលរួមយ៉ាង សកម្មក្នុងការពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ ក្នុងគ្រប់ទម្រង់ និងគ្រប់វិស័យទាំងផ្នែកសង្គម-សេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ និងនយោបាយ ជាមួយប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ និងសហគមន៍អន្តរជាតិ ទាំងក្នុងក្របខណ្ឌប្រទេស និងតំបន់ ជាពិសេសតាមរយៈ ការរៀបចំវេទិកាសន្ទនា ដែលមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ៕