ដោយៈ សុខុម
ភ្នំពេញ: ទំហំពាណិជ្ជកម្មអន្តរជាតិសរុបរបស់កម្ពុជា បានឈានដល់៣៧,៤ពាន់លានដុល្លារអាមេរិក អំឡុងពេលពីខែមករា ដល់ខែសីហា ឆ្នាំ២០២២ ដោយសម្រេចបានកំណើន២១,៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ ចេញផ្សាយកាលពីថ្ងៃច័ន្ទ ទី១២ ខែកញ្ញា បង្ហាញថា ប្រទេសចិន នៅតែជាដៃគូពាណិជ្ជកម្មធំបំផុតរបស់កម្ពុជា បន្ទាប់មកគឺសហរដ្ឋអាមេរិក វៀតណាម ថៃ និងសិង្ហបុរី។
-->

ផលិតផលសំខាន់ៗដែលកម្ពុជា នាំចេញទៅប្រទេសចិន មានដូចជា អង្ករ ចេក ស្វាយ ដំឡូងមី ផលនេសាទ និងសំលៀកបំពាក់ ខណៈកម្ពុជា នាំចូលពីប្រទេសចិន ភាគច្រើនជាវត្ថុធាតុដើមសម្រាប់កាត់ដេរ ស្បែកជើង និងផលិតផលធ្វើដំណើរ គ្រឿងចក្រ យានជំនិះ គ្រឿងឧបភោគបរិភោគ គ្រឿងអេឡិចត្រូនិច និងថ្នាំពេទ្យជាដើម។
លោកប៉ែន សុវីជាតិ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអ្នកនាំពាក្យក្រសួងនេះមានប្រសាសន៍ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី “ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់” (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) ដែលទាំង២នេះ សុទ្ធតែបានចូលជាធរមានក្នុងខែមករា ដើមឆ្នាំនេះ បានរួមចំណែកដល់កំណើននេះ។
លោកបានថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មានចិន Xinhua ថា “ប្រទេសចិន គឺជាទីផ្សារដ៏ធំមួយសម្រាប់កម្ពុជា ជាពិសេសសម្រាប់ផលិតផលកសិកម្មដ៏មានសក្តានុពលរបស់យើង ហើយទោះបីជាមានផលប៉ះពាល់ ដោយសារវិបត្តិកូវីដ-១៩ យ៉ាងណាក្ដី ក៏ទំហំពាណិជ្ជកម្មទ្វេភាគីរបស់យើងនៅតែបន្តកើនឡើងជាលំដាប់”៕ Xinhua៕
