ក្រសួងកំពុងសាកល្បងប្រើម៉ាស៊ីនទំនើបជំនួសមនុស្សក្នុងការចូលលូលើកដំបូងក្នុងប្រទេសកម្ពុជា

0

ដោយ៖ សុផារី

សៀមរាប ៖ ​ក្រសួងសាធារណការ និងដឹកជញ្ជូន បាននិងកំពុងសាកល្បងប្រើម៉ាស៊ីនទំនើប ក្នុងការពិនិត្យលូទឹកកខ្វក់ និងលូទឹកភ្លៀង នៅក្នុងក្រុងសៀមរាប ដែលម៉ាស៊ីននេះនឹងបង្កភាពងាយស្រួល ដល់មន្រ្តីជំនាញក្នុងការត្រួតពិនិត្យប្រព័ន្ធលូនានា។

ក្នុងឱកាសចុះពិនិត្យមើលស្ថានភាពច្រាំងស្ទឹងសៀមរាប និងបណ្តាញលូទឹកភ្លៀង លូទឹកកខ្វក់ នៅក្នុងក្រុងសៀមរាប នៅថ្ងៃទី១៣ ខែកញ្ញានេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា ម៉ាស៊ីនត្រួតពិនិត្យកាកសំណល់កខ្វក់ក្នុងលូដ៏ទំនើបនេះ អាចបញ្ជាបានប្រវែង២០០ម៉ែត្រចូលក្នុងលូ ដោយលូទឹកភ្លៀងដាក់កង់ធំ ហើយលូទឹកកខ្វក់ ប្រើកង់តូច។ ក្រោយពេលដាក់ម៉ាស៊ីនចូលក្នុងលូហើយ ម៉ាស៊ីននោះវាបានបង្ហាញ កាកសំណល់នៅក្នុងលូ ព្រមទាំងមើលឃើញកន្លែងអ្នកលួចចោះលូផងដែរ ដោយបង្ហាញឱ្យឃើញតាមរយៈនៅលើអេក្រង់អាយផេត។​

លោកបានបន្ដថា “ឧបករណ៍ម៉ាស៊ីនទំនើបនេះ មានប្រើលើកដំបូងនៅ ក្នុងប្រទេសកម្ពុជា មានអត្ថប្រយោជន៍ជាច្រើនសម្រាប់ការពិនិត្យមើលក្នុងលូ ដែលបានជំនួស កម្លាំងមនុស្សចូលក្នុងលូ។ នៅពេលម៉ាស៊ីននេះបង្ហាញពីកាកសំណល់នៅក្នុងលូ ដែលធ្វើឱ្យមានការកកស្ទះ ហើយយើងក៏មានរថយន្ដបាញ់លាងកាកសំណល់ក្នុងលូ បានយ៉ាងល្អ ដោយប្រើទុយយោបូបទឹកចេញពីក្នុងលូផងដែរ”។​

លោកបន្ថែមថា “នៅក្នុងពេលសាកល្បងនេះ ឃើញថា នៅក្នុងលូនៅតាម ទីតាំង មួយចំនួនត្រូវបានប្រជាពលរដ្ឋចាក់កាកសំណល់ខ្លាញ់ចូល ការដាំសណ្តែកធ្លាក់ចូលលូ កន្លែងខ្លះក៏មានការលួចភ្ជាប់បណ្តាញលូដោយមិនមានការអនុញ្ញាតជាដើម ដែលទង្វើបែបនេះ បានធ្វើឱ្យស្ទះដល់លំហូរទឹកពេលមានភ្លៀងធ្លាក់ម្តងៗ”។

​            លោកទេសរដ្ឋមន្ត្រីក៏បានទទូចសុំដល់ប្រជាពលរដ្ឋទាំង អស់ឱ្យចូលរួមថែរក្សាសមិទ្ធផលប្រវត្តិសាស្រ្តនេះ និងជួយសម្អាតឱ្យបានស្អាតផង។ លោកថា “មុខផ្ទះយើងបើយើងមិនសម្អាត តើឱ្យអ្នកណា មកសម្អាត?”។

កាលពីចុងឆ្នាំ២០២០ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានទម្លាក់កញ្ចប់ថវិកាជាតិប្រមាណ១៥០លានដុល្លារអាមេរិក ដើម្បីលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ និងប្រព័ន្ធលូទឹកភ្លៀង ទឹកកខ្វក់ ក្នុងក្រុងសៀមរាប រួមជាមួយនឹងការកែលម្អសោភណភាពដងស្ទឹងសៀមរាបផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here